អានតួអត្ថបទ

អ្នកប្រឆាំងត្រៀមបាតុកម្ម ពេលលោក ហ៊ុន ម៉ាណែត ទៅជប៉ុនខែនេះ

ដូច​រាល់​ដង​ដែរ​ ក្រុម​សកម្ម​ជន​នយោ​បាយ​ប្រ​ឆាំង​នៅ​ក្រៅ​ប្រទេស​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ប្រ​មូល​ផ្តុំ​គ្នា​ដែល​ពួក​គេ​ហៅថា​ជា​មហា​បាតុ​កម្ម​ប្រ​ឆាំង​វត្ត​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត ​ដែល​គ្រោង​ទៅ​ដល់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​នេះ។​ ជា​បាតុ​កម្ម​ដែល​អ្នក​រៀប​ចំ​អះ​អាង​ថា​ ដើម្បី​ទាម​ទារ​ឲ្យមាន​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា​។

បុរសចំណាស់លើកបដាពេលបាតុកម្មប្រឆាំង លោក ហ៊ុន ម៉ាណែត នៅអាមេរិក
បុរសចំណាស់លើកបដាពេលបាតុកម្មប្រឆាំង លោក ហ៊ុន ម៉ាណែត នៅអាមេរិក © FB
ផ្សាយពាណិជ្ជកម្ម

លោក ​គង់ ​ជិ ​អតីត​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ខេត្ត​ព្រះ​សីហនុ ​ដែល​បាន​ចុះចូល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មួយ​ភ្លែត​ក៏​រត់​ចេញ​វិញ ​និង​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ជប៉ុន​បាន​អះ​អាង​ថា ​បាតុ​កម្ម​របស់​សកម្មជន​ខ្មែរ​នៅជប៉ុន​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​១៧​ធ្នូ ​មានអ្នកចូល​រួម​ខ្ទង់៣០០នាក់ គឺ​បន្ទាប់ពី​លោក ​ហ៊ុន ​ម៉ាណែត ​ទៅ​ដល់​បាន​មួយ​ថ្ងៃ​។​ ជា​បាតុ​កម្ម​ដែល​ធ្វើ​ឡើង​នៅថ្ងៃ​អាទិត្យ​ប្រឆាំង​វត្ត​មាន​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ដែល​ក្រុម​អ្នក​ប្រឆាំង​ចាត់​ទុក​ថា ​កើត​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​។

ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ​គេក៏​ឃើញ​មាន​សកម្មជន​មួយ​ចំនួន​ដែល​គាំទ្រ​រដ្ឋាភិបាល ​បាន​ចេញមុខ​ផលិត​វីដេអូ​ខ្លី​ៗ​ប្រកាស​ស្វាគមន៍​វត្តមាន​លោក ​ហ៊ុន ​ម៉ាណែត ​រួច​ទៅ​ហើយ​។​ សកម្មជន​ទាំង​នោះ​ មាន​ខ្លះ​ជា​និស្សិត​ដែល​ទៅ​សិក្សា​នៅ​ទីនោះ ​និង​ខ្លះ​ជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ជប៉ុន​។

តាម​គម្រោង ​លោក ​ហ៊ុន ​ម៉ាណែត ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​នឹង​ដឹក​នាំ​ប្រតិភូ​កម្ពុជាទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំព្ញក​ខួប​អនុស្សាវ​រីយ៍​អាស៊ាន-ជប៉ុន ​ខួប​ទី​៥០​ឆ្នាំ ​នៃ​មិត្តភាព ​និង​កិច្ចសហប្រតិបត្តិការ ​អាស៊ាន-ជប៉ុន ​នៅក្នុងទី​ក្រុង​តូក្យូ ​នាពាក់​កណ្តាល​ខែ​ធ្នូនេះ​។

ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បាន​ជាង​១០០​ថ្ងៃ​មក​ លោក ​ហ៊ុន ​ម៉ាណែត ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​បាន​២ដង​ហើយ​ក្នុង​រយៈ​ប្រមាណ២ខែ ប៉ុណ្ណោះ  សហរដ្ឋ​អាមេរិក១​ដង ​ដើម្បី​ចូលប្រជុំ​អង្គការ​សហ​ប្រជា​ជាតិ ​និង​ទៅ​កាន់​ឥណ្ឌូនេស៊ី​ដើម្បី​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាននៅដើម​ខែកញ្ញា បន្ទាប់មកទៅ​អារ៉ាប៊ី សាអូឌីត នៅខែតុលា។ ទាំងទៅចិន ទៅឥណ្ឌូនេស៊ី និងអារ៉ាប៊ី សាអូឌីត គឺមិនមានបាតុកម្ម​ប្រឆាំងឡើយ តែនៅសហរដ្ឋអាមេរិក គឺមានទាំងបាតុកម្ម​ប្រឆាំង​ និងអ្នក​មកគាំទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ