អានតួអត្ថបទ

អាមេរិកបង្ហាញក្តីកង្វល់ចំពោះវត្តមាននាវាចិនលើកដំបូងនៅកំពង់ផែរាម

សហរដ្ឋអាមេរិកកំពុងតាមដានលើការចូលសំចតរបស់នាវាចិននៅកំពង់ផែរាម ជាមួយនឹងក្ដីបារម្ភជាថ្មីថា ចិននឹងឈានទៅគ្រប់គ្រងទាំងស្រុងលើតំបន់ជាច្រើននៃទីតាំងយុទ្ធសាស្រ្តមួយនេះ។ កម្ពុជាតាមរយៈរដ្ឋមន្រ្តីការពារជាតិអះអាងថា នាវាចូលសំចតកាលពីថ្ងៃទី៣ខែធ្នូនេះធ្វើឡើងក្នុងគោលបំណងហ្វឹកហ្វឺនកងទ័ពកម្ពុជាតែប៉ុណ្ណោះ។ អ្វីជាការកត់សម្គាល់ ការចូលសំចតនាវាចិនលើកដំបូងនៅកំពង់ផែរាមធ្វើឡើងស្របពេលដែលនាយករដ្ឋមន្រ្តីកម្ពុជា ជួបសន្ទនាជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិចិន។

រូបភាពផ្កាយរណបនៃនាវាចិនដែលបានចូលសំចតនៅកំពង់ផែរាម កាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៣
រូបភាពផ្កាយរណបនៃនាវាចិនដែលបានចូលសំចតនៅកំពង់ផែរាម កាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី៣ខែធ្នូឆ្នាំ២០២៣ គឺជាថ្ងៃដែលគេឃើញមានវត្តមាននាវាចិនចូលសំចតលើកដំបូងនៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្នុងក្រុងព្រះសីហនុ។ យោងតាមរូបភាពផ្កាយរណប គឺមាននាវាយ៉ាងតិច២គ្រឿងបានចូលសំចតនៅកំពង់ផែថ្មីរបស់កម្ពុជា។ ក្រៅពីរូបភាពផ្កាយរណប វត្តមាននាវាចិននៅកំពង់ផែរាមនេះក៏ត្រូវបានផ្សព្វផ្សាយផងដែរដោយរដ្ឋមន្រ្តីការពារជាតិកម្ពុជាដែលអះអាងថា ជាការចូលសំចតដើម្បីមកហ្វឹកហ្វឺនកងទ័ពកម្ពុជា។

ទោះជាយ៉ាងណាក្តី ខណៈដែលចិនជាដៃគូជំនួយដ៏ធំរបស់កម្ពុជា និងខណៈដែលកំពង់ផែរាមរបស់កម្ពុជាស្ថិតនៅក្នុងទីតាំងយុទ្ធសាស្រ្តសំខាន់មួយផងនោះ វត្តមាននាវាចិនជាលើកដំបូងពេលនេះបានញ៉ាំងឲ្យសហរដ្ឋអាមេរិកបង្ហាញកង្វល់សារជាថ្មីស្ដីពីការតាំងទីមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជា។ តាមការកត់សម្គាល់របស់អាមេរិក  មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមជាតំបន់ភូមិសាស្រ្តនយោបាយដ៏សំខាន់សម្រាប់ចិន ព្រោះវាមានទីតាំងក្បែរសមុទ្រចិនខាងត្បូងដែលចិនកំពុងមានជម្លោះជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។

នៅក្នុងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Mathew Miller បានថ្លែងប្រាប់សារព័ត៌មាន Reutersកាលពីថ្ងៃពុធ ទី៦ ខែធ្នូថា សហរដ្ឋអាមេរិកកំពុងតាមដានលើសំណុំរឿងមួយនេះ និងបារម្ភយ៉ាងខ្លាំងដោយខ្លាចចិននឹងឈានទៅគ្រង់គ្រងលើតំបន់ជាច្រើននៃទីតាំងយុទ្ធសាស្រ្តសំខាន់មួយនេះ។ 

ស្របពេលជាមួយគ្នា លោក Mathew Miller បានទទូចឲ្យកម្ពុជាត្រូវធានាថា ចិននឹងមិនត្រូវបានអនុញ្ញាតឲ្យដាក់បង្កប់ប្រព័ន្ធបច្ចេកវិទ្យារស៊ើបនៅតំបន់មូលដ្ឋានរាមឡើយ ព្រោះវាជាការបំពានលើអធិបតេយ្យ ស្ថិរភាព និងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ បច្ចេកវិទ្យារស៊ើបដែលក្នុងន័យយោធា សំដៅជាទូទៅលើប្រព័ន្ធរ៉ាដា ឬឧបករណ៍ផ្សេងៗទៀតដែលមានសមត្ថភាពឃ្លាំមើលជាដើម។ ដោយឡែកយោង តាមសារព័ត៌មានBloomberg ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃព្រហស្បត្តិ៍ទី៧ខែធ្នូឆ្នាំ២០២៣ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្ហាញតម្លាភាពរបស់កម្ពុជា ពាក់ព័ន្ធនឹងសកម្មភាពនានាលើតំបន់មូលដ្ឋានទ័ពជើងទឹកកំពង់ផែរាម សម្រាប់ប្រជាជនកម្ពុជា សម្រាប់ប្រទេសជិតខាង សម្រាប់តំបន់អាស៊ាន ព្រមទាំងតំបន់លើសពីនេះ។

អ្វីជាការកត់សម្គាល់ ស្របពេលនឹងការចូលសំចតនាវាចិនពេលនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុនម៉ាណែត ក៏បានបានទទួលជួបជាមួយមន្រ្តីជាន់ខ្ពស់ការពារជាតិចិនផងដែរ។ យោងតាមលទ្ធផលជំនួបពិភាក្សាផ្សព្វផ្សាយដោយលោកហ៊ុនម៉ាណែត ភាគីទាំងពីរបានពិភាក្សាពីការបន្តសហប្រតិបត្តិលើវិស័យយោធាជាមួយចិន ដែលរួមមានការហ្វឹកហាត់ធនធានមនុស្ស និងការជីករកមីនជាដើម។

សូមជម្រាបថា មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមដែលត្រូវបានសាងសង់ឡើងវិញក្រោមជំនួយរបស់ចិនបានក្លាយជាបញ្ហាចម្រូងចម្រាសមួយរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក។ អាមេរិកបានចោទកម្ពុជាពីការបើកដៃឲ្យចិនសាងសង់មូលដ្ឋានទ័ពដោយលាក់បំពួនលើតំបន់មួយនេះ។ ការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធជានិច្ចជាកាលដោយសង្កត់ធ្ងន់ថា កម្ពុជាតែងតែប្រឆាំងនឹងវត្តមានយោធាបរទេសលើទឹកដីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងថា កម្ពុជាស្វាគមន៍ការផ្ដល់ជំនួយយោធា និងការសំចតនាវានានាមិនថាពីប្រទេសណាមួយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ