អានតួអត្ថបទ

តេស្តសារធាតុញៀន៖នគរបាល១០នាក់ទៀត ត្រូវបានបណ្តេញចេញ

មិនទាន់អស់នោះទេ មន្រ្តីនគរបាលជាតិចំនួន១០រូប នឹងត្រូវបណ្ដេញចេញក្នុងសប្ដាហ៍ទី១ខែមករាឆ្នាំ២០២៤នេះ ក្រោយរកឃើញថាមានផ្ទុកសារធាតុញៀន។ នេះបើតាមការគូសបញ្ជាក់ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រទី៥មករានេះ។ 

រូបតំណាង
រូបតំណាង © FB/ស្នងការនគរបាលខេត្តត្បូងឃ្មុំ
ផ្សាយពាណិជ្ជកម្ម

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ នគរបាលទាំង១០នាក់ ដែលមានផ្ទុកសារធាតុញៀននេះ រួមមាន ១នាក់ពីនាយកដ្ឋានព្រំដែនទឹក ២នាក់ពីស្នងការនគរបាលរាជធានីភ្នំពេញ ៣នាក់ពីស្នងការនគរបាលខេត្តត្បូងឃ្មុំ ២នាក់ពីស្នងការនគរបាលខេត្តស្ទឹងត្រែង ១នាក់ពីស្នងការនគរបាលខេត្តកំពង់ស្ពឺ និង១នាក់ទៀតពីនាយកដ្ឋានសន្តិសុខឯកជន។

ដោយឡែកតាមការគូសបញ្ជាក់របស់លោកទូច សុខៈ ឋានន្តរស័ក្តិរបស់មន្រ្តីនគរបាលមានផ្ទុកសារធាតុញៀនទាំង១០នាក់នេះ ខ្ពស់បំផុតគឺត្រឹមអនុសេនីយ៍ឯកពាក់ស័ក្តិ៣ប៉ុណ្ណោះ។ ការរកឃើញនេះ ធ្វើឡើងក្រោមយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ក្នុងចំណោមកងកម្លាំងនគរបាលជាតិ រាប់ទាំងប៉ុស្តិ៍នគរបាលទូទាំងប្រទេសនាពេលកន្លងមក។

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះដដែល យុទ្ធនាការតេស្តរកសារធាតុញៀននេះនៅតែបន្តប្រព្រឹត្តនៅតាមអង្គភាពមួយចំនួនទៀត ជាដំណាក់កាលៗផងដែរ។

គួររម្លឹកថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានប្ដេជ្ញាក្នុងការបណ្ដេញចេញយ៉ាងដាច់ខាតនូវរាល់មន្រ្តីកងកម្លាំងណា ដែលមានផ្ទុកសារធាតុញៀន ឬពាក់ព័ន្ធសារធាតុញៀននេះ។ ក្រោមយុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះ ក្រសួងមហាផ្ទៃក៏ធ្លាប់បានបណ្ដេញមន្រ្តីនគរបាលខេត្តព្រៃវែង១១នាក់កាលពីខែធ្នូឆ្នាំ២០២៣ផងដែរ។

សូមបញ្ជាក់ថា នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានដាក់បញ្ជាឲ្យក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិ បណ្ដេញចេញកងកម្លាំងប្រដាប់អាវុធឬកងកម្លាំងទាហានណា ដែលរកឃើញថាផ្ទុកសារធាតុញៀន ដោយសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀនគួរត្រូវបានដោះស្រាយផ្ដើមចេញពីអ្នកអនុវត្តច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ