អានតួអត្ថបទ
កម្ពុជា-សង្គម

ទាហាន៣រូបត្រូវក្រសួងការពារជាតិ លុបឈ្មោះចេញពីក្របខណ្ឌ ក្រោយពាក់ព័ន្ធនឹងគ្រឿងញៀន

មាននាយទាហានចំនួន៣រូបហើយ ដែលត្រូវបានក្រសួងការពារជាតិ សម្រេចលុបឈ្មោះចេញពីក្របខណ្ឌ ក្រោយរកឃើញថា ទាហានទាំង៣រូបនោះមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ នេះជាចំណាត់ការធ្វើឡើងភ្លាមៗ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការពារជាតិថ្មី ដែលបានអះអាងកន្លងទៅនេះថា ខ្លួននឹងមិនអត់ឱនឲ្យមន្ត្រីទាហានណា ដែលមានពាក់ព័ន្ធនឹងគ្រឿងញៀនជាដាច់ខាត។

ក្រសួងការពារជាតិកម្ពុជា
ក្រសួងការពារជាតិកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

នាយទាហានទាំង៣រូប គឺសុទ្ធសឹងតែស្ថិតក្នុងកងអង្គភាព សាលានាយទាហានសកម្ម ដែលជាសាលាបង្វឹកនាយទាហានជំនាន់ថ្មី។ បើតាមសេចក្តីចំនួន២ដាច់ពីគ្នា នាយទាហានទាំង៣រូប ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន រួមមាន ឈ្មោះ ពោន ធា ជាគ្រូបច្ចេកទេសថ្មើរជើង នៃសាលានាយទាហានសកម្ម ខណៈដែលនាយទាហាន២រូបទៀត មានឈ្មោះ សាន្ត គឹមសៀង និង យ៉ែន ច័ន្ទវិសាល តួនាទីជានាយរងក្រុម១ អនុសេនាតូចការពារនិងបម្រើការ។

នាយទាហានទាំង៣ ត្រូវបានក្រសួងការពារជាតិ ប្រកាសលុបឈ្មោះពីក្របខណ្ឌកងយោធពលខេមភូមិន្ទ ដោយរកឃើញថា ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងមិនត្រូវអនុញ្ញាតឲ្យបញ្ចូលក្នុងក្របខណ្ឌឡើងវិញឡើយ។ នេះបើតាមសេចក្តីសម្រេច នៅថ្ងៃទី២៥ និងទី២៩កញ្ញា។

គួរកត់សម្គាល់ថា វិធានការលុបឈ្មោះចេញពីក្របខណ្ឌ ចំពោះទាហានដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន នេះធ្វើឡើងបន្ទាប់ពី លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសឲ្យដឹងថា មន្ត្រីយោធាណា ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន នឹងត្រូវដកចេញពីក្របខណ្ឌ និងចាត់វិធានការតាមច្បាប់ ដោយមិនលើកលែងឡើយ។ ថ្លែងកាលពីថ្ងៃទី២៣កញ្ញាកន្លងទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាកូនប្រុសលោក ទៀ បាញ់ បានបញ្ជាក់ថា ក្រសួងការពារជាតិ នឹងធ្វើតេស្តគ្រឿងញៀនចំពោះអ្នកប្រលង មុននឹងក្លាយជាក្របខណ្ឌកងទ័ព។

ទាក់ទងនឹងចំណាត់ការនេះ អ្នកឃ្លាំមើលសង្គមបានសម្តែងនូវការសាទរ ដោយចាត់ទុកថា នេះជាគំរូសម្រាប់ការឈានទៅបំបាត់ឬសគឹលគ្រឿងញៀនក្នុងសង្គម។ លោក អំ សំអាត នាយកទទួលបន្ទុកផ្នែកឃ្លាំមើលនៃអង្គការលីកាដូ យល់ថា កងកម្លាំងជាចំណុចចាប់ផ្តើមមួយដ៏ល្អ ក្នុងការលុបបំបាត់គ្រឿងញៀន ព្រោះជាគំរូដល់សង្គម។ លោកថា​ ចំណាត់ការនេះ គឺតែធ្វើឡើងជាបន្ត ហើយជំរុញឲ្យមានប្រសិទ្ធិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ