អានតួអត្ថបទ
កម្ពុជា-ជប៉ុន

កម្ពុជានិងជប៉ុន សន្យាពង្រឹងលើវិស័យការពារជាតិ នៅចំពោះមុខឥទ្ធិពលចិន

កម្ពុជានិងជប៉ុនសន្យារួមគ្នាថា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការពង្រើកលើផ្នែកសមយុទ្ធរួមគ្នា រួមនឹងការបណ្តុះបណ្តាលធនធានមនុស្ស។ ការប្តេជ្ញារបស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបដាច់ដោយឡែករវាងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងលោកនាយឧត្តមសេនីយ៍ យូហ្ស៊ីហីដេ យូហ្ស៊ីដា មេបញ្ជាការកងកម្លាំងស្វ័យការពារជប៉ុន និងចំពេលចិនកំពុងបង្កើតឥទ្ធិពលយោធាក្នុងតំបន់។

ជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងលោកនាយឧត្តមសេនីយ៍ យូហ្ស៊ីហីដេ យូហ្ស៊ីដា មេបញ្ជាការកងកម្លាំងស្វ័យការពារជប៉ុន
ជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងលោកនាយឧត្តមសេនីយ៍ យូហ្ស៊ីហីដេ យូហ្ស៊ីដា មេបញ្ជាការកងកម្លាំងស្វ័យការពារជប៉ុន © Internet
ផ្សាយពាណិជ្ជកម្ម

ការពង្រឹងលើវិស័យការពារជាតិដែលភាគីទាំងពីរសន្យានោះគឺ ផ្តោតសំខាន់ទៅលើការបោសសម្អាតមីន ការធ្វើសមយុទ្ធយោធារួមគ្នាក្នុងកិច្ចការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ ការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីសិក្សាសម្រាប់សិក្ខាកាមយោធាកម្ពុជានៅប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ជប៉ុនធានារឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមរវាងកងទ័ពកម្ពុជា និងកងកម្លាំងស្វ័យការពារជប៉ុន​។

ក្នុងនោះ ភាគីជប៉ុនបានលើកសរសើរកម្ពុជាអំពីការបញ្ចូនកងកម្លាំងមួកខៀវក្រោមឆត្រអង្គការសហប្រជាជាតិដែលត្រង់ចំណុចនេះ ជប៉ុនយល់ថាជាមេរៀន និងបទពិសោធន៍ដ៏ល្អដែលអាចរៀនសូត្រពីកម្ពុជាបាន។

ពាក់ព័ន្ធនឹងវិស័យការពារជាតិ ជប៉ុនក៏ស្ថិតក្នុងចំណោមប្រទេសលោកសេរីជាច្រើនទៀត ដែលតែងលើកឡើងពីក្តីកង្វល់ចំពោះការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាមរបស់កម្ពុជាក្រោមជំនួយរបស់ចិន។ កន្លងមក ជប៉ុនស្នើឱ្យកម្ពុជាបង្ហាញនូវតម្លាភាពរាល់ព័ត៌មាន និងការអភិវឌ្ឍត្រង់មូលដ្ឋានទ័ពរាម ខណៈជប៉ុនព្រួយបារម្ភចំពោះវត្តមានកងទ័ពចិនតាំងទីក្នុងប្រទេសកម្ពុជាដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខតំបន់។

ត្រង់ក្តីកង្វល់នេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ធ្លាប់បញ្ជាក់នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនកាលពីអំឡុងខែមិថុនាឆ្នាំ២០២២ថា រាល់ការធ្វើទំនើបកម្មនៃមូលដ្ឋានទ័ពរាមរបស់កម្ពុជា គឺដើម្បីបង្កភាពងាយស្រួលមិនថា កប៉ាល់ជប៉ុនឬកប៉ាល់របស់បរទេសផ្សេងទៀតដែលមានបំណងចង់ចូលចតនៅមូលដ្ឋានទ័ពរាមរបស់កម្ពុជា ។

ជាក់ស្តែងកាលពីថ្ងៃទី ១៥​ ខែមីនា ឆ្នាំ២០២២ នាវាចម្បាំងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនពីរគ្រឿងឈ្មោះ URAGA និង HIRADOបានចូលមកចតក្នុងកំពង់ផែស្វយ័តក្នុងព្រះសីហនុ ដើម្បីធ្វើដំណើរទស្សនកិច្ចនៅកំពង់ផែរាមដែលជាទីតាំងមូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជា។

វត្តមានរបស់នាវាជប៉ុនទាំងពីរគ្រឿងនៅកម្ពុជានាគ្រានោះ គឺជាផ្នែកមួយនៃការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យការពារជាតិ និងជាការ

រំឭកឡើងវិញនូវបេសសកម្ម កងថែរក្សាសន្តិភាពរបស់ជប៉ុននៅកម្ពុជាកាលពី៣០ឆ្នាំមុន។

មែនទែនទៅ កម្ពុជានិងជប៉ុន បើនិយាយលើការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ឬសមយុទ្ធយោធាក្នុងលក្ខណៈជួយសង្គ្រោះគ្រោះមហន្តរាយ និងភេរវកម្មគឺ នៅមិនទាន់មាននៅឡើយ ខណៈក្នុងអាណត្តិនាយករដ្ឋមន្ត្រីចាស់ដែលដឹកនាំដោយលោក ហ៊ុន សែន គឺលោកធ្លាប់ជំរុញឱ្យជប៉ុនធ្វើសមយុទ្ធយោធារួមគ្នាជាមួយកម្ពុជា តែជាសមយុទ្ធដែលធ្វើឡើងពាក់ព័ន្ធនឹងការជួយសង្គ្រោះគ្រោះមហន្តរាយ និងភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ