អានតួអត្ថបទ

របាយការណ៍ ៖ ម៉ាក​សម្លៀក​បំពាក់​ល្បីៗ​ជំពាក់​ប្រាក់​កម្មករ​រាប់​លាន​ដុល្លារ អំឡុង​ពេល​កូវីដ១៩

ម៉ាក​សម្លៀក​បំពាក់​ល្បីៗ​ចំនួន​៦​ ជំពាក់​ប្រាក់​កម្មករ​កម្ពុជា​ទាំង​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់បញ្ចប់​កិច្ច​សន្យា​ប្រមាណ​ជាង​៣០០​លានដុល្លារ (៣៤២.៥) នៅ​រវាង​ឆ្នាំ​២០២១-២០២២ ​ក្នុងអំឡុង​​វិបត្តិ​កូវីដ​១៩។

ក្រុមហ៊ុនសម្លៀក​បំពាក់​ល្បីៗ​ជំពាក់​ប្រាក់​កម្មករ​រាប់​លានដុល្លារ ​អំឡុង​ពេល​កូវីដ១៩
ក្រុមហ៊ុនសម្លៀក​បំពាក់​ល្បីៗ​ជំពាក់​ប្រាក់​កម្មករ​រាប់​លានដុល្លារ ​អំឡុង​ពេល​កូវីដ១៩ © AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

តួលេខ​នេះ​ គឺផ្អែក​តាម​ការស្រាវជ្រាវ​ក្នុង​យុទ្ធនាការ​សម្លៀក​បំពាក់​ស្អាត(Clean Clothes Campaign)របស់​អង្គការ​សង់ត្រាល់ សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យកម្មករ​កាត់ដេរ​កម្ពុជា និង​សហព័ន្ធ​សហជីពកម្មករ​កម្ពុជានា​ពេល​ថ្មី​ៗ​នេះ​ក្រោម​ចំណង​ជើងថា សម្ពាធ​ក្រោម​ថ្នេរ​ក្រណាត់​ស្ដីពីការ​បាត់​បង់​ប្រាក់​ឈ្នួល​ក្នុង​វិស័យវាយ​នភណ្ឌកាត់ដេរ​កម្ពុជា។

ក្រុមហ៊ុន​សកល​ទាំង​៦​នោះ ​រួម​មាន៖Adidas ក្នុង​ទឹក​ប្រាក់​ប៉ាន់​ប្រមាណ​១១,៧លាន Nike ក្នុង​ទឹក​ប្រាក់​ប៉ាន់ប្រមាណ​៧,៥លាន Target USA ក្នុង​ទឹក​ប្រាក់​ប៉ាន់​ប្រមាណ​៧,៦លាន GAP ក្នុង​ទឹក​ប្រាក់​ប៉ាន់​ប្រមាណ៦,៧លាន Puma ក្នុង​ទឹក​ប្រាក់​ប៉ាន់​ប្រមាណ​៥,៩លាន Levi Strauss ក្នុង​ទឹក​ប្រាក់​ប៉ាន់​ប្រមាណ​៣,៩លាន។

នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​កម្រាស​ជិត​២០​ទំព័រ ក្រុម​អ្នក​ចង់​ក្រង​បាន​គូស​បញ្ជក់​ថា ការស្រា​វ​ជ្រាវ​របស់ខ្លួន គឺ​យោង​ទៅ​លើ​ការ​អង្កេត និង​ប្រមូល​ទិន្នន័យជាមួយ​កម្មកររោង​ចក្រកាត់ដេរ​ចំនួន​៣០៨​នាក់ ដែល​៦៥ភាគ​រយ គឺ​ជា​ស្ត្រី​។ ពុំ​តែ​ប៉ុណ្ណោះ​គេ​បាន​ផ្ទៀងផ្ទាត់​ជាមួយ​ឯកសារ​ផ្សេងទៀត​ដូច​ជា៖ បណ្ណបើក​ប្រាក់​ឈ្នួល​ចេញ​ដោយ​រោងចក្រ ទិន្ន័យ​បញ្ជូន​ទំនិញ និង​ទិន្នន័យ​នាំ​ចេញ​ព្រម​ទាំង​ឯកសារ​ពាក់ព័ន្ធ​និង​ឯកសារ​មាន​ស្រាប់​មួយ​ចំនួន។

ជា​លទ្ធផល​ការ​ស្រាវជ្រាវខាងលើនេះ បានរកឃើញចំណុច​៣ ​ដែល​​បញ្ជាក់​​ថា ម៉ាក​សម្លៀក​បំពាក់​ល្បីៗចំនួន​៦ ជំពាក់​ប្រាក់​កម្មករ​កម្ពុជា​ទាំង​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ប្រមាណ​៣៤២.៥លាន​ដុល្លារ គឺទី១-ប្រាក់​ឈ្នួល​ធ្លាក់​ចុះ ទី២-ប្រព័ន្ធ​ដែល​ពឹង​ផ្អែក​លើ​ការងារ​ថែម​ម៉ោង ឬ​ប្រាក់​ថែម​ម៉ោងមាន​ការ​ធ្លាក់​ចុះ​៦០ភាគរយ​នៅ​រវាង​ឆ្នាំ២០២០-២០២៣ ទី៣-ការ​កើន​ឡើង​បំណុល។

កម្មករ​៩១​ភាគ​រយបាន​ឲ្យដឹង​ថា កំពុងជំពាក់​បំណុល​យ៉ាង​ហោចចំនួន​មួយបំណុល ​នៅ​ពេល​បច្ចុប្បន្ន និង៧០​ភាគរយ​ផ្សេងទៀតថា ការ​រាតត្បាតនៃ​ជម្ងឺ​កូវីដ១៩ ជា​ហេតុ​ផល​មួយ​ទៀត​ ដែលធ្វើ​ឲ្យ​បំណុល​កើន​ឡើង។ ការកើនឡើងនៃ​ចំណាយ​រស់នៅប្រចាំថ្ងៃ​ បានបង្ខំ​ឲ្យ​កម្មករ​ទៅ​រក​ប្រាក់​កម្ចី​ដែល​មាន​អត្រាការ​ប្រាក់​ខ្ពស់​រហូត​ដល់​២០ភាគ​រយ ហើយ​កម្មករ​មួយ​ចំនួន​បាន​បញ្ជាក់​ពី​និន្នាការ​ថ្មី​មួយ​ដែល​គួរ​បារម្ភ​គឺ​ការ​ខ្ចី​ប្រាក់​ពី​ប្រធាន​ក្រុម​នៅក្នុង​រោង​ចក្រ។​ បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយ​សារ​រោងចក្រ​ជា​ច្រើន​ព្យួរ​កិច្ច​សន្យាការងារ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ដោយ​ជំងឺកូវីដ១៩ ដែល​ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល និង​ការងារ​ថែម​ម៉ោង​ធ្លាក់​ចុះ​ចាប់​ពី​ឆ្នាំ​២០២០ ហើយ​ថ្លៃ​ចំណាយ​សម្រាប់ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​បែរ​ជា​កើន​ឡើង។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស្រង់​សំដីកម្មករ​ ដែលអំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​វិស័យ​ឧស្សាហកម្ម​ជា​បន្ទាន់ ដោយ​សំដៅ​ដល់​ក្រុម​ហ៊ុន​ម៉ាក​ល្បីៗ​ទាំង​៦​។ ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ទាំង​៥​ ដែល​គេ​ចង់​ឃើញបំផុតនោះ គឺការដោះស្រាយវិវាទ​ស្ដីពី​ការ​លួច​ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ក្នុង​សង្វាក់​ផ្គត់ផ្គង់​ជា​បន្ទាន់ ​ដើម្បី​ឲ្យ​កម្មករ​កាត់​ដេរ​ទទួល​បាន​ប្រាក់​ឈ្នួល ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​តាម​ច្បាប់។

ដំណោះស្រាយដែល​គេ​ចង់បាន​ពីរដ្ឋាភិបាល​អូស្ត្រាលី សហភាពអឺរ៉ុប និងអាមេរិក ​គឺ​អឺរ៉ុប​គួរបង្កើត​ឲ្យ​មាន​លិខិតបទដ្ឋាន​គតិយុត្តិ​ដាច់ដោយ​ឡែក ​ដើម្បី​ហាមឃាត់​ការ​ប្រើប្រាស់​ការ​ធ្វើ​ប្រតិបត្តិការពាណិជ្ជកម្ម​មិន​យុត្តិធម៌​ក្នុង​វិស័យ​វាយនភណ្ឌ និង​សម្លៀក​បំពាក់។ មាន​ន័យ​ថា ការ​បង់​ប្រាក់​យឺត​យ៉ាវ ឬការ​លុប​ចោល​ការ​បញ្ជា​ទិញ​ប្រញាប់ប្រញាល់ ​ត្រូវ​ចាត់ទុក​ជា​ទង្វើ​ខុស​ច្បាប់។ នេះ​ជា​ចំណុច​មួយ​ក្នុងចំណោម​សំណូមពរ​ទាំង៥ ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ចង់​បាន​ពី​អូស្ត្រាលី សហភាព​អឺរ៉ុប និង​អាមេរិក​។

ជុំវិញ​របាយការណ៍នេះ​ គឺមិនទាន់​មានការឆ្លើយតប​ពីក្រសួងការងារ​កម្ពុជា និង​ក្រុមហ៊ុន​បញ្ជាទិញ​ទាំង​៦​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ