អានតួអត្ថបទ
កម្ពុជា-សន្តិសុខជាតិ

ក្រសួងមហាផ្ទៃកំពុងធ្វើទំនើបកម្មទិន្នន័យ បង្ការការចូលលួចពីក្រុមចោរព័ត៌មានវិទ្យា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាពេលថ្មីៗនេះ ក្រើនរំឭកឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសហការជាមួយក្រសួងផែនការធ្វើទំនើបកម្មទិន្នន័យ និងព័ត៌មានសម្ងាត់របស់ពលរដ្ឋ ដើម្បីបង្ការពីករណីចូលលួចទិន្ន័យពីក្រុមចោរព័ត៌មានវិទ្យាបរទេស។ ការអំពាវនាវនេះ បន្ទាប់ពីក្រសួងស្ថាប័នរដ្ឋសំខាន់ៗជាង២០ស្ថាប័ន ត្រូវក្រុមចោរព័ត៌មានវិទ្យាចូលលួចទិន្នន័យ ក្នុងនោះក៏មានក្រសួងការពារជាតិ និងស្ថាប័នហិរញ្ញវត្ថុផង។

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មកាលពីថ្ងៃទី១៥ ធ្នូ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងថា ទោះបីក្រសួងមហាផ្ទៃមិនត្រូវបានក្រុមចោរព័ត៌មានវិទ្យាចូលលួចទិន្នន័យក្នុងកម្រិតណាមួយ ប៉ុន្តែលោកនឹងមិនព្រងើយកន្តើយឡើយ។

ការធ្វើទំនើបកម្មទិន្ន​ន័យ ស្ថិតិអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណសញ្ជាតិខ្មែរ និងអត្តសញ្ញាណបុគ្គលផ្សេងទៀត គឺត្រូវតែធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ ហើយមន្ត្រីរាជការវិញត្រូវបំពេញការងារប្រកបដោយឆន្ទៈ មនសិការខ្ពស់ ដើម្បីធានាសុវត្ថិភាពលើការងាររក្សាទិន្នន័យ ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស សុខា។

ចំណែកលោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIថា ប្រសិនបើក្រសួងមហាផ្ទៃត្រូវបានក្រុមចោរព័ត៌មានវិទ្យាបរទេសចូលគ្រប់គ្រងទិន្នន័យ នោះជាហានិភ័យធ្ងន់ធ្ងរចំពោះសន្តិសុខជាតិ ត្បិតក្រសួងមួយនេះលោកថា មានទិន្នន័យសំខាន់ៗជាច្រើនដែលធានាទៅលើផ្នែកសន្តិសុខរបស់ជាតិ។

សម្រាប់លោក ទូច សុខៈ បច្ចុប្បន្នក្រសួងមហាផ្ទៃបាននិងកំពុងបណ្តុះបណ្តាលសមត្ថភាពមន្ត្រីជំនាញលើផ្នែកបច្ចេកវិទ្យាតាមរយៈការបញ្ចូលមន្ត្រីទាំងនោះទៅសិក្សានៅបណ្តាប្រទេសជឿនលឿនផ្នែកបច្ចេកវិទ្យា រួមនឹងការប្រើប្រាស់ឧបករណ៍សម្ភារៈបច្ចេកទេសទំនើបៗដើម្បីការពារពីករណីចូលលុកលុយពីខាងក្រៅ។

ជាក់ស្តែងការព្រួយបារម្ភរបស់ក្រសួងមហាផ្ទៃនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមHackerបរទេសបានចូលលុកលុយទិន្នន័យសំខាន់របស់ស្ថាប័នរដ្ឋយ៉ាងហោចណាស់ចំនួន២៤ស្ថាប័ន។ ស្ថាប័នទាំងនោះរួមមាន៖ ក្រសួងការពារជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ស្ថាប័នសិទ្ធិមនុស្ស ក្រសួងពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ ស្ថាប័នធ្វើការលើផ្នែកនយោបាយ ធនធានធម្មជាតិ និងទូរគមនាគមន៍។

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ក្រុមឃ្លាំមើលសន្តិសុខអ៊ីនធឺណេត​ប៉ាឡូអាល់តូចេញផ្សាយកាលពីថ្ងៃទី១០​ ខែវិច្ឆិកាថ្មីៗនេះ ក្រុមចោរព័ត៌មានវិទ្យាដែលបានលួចចូលគ្រប់គ្រងទិន្នន័យរបស់ស្ថាប័នរដ្ឋទាំង២៤​ខាងលើ គឺមានប្រភពមកពីប្រទេសចិន ហើយក៏មានទំនាក់ទំនងជាមួយក្រសួងសន្តិសុខរដ្ឋរបស់ចិនផង។ ក្រុមនេះមានឈ្មោះថា បណ្តាញបច្ចេកវិទ្យាជាំងឌូ៤០៤( Chengdu 404 Network Technology) និងមានមូលដ្ឋាននៅក្នុងខេត្តហៃណានប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ