អានតួអត្ថបទ

ថៃប្តូរ​យុទ្ធសាស្ត្រចរចាជាមួយកម្ពុជា​លើតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រ

​រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីគឺ​ លោក​​ សេដ្ឋា ថៈវីស៊ីន នឹងប្តូរ​យុទ្ធសាស្ត្រចរចាជាមួយកម្ពុជាលើតំបន់ទាមទារ​ត្រួតស៊ីគ្នា​នៅ​ក្នុងឈូងសមុទ្រថៃ​​។ នេះ​បើតាមការចុះផ្សាយរបស់កាសែតថៃ PBS នៅថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ២០២៣​ និង​ឱ្យដឹងទៀតថា យុទ្ធសាស្ត្រចរចានោះ រដ្ឋាភិបាលថៃនឹង​ផ្តោត សំខាន់លើការអភិវឌ្ឍន៍ធនធានធម្មជាតិ​រួមគ្នាជាមួយកម្ពុជា​ ជំនួស​ឱ្យ​ការកំណត់ដែនសមុទ្រ។

រូបតំណាង៖ ឈូងសមុទ្រថៃ
រូបតំណាង៖ ឈូងសមុទ្រថៃ AP - Na Son Nguyen
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត រដ្ឋាភិបាលថៃបាន​​បង្ហាញចេទនាទាញកម្ពុជាឱ្យ​​ចូលតុពិភាក្សាការ​អភិវឌ្ឍន៍ក្នុង​តំបន់ត្រួតស៊ីគ្នា​ក្នុងឈូង​សមុទ្រថៃ។ តាមការចុះផ្សាយរបស់កាសែតអនឡាញរដ្ឋថៃជាភាសាអង់គ្លេសឈ្មោះ Thai PBS World ចុះផ្សាយនៅថ្ងៃទី​៣០តុលាម្សិលមិញ​ រដ្ឋមន្ត្រីថាមពលថៃ លោក​ Pirapan Salirathavibhaga លើកឡើងថា ​រដ្ឋាភិបាលថៃនឹងប្តូរយុទ្ធសាស្ត្រ​លើការអភិវឌ្ឍន៍ធនធានប្រេង​រួមគ្នា ជំនួសឱ្យការកំណត់ព្រំ​ដែនសមុទ្រជាមួយកម្ពុជា។ ទន្ទឹមគ្នានោះ គណៈកម្មការថ្មីមួយនឹងត្រូវបង្កើតឡើងជាចាំបាច់ ដើម្បីជម្រុញ​កិច្ចចរចានេះ។

រដ្ឋមន្ត្រីក្រសួងថាមពល​ថៃបានទទួលស្គាល់ផងដែរថា ការដោះស្រាយវិវាទដែន​ដីនៅ​ត្រង់ដែនសមុទ្រ គឺជារឿងស្មុគ្រស្មាញ លំបាក និង​ត្រូវការពេលវេលាយូរ ព្រោះថាគ្មានប្រទេសណាអាចទទួលយកការរំកិលព្រំដែនរបស់ខ្លួនថយក្រោយដោយងាយ មិនថាថៃរឺកម្ពុជា។

នេះគឺជាការកែប្រែយុទ្ធសាស្ត្រចរចាជាមួយកម្ពុជា​របស់ថៃ ក្រោមការដឹកនាំរបស់នាយក​រដ្ឋមន្ត្រីថ្មី ​លោក សេដ្ឋា ថៈវីស៊ីន ខណៈកន្លងមក ​ថៃធ្លាប់ប្រកាន់យកនូវ​ការ​កំណត់ការ​បោះបង្គោល​ព្រំដែនសមុទ្រ​ជាមួយកម្ពុជា។​​

គួរដឹងថា កិច្ចចរចាការអភិវឌ្ឍ​ប្រេងនិងឧស្ម័ន​រវាងកម្ពុជា-ថៃ​ ​នៅតំបន់ត្រួតស៊ីគ្នា​នៅឈូងសមុទ្រ បានជាប់គាំងជាង២០មកហើយ។ តំបន់​ទាមទារ​ត្រួតស៊ីគ្នា(OCA)នោះ ​​មាន​ទំហំ ២៦,០០០ គីឡូម៉ែត្រ​ការ៉េដែល​គេ​ប៉ាន់​ប្រមាណ​ថា ​នឹង​អាច​ស្តុក​ទុក​ប្រេងនិង​ឧស្ម័ន​រហូត​ដល់ ៥០០លាន​បារ៉ែល​នៅ​ក្រោម​បាតសមុទ្រ និង​ដោយ​ត្រូវការពេលយ៉ាងហោចណាស់​៨ឆ្នាំ ក្នុងការ​ទាញយក​ធនធានធម្មជាតិចេញ​ពីឈូងសមុទ្រនោះ។

គួររំព្ញកថា សិទ្ធិអភិវឌ្ឍន៍លើតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ គឺជាចំណុចនៃជម្លោះរវាងប្រទេសជិតខាងថៃនិងកម្ពុជា ដែលបានទាមទារតំបន់នេះតាំងពីដើមទសវត្ស ១៩៧០មក​។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា​លើអនុស្សាររណៈ​យោគយល់​​ កិច្ចចរចា​អភិវឌ្ឍ​ប្រេងនិងឧស្ម័ននៅតំបន់នោះ តាំង​ពី​ខែមិថុនា​ឆ្នាំ​២០០១ ក៏ប៉ុន្តែត្រូវបានផ្អាកនៅក្នុងអន្តរកាលប្តូរនាយករដ្ឋមន្ត្រីថៃ កាលពីឆ្នាំ​២០០៩។ កិច្ចពិភាក្សាគ្នារវាងប្រទេសទាំង២ក៏ធ្លាប់ចង់​គូសវាសឡើងវិញ​ដែរ តែត្រូវ​បង្អាក់ដោយសារវិបត្តិ​ជំងឺកូវីដ​១៩ កាលពីចុងឆ្នាំ​២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ