អានតួអត្ថបទ

សហជីព​ស្នើឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់ឈ្នួល​កម្មករ​ឡើងវិញ ​២១៣​ដុល្លារ

សង្គមស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យការងារ​ចំនួន​១៣ ​នៅថ្ងៃ​ទី​២៩ ​ខែ​កញ្ញា​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដោយ​សម្តែង​ការ​ខកចិត្ត​ចំពោះ​និយោជក​នៃ​វិស័យ​វាយនភណ្ឌ ​កាត់ដេរ​ ផលិត​ស្បែកជើង ​និង​ផលិតផល​ធ្វើដំណើរ ​ដែល​បាន​បដិសេធ​ការ​ស្នើសុំ​តម្លើង​ប្រាក់ឈ្នួល​អប្បបរមា ​២១៣​ដុល្លារ​ដល់​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​២០១៤​។ ​ការបង្ហាញ​ពី​ការ​មិនសប្បាយចិត្ត​របស់​ក្រុម​សហជីព​ដូច្នេះ ​ធ្វើឡើង​ក្រោយកិច្ច​ប្រជុំ​ត្រីភាគី​បាន​សម្រេច​តម្លើង​ឲ្យ​កម្មករ​ ២០៤​ដុល្លារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ពេលបាយថ្ងៃត្រង់ កម្មករកាត់ដេរ
ពេលបាយថ្ងៃត្រង់ កម្មករកាត់ដេរ © សហការី
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃក្រោយ​ការសម្រេចរបស់​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមាថា​តម្លើងប្រាក់ឈ្នួល​អប្បបរមា​ដល់កម្មករ​និយោជិត​វិស័យវាយនភណ្ឌ ​កាត់ដេរ​ ផលិតស្បែកជើង​ និង​ផលិតផល​ធ្វើដំណើរ​ចំនួន ២០៤​ដុល្លារ នៅឆ្នាំ​២០២៤ ក្រុម​សហជីព​ចំនួន១៣ ​បានសម្តែងនូវ​ការខកចិត្ត​យ៉ាងខ្លាំង​។ ខកចិត្ត​ដោយសារនិយោជកមិនអាច​បំពេញតាមការទាមទារ​របស់កម្មករនិយោជិត ​ដែលបានស្នើសុំតម្លើង​ប្រាក់ឈ្នួល​២១៣ដុល្លារ​។

សេចក្តីថ្លែងការណ៍រួម​របស់សហជីពបានលើក​ឡើងពីទឡ្ហីករណ៍ និង​អំណះអំណាងដោយផ្អែកលើការ​ស្រាវជ្រាវលើលក្ខណៈ​វិនិច្ឆ័យផ្នែកសេដ្ឋកិច្ច​ និងសង្គមទាំង៧ចំនុច​ ដែលថាកម្មករពិតជាមាន​ការថយចុះចំណូល​ ហើយកើនឡើងចំណាយ ​និងបំណុល នៅក្រោយ​វិបត្តិកូវីដ-១៩។​ មួយវិញទៀតចំណូល​បន្ថែមរបស់កម្មករ​ដូចជាការបន្ថែមម៉ោង​ត្រូវបានថយចុះ ​ខណៈចំណាយក្នុងការរស់នៅ​មានការកើនឡើងដោយសារ​អតិផរណា។​ នេះបើតាមសេចក្តី​ថ្លែងការណ៍រួម​។

ប្រឈមនឹងបញ្ហាសេដ្ឋកិច្ច​ កម្មករនិយោជិត​មានការធ្លាក់ចុះ​ដូច្នេះ ក្រុមសហជីព​ក៏បានដាក់សំណើរ​ទៅរដ្ឋាភិបាលឲ្យមាន​ការពិចារណាលើចំណុច​សំខាន់ៗចំនួ១៦​ ដែលរួមមានការស្នើឡើង​វិញតម្លើងប្រាក់ឈ្នួលអប្បបរមា​ ២១៣ដុល្លារ នៅ​ឆ្នាំ២០២៤ និង​ពិចារណារយៈពេលខ្លី​សម្រាប់ការតម្លើងប្រាក់ឈ្នួល​ចន្លោះពី៣០០ដុល្លារ ​ដល់៥០០ដុល្លារ ​សម្រាប់រយៈពេលវែង​។

ក្រៅពីនេះ ក៏មានសំណើរ​ជាច្រើនទៀតសម្រាប់កម្មករ​និយោជិតដូចជាសុំថ្លៃបាយ​ថ្ងៃត្រង់១ដុល្លារ ​បង្ហាញកម្រិតចំណេញ​របស់និយោជកដោយ​តម្លាភាព កាត់បន្ថយ​អតិផរណាផ្នែកចំណីអាហារ​ ថ្លៃសាំង​ អនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់​លើផ្ទះជួល ដាក់ចេញនូវ​វិធានការបន្ទាន់​ក្នុងការពិនិត្យ និង​ពិចារណាក្នុងការ​ទម្លាក់ថវិកាជាតិ ដើម្បី​សម្រួលលក្ខខណ្ឌ​បំណុលដូចជាពន្យា​ការបង់ប្រាក់ដើម​ និងការប្រាក់ ​បញ្ចុះតម្លៃទឹកភ្លើង ​ជួយតម្លើងប្រាក់មធ្យោបាយ​ធ្វើដំណើរ និង​ចំណុចសំខាន់ៗ​មួយចំនួនទៀត។

សូមរំលឹកថា ​កាលពីថ្ងៃព្រហស្បតិ៍​កិច្ចប្រជុំត្រីភាគី​បានប្រកាសថាប្រាក់ឈ្នួល​កម្មករនិយោជក​នៃវិស័យកាត់ដេរ​បានឡើង២ដុល្លារ​ បូកនឹង២ដុល្លារ​បន្ថែមដោយ​លោក ហ៊ុន ម៉ាណែត​ មានន័យថាឡើង​បាន៤ដុល្លារ​ពីលើប្រាក់ឈ្នួល​អប្បបរមាឆ្នាំចាស់ ​២០០​ដុល្លារ​។

ទម្រាំបានឡើង​២ដុល្លារ​ពីនិយោជក ​ភាគីពាក់ព័ន្ធ​បានឆ្លងកាត់​ការចរចាជាច្រើនជុំ​ប្រកបដោយភាពតានតឹង ​ដោយសារ​ភាគីនិយោជក​តែងមានការ​ត្អូញត្អែរថា​ខ្លួនក៏រងនូវវិបត្ត​សេដ្ឋកិច្ចក្រោយ​កូវីដ-១៩ ​និងវិបត្តសេដ្ឋកិច្ច​ពិភពលោក​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ