អានតួអត្ថបទ

ក្រសួងមហាផ្ទៃបណ្តេញមន្រ្តីនគរបាល១១នាក់ដែលប្រើប្រាស់គ្រឿងញៀន

ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ខែធ្នូ បានសម្រេចដកមន្រ្តីនគរបាលខេត្តព្រៃវែងសរុប១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយរកថាមន្រ្តីទាំងនោះបានប្រើប្រាស់គ្រឿងញៀន។ តាមក្រសួងមហាផ្ទៃ នៅមានមន្រ្តីមួយចំនួនទៀតត្រូវបានរកឃើញមានសារធាតុញៀន ដែលក្រសួងនឹងដកអ្នកទាំងនោះចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ដូចគ្នា។ 

កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង គោរពទង់ជាតិ នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣
កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង គោរពទង់ជាតិ នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ © FB/ស្នងការនគរបាលខេត្តព្រៃវែង
ផ្សាយពាណិជ្ជកម្ម

ជាការកត់សម្គាល់ ការសម្រេចបណ្ដេញចេញពីក្របខ័ណ្ឌនូវមន្រ្តីនគរបាលខេត្តព្រៃវែងសរុប១១នាក់ នៅថ្ងៃទី២២ធ្នូ ធ្វើឡើងក្រោយស្នងការនគរបាលខេត្តព្រៃវែង ក៏បានប្រកាសរកឃើញមន្រ្តីក្រោមចំណុះប្រើប្រាស់សារធាតុញៀនចំនួន១១នាក់ដូចគ្នា កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០២៣។ 

ការរកឃើញនេះ ធ្វើឡើងក្រោយការបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីប៉ូលីសទូទាំងខេត្ត ចាប់ពីថ្ងៃទី៩ខែតុលាមក។ ក្រោយមក មន្រ្តីនគរបាលទាំង១១នាក់នេះ ក៏ត្រូវបានបញ្ជូនទៅបន្សាបគ្រឿងញៀន នៅមណ្ឌលស្ដារនីតិសម្បទា ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នេះតាមសេចក្ដីប្រកាសរបស់ស្នងការនគរបាលខេត្តព្រៃវែង។  

ក្នុងពេលជាមួយគ្នានេះ នគរបាលប្រឆាំងគ្រឿងញៀនចំនួន១៥នាក់ ក៏ត្រូវបានព្យួរការងារផងដែរ ក្រោមមូលហេតុថា អ្នកទាំងនោះបានល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ យ៉ាងណា ជាការល្មើសវិន័យដោយសារការជាប់ពាក់ព័ន្ធគ្រឿងញៀន ឬល្មើសវិន័យត្រង់ប្រការណានោះ មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ។

សូមជម្រាបថា យុទ្ធនាការធ្វើតេស្តររកសារធាតុញៀនពីមន្រ្តីប៉ូលីស កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសនេះ ត្រូវបានធ្វើឡើងខណៈដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បង្ហាញពីមហិច្ឆតាចង់កាត់បន្ថយបទល្មើសគ្រឿងញៀនឲ្យបាន២០ទៅ៣០%។ ក្នុងនោះ ក្រសួងមហាផ្ទៃ ក៏បានអះអាងពីយុទ្ធនាការពិនិត្យរកសារធាតុញៀនពីមន្រ្តីពន្ធនាគារ ក៏ដូចជាជនជាប់ឃុំដែលសង្ស័យប្រើប្រាស់គ្រឿងញៀន។

ចំណែក នៅក្នុងពិធីសម្ពោធមណ្ឌលស្ដារនីតិសម្បទាក្នុងក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៨ធ្នូថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស សុខា ក៏បានអំពាវនាវឲ្យមន្រ្តីស៊ីវិលដែលកំពុងប្រើប្រាស់សារធាតុញៀន ផ្សេងទៀត ភ្ញាក់ខ្លួនបញ្ឈប់ជាបន្ទាន់ដូចគ្នា បើទោះបីមិនទាន់មានគោលការណ៍ផ្លូវការបណ្ដេញចេញពួកគេពីក្របខ័ណ្ឌក៏ដោយ។

នៅក្នុងបញ្ហានេះ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែតបានថ្លែងនៅក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងបរិស្ថាននៅថ្ងៃទី២១ខែធ្នូថា ចំពោះជនបរទេសដែលរកឃើញថាជួញដូរគ្រឿងញៀនវិញ គឺត្រូវបណ្ដេញចេញពីប្រទេសតែម្ដង ក្រោយការអនុវត្តទោសរួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ