អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

សមាគមកាត់ដេរអាមេរិក ជំរុញរដ្ឋាភិបាលកម្ពុជាបង្ក្រាបទីតាំងឡឥដ្ឋដែលរំលោភសិទ្ធិមនុស្ស និងបរិស្ថាន

សមាគមកាត់ដេរនិងស្បែកជើងអាមេរិក​ ​អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបិទទីតាំងសិប្បកម្មឡឥដ្ឋដែលរំលោភសិទ្ធិមនុស្ស និងយកកម្ទេចក្រណាត់ម៉ាកល្បីៗមកដុតបំផ្លាញ។ ការអំពាវនាវនេះ ធ្វើឡើងក្រោយអង្គការសង្គមស៊ីវិលក្នុងស្រុកចេញផ្សាយរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងផលប៉ះពាល់ដល់សុខភាពសហគមន៍រស់នៅក្បែរទីតាំងសិប្បកម្មពីការដុតសំណល់កម្ទេចក្រណាត់ដែលបានមកពីរោងចក្រ។

ទីតាំងសិប្បកម្មឡឥដ្ឋ
ទីតាំងសិប្បកម្មឡឥដ្ឋ © Licadho
ផ្សាយពាណិជ្ជកម្ម

ក្នុងលិខិតផ្ញើមកលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែធ្នូ លោក Steve Lamar ប្រធានសមាគមកាត់ដេរ និងស្បែកជើងសហរដ្ឋអាមេរិក AAFA ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យករណីរំលោភសិទ្ធិមនុស្សតាមសិប្បកម្មឡឥដ្ឋ ដោយត្រូវអនុលោមតាមច្បាប់ការងារ និងផលប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ លោក Lamar ក៏ស្នើ​ឱ្យរដ្ឋាភិបាលអន្តរាគមន៍ជុំវិញកម្មករជាប់កិច្ចសន្យា និងការកេងប្រវ័ញ្ចពលកម្មកុមារ រួមនឹងចាត់វិធានការករណីដុតក្រណាត់ចេញពីរោងចក្រដែលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋរស់នៅក្បែរខាង។

ការដាក់លិខិតមកលោកហ៊ុន ម៉ាណែតនាពេលនេះ សមាគមកាត់ដេរ និងស្បែកជើងអាមេរិករំពឹងថា រដ្ឋាភិបាលកម្ពុជានឹងដោះស្រាយបញ្ហាខាងលើ និងជួយ​ទប់ស្កាប់ការប្រើប្រាស់ផលិតផលក្រោមរូបភាពខុសច្បាប់ ឬការយកកាកសំណល់ផលិតផលក្រុមហ៊ុនល្បីៗមកប្រើប្រាស់ក្នុងសិប្បកម្មឡឥដ្ឋ។

គួរកត់សម្គាល់ដែរថា ការស្នើមករដ្ឋាភិបាលកម្ពុជាលើកនេះ មិនមែនមានតែសមាគមកាត់ដេរ និងស្បែកជើងសហរដ្ឋអាមេរិកតែឯងនោះទេ ពោលគឺមានការចូលរួមពីក្រុមហ៊ុនម៉ាកល្បីៗមួយចំនួនដូចជា ក្រុមហ៊ុនAdidas, Gap, Ralph Lauren, Under Armour។ ក៏មានដែរអង្គការអន្តរជាតិដូចជា អង្គការរួបរួមប្រឆាំងពលកម្មកុមារនិងពន្ធនាគារ និងអង្គការការពារបរិស្ថានអន្តរជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅ អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូបានបង្ហាញនូវកម្រងរូបភាពនៃសំណល់រោងចក្រម៉ាកក្រុមហ៊ុនល្បីៗដែលត្រូវបានដុតនៅតាមសិប្បកម្មឡឥដ្ឋក្នុងប្រទេសកម្ពុជា។ តាមអង្គការលីកាដូ សំណល់រោងចក្ររបស់ក្រុមហ៊ុនអន្តរជាតិជាច្រើនបានរួមចំណែកបង្កហានិភ័យដល់សិទ្ធិមនុស្ស និងបរិស្ថាននៅក្នុងសិប្បកម្មផលិតឥដ្ឋ។

របាយការណ៍នោះបានកត់សម្គាល់ទៀតថា ការដុតសំណល់កម្ទេចក្រណាត់ចេញពីរោងចក្រនោះ បានបង្កផលប៉ះពាល់ដល់សុខភាពសហគមន៍នៅក្បែររោងចក្រ។ និងជាពិសេស កម្មករឡឥដ្ឋ និងកូនៗរបស់ពួកគេ ដែល​បញ្ចាំខ្លួនដោះបំណុល បាន​ប៉ះពាល់ផ្ទាល់ពីផ្សែង​ដែលឆេះ​ដោយការដុត​ក្រណាត់ចេញពីរោងចក្រ។ ពួកគេភាគច្រើនកើតមាន​បញ្ហា​ប្រព័ន្ធដង្ហើម ឈឺក្បាល និងជម្ងឺជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ថា សិប្បកម្មផលិតឥដ្ឋដែលកំពុងបន្តប្រើកម្ទេចក្រណាត់ក្នុងដំណើរការផលិតឥដ្ឋមានចំនួន៥កន្លែង ខណៈសិប្បកម្មផលិតឥដ្ឋចំនួន២ទីតាំងផ្សេងទៀតត្រូវបានបិទអាជីវកម្ម​ជាអចិន្ត្រៃយ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ