អានតួអត្ថបទ
កម្ពុជា-សង្គម

លោកនាយករដ្ឋមន្ត្រីបន្តព្រមានដកមន្ត្រីកម្លាំងប្រដាប់អាវុធចេញពីក្របខណ្ឌ បើពាក់ព័ន្ធគ្រឿងញៀន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តព្រមានដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការយោគយល់។ បទបញ្ជានេះបន្ថែមពីលើចំណាត់ការដែលមានស្រាប់ដាក់ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ចំណាត់ការរបស់លោកហ៊ុន ម៉ាណែត និងលោក ស សុខាមានគោលដៅបោសសម្អាតបញ្ហាគ្រឿងញៀនចេញពីស្ថាប័នធ្វើការលើផ្នែកសន្តិសុខជាតិឱ្យអស់។ 

កងកម្លាំងប្រដាប់អាវុធឈរយាមការនៅពីមុខកន្លែងដុតបំផ្លាញគ្រឿងញៀន
កងកម្លាំងប្រដាប់អាវុធឈរយាមការនៅពីមុខកន្លែងដុតបំផ្លាញគ្រឿងញៀន AFP - TANG CHHIN SOTHY
ផ្សាយពាណិជ្ជកម្ម

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ថ្ងៃទី២២ ខែធ្នូ លោក ហ៊ុន ម៉ាណែតបញ្ជាក់ថា ការបោសសម្អាតគ្រឿងញៀនទៅលើកងកម្លាំងប្រដាប់អាវុធនឹងត្រូវអនុវត្តមុនគេ ហើយមន្ត្រីដែលពាក់ព័ន្ធគឺត្រូវបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។ តាមលោកហ៊ុន ម៉ាណែត ក្រោយការបណ្តេញចេញពីក្របខណ្ឌ លោកស្នើឱ្យក្រសួងមហាផ្ទៃរើសមន្ត្រីថ្មីជំនួសមន្ត្រីចាស់ដែលត្រូវបានបណ្តេញចេញ ប៉ុន្តែត្រូវផ្តល់ឋានៈក្នុងក្របខណ្ឌត្រឹមជាពលនគរបាលប៉ុណ្ណោះ។ 

ក្រៅពីការអនុវត្តចំពោះកងកម្លាំងប្រដាប់អាវុធ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតក៏បញ្ជាឱ្យបណ្តេញជនបរទេសណាដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនចេញពីប្រទេសផងដែរ បន្ទាប់ពីអនុវត្តច្បាប់រួចរាល់។ សម្រាប់លោក ហ៊ុន ម៉ាណែត ចំណាត់ការទាំងនេះ គឺដើម្បីបោសសម្អាតបញ្ហាគ្រឿងញៀនឱ្យអស់ពីថ្នាក់លើដល់ថ្នាក់ក្រោម។

ចំណែកលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ធ្លាប់លើកឡើងដែរថា ការតេស្តរកសារធាតុញៀនទៅលើមន្ត្រីក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ពិសេសកងកម្លាំងប្រដាប់អាវុធកំពុងចាប់ផ្តើមការអនុវត្តជាបន្តបន្ទាប់។ ប៉ុន្តែចំពោះមន្ត្រីស៊ីវិលវិញ លោកនៅមិនទាន់មានគោលការណ៍ណែនាំរួមណាមួយឡើយ តែលោកស្នើឱ្យមន្ត្រីស៊ីវិលដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវដកខ្លួនចេញ ហើយស្វែងរកវិធីសាស្ត្របន្សាបដោយខ្លួនឯង។

គួរកត់សម្គាល់ថានៅក្រោយចំណាត់ការនេះ មន្ត្រីក្រោមក្របខណ្ឌក្រសួងមហាផ្ទៃចំនួន១រូបត្រូវបានបញ្ចប់តំណែង និងដកចេញពីក្របខណ្ឌ។ យោងតាមស្នងការនគរបាលខេត្តកំពតកាលពីថ្ងៃទី ១៦ ខែធ្នូ អធិការរងក្រុងកំពតម្នាក់ឈ្មោះ មាស ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌនគរបាលជាតិក្រោយរកឃើញថា បុគ្គលនេះជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

ត្រង់ចំណុចនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នអង្គភាពចំណុះឱ្យក្រសួងមហាផ្ទៃមួយចំនួនផ្តើមតេស្តរកសារធាតុញៀន ហើយកំពុងសង្ស័យលើមន្ត្រីនគរបាលមួយចំនួន។ បើតាមលោក ទូច សុឃៈ អង្គភាពទាំងនោះក៏កំពុងស្នើសុំគោលការណ៍មករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបណ្តេញមន្ត្រីទាំងនោះចេញពីក្របខណ្ឌ និងស្នើបញ្ចូនពួកគេទៅកាន់មណ្ឌលស្តារនីតិសម្បទាសម្រាប់បន្សាបគ្រឿងញៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ