អានតួអត្ថបទ

វិស័យ​ឯកជន​៖ ​គោល​នយោបាយ​បញ្ចុះ​តម្លៃ​អគ្គិសនី​មាន​លក្ខណៈ​រឹតត្បិត

វិស័យ​ឯកជន ​ដែល​គ្របដណ្តប់​រោងចក្រ​កាត់ដេរ​ ផលិត​ស្បែកជើង ​និង​សម្ភារៈ​ធ្វើដំណើរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បានថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល ​ដែលបាន​គិតគូរ​បញ្ចុះថ្លៃ​អគ្គិសនី​ ដែល​គោលនយោបាយ​នេះ​រួមចំណែក​ជួយ​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម​។ យន្តការនេះ ​បានធ្វើឡើង​១​ថ្ងៃ​ក្រោយ​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ឲ្យ​ចាប់ផ្តើម​បញ្ចុះ​តម្លៃ​អគ្គិសនី​ដល់​សហគ្រាស​ជាង​២​ម៉ឺន ​តាម​កំរិត​ណាមួយ​ចាប់ពី​ខែ​តុលា​ខាងមុខ​។

ខ្សែបណ្តាញតង់ស្យុងអគ្គិសនីកម្ពុជា
ខ្សែបណ្តាញតង់ស្យុងអគ្គិសនីកម្ពុជា © EDC
ផ្សាយពាណិជ្ជកម្ម

ទន្ទឹមគ្នានឹង​ការថ្លែងអំណរគុណដល់​រដ្ឋាភិបាល ដែលបានគិតគូរ​បញ្ចុះតម្លៃអគ្គិសនី ​លោក កាំង ម៉ូនីកា ​អគ្គលេខា​ធិការរងសមាគម​វាយនភណ្ឌ​សម្លៀកបំពាក់ ​ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា(TAFTAC) បានលើកឡើងថា ​គោលនយោបាយ​បញ្ចុះតម្លៃអគ្គិសនីនេះ​ មានលក្ខណៈរឹតត្បិត​ ដែលរោងចក្រជាច្រើន​នឹងទទួលបានផល​ប្រយោជន៍តិចតួច​ ឬមិនអាចទទួលបាន​តែម្តង ដោយសារតែ​ការបញ្ចុះតម្លៃមិនបាន​អនុវត្តលើបរិមាណ​ថាមពលអគ្គិសនីសរុប​ ដែលបានប្រើប្រាស់​នោះទេ​។

ផ្ទុយទៅវិញ ​ការបញ្ចុះថ្លៃនេះ​អនុវត្តចំពោះតែ​បរិមាណ ដែលប្រើប្រាស់​លើសមធ្យមភាគប្រចាំខែ​នៃការប្រើប្រាស់៦ខែ ​ចុងក្រោយតែប៉ុណ្ណោះ។ ​ជាងនេះទៀត ការអនុវត្ត​គោលនយោបាយនេះ ​មានរយៈពេលខ្លី​ ហើយអ្នកប្រើប្រាស់ ​ត្រូវឆ្លងកាត់ការដាក់ពាក្យ​ស្នើសុំដាច់ដោយឡែក​រៀងៗខ្លួនទៅអ្នក​ផ្គត់ផ្គង់អគ្គិសនី​ក្នុងតំបន់របស់​ខ្លួន​។

ការលើកឡើង​របស់លោក ​កាំង ម៉ូនីកា ​ធ្វើឡើងក្រោយក្រសួង​រ៉ែ និងថាមពល ​បានចេញសេចក្តីប្រកាស​ព័ត៌មានមួយ​កាលពីថ្ងៃពុធ ​ដោយមានលក្ខខណ្ឌ​ចំនួន៤ចំណុច​ នោះគឺទី១ បញ្ចុះអត្រាថ្លៃ​ចំនួន១០% សម្រាប់​បរិមាណថាមពលដែល​ប្រើប្រាស់លើសមធ្យមភាគ​ប្រចាំខែពីថ្ងៃចន្ទ​ ដល់ថ្ងៃសៅរ៍​ចន្លោះម៉ោងពី៧ព្រឹក​ ដល់៩យប់។ ​ទី២ គឺបញ្ចុះអត្រាថ្លៃ​២០% សម្រាប់បរិមាណ​ថាមពល​ដែលប្រើប្រាស់លើស​មធ្យមភាគប្រចាំខែ​ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍​ចន្លោះម៉ោងពី៩យប់​ ដល់ម៉ោង ៧ព្រឹក​ និង២៤ម៉ោងសម្រាប់​ថ្ងៃអាទិត្យ និងថ្ងៃ​បុណ្យជាតិ។

ទី៣ គឺរយៈពេល​អនុគ្រោះថ្លៃ ​ដើម្បីលើកទឹកចិត្តឲ្យ​បង្កើនការប្រើប្រាស់ខាងលើ​មានរយៈពេល៣ខែ ​ចាប់ពីខែតុលា ​ដល់ខែធ្នូ ឆ្នាំ២០២៣​ និងអាចពិនិត្យ​បន្តតាមរយៈការ​ជូនដំណឹងមុន៣០​ថ្ងៃ តាមលទ្ធភាព​ជាក់ស្តែងរបស់​អគ្គិសនីកម្ពុជា។​ និងចុងក្រោយ​គឺ អតិថិជន​អ្នកប្រើប្រាស់​អគ្គិសនីប្រភេទ​ឧស្សាហកម្ម ​និងកសិកម្ម ​ភ្ជាប់ពីបណ្តាញតង់ស្យុង​មធ្យម និងតង់ស្យុង​ខ្ពស់ ដែលយល់ថា​ខ្លួនមាន​លទ្ធភាពបង្កើន​ការប្រើប្រាស់ និងមានបំណង​ទទួលបានការអនុគ្រោះ​ថ្ងៃនេះ ​ត្រូវធ្វើការដាក់ពាក្យ​ស្នើសុំទៅអ្នក​ផ្គត់ផ្គង់អគ្គិសនីក្នុង​តំបន់របស់ខ្លួន​។

ក៏ប៉ុន្តែ​លោក កាំង ម៉ូនីកា ​យល់ឃើញថា​មានតែការបញ្ចុះជាទូទៅ​លើបរិមាណប្រើប្រាស់​សរុបតែ​ប៉ុណ្ណោះទើបអាច​ផ្តល់នូវការគាំទ្រ​ដល់គ្រប់​រោងចក្រ ​សហគ្រាស ​ដែលកំពុង​រងនូវការ​ថយចុះ​ផលិតកម្ម។​ លោកបញ្ជាក់ថា ​លុះត្រាតែមានការ​បញ្ជាទិញថែមប៉ុណ្ណោះ​ ទើបរោងចក្រ​អាចបង្កើនការ​ប្រើប្រាស់។ ​ក្នុងករណីពុំមានការ​កើនឡើងនៃ​ការបញ្ជាទិញ​ រោងចក្រនឹងមិនអាច​បង្កើនសកម្មភាព​ផលិត ហើយប្រើប្រាស់​អគ្គិសនីបន្ថែមឱ្យលើសពី​មធ្យមភាគនៃការ​ប្រើប្រាស់ ៦​ខែកន្លងទៅ​នោះទេ។

តាមលោក ​ម៉ូនីកា រដ្ឋាភិបាល​គួរពិចារណាផ្តល់​ការគាំទ្របន្ថែម ​ដែលមានលក្ខណៈ​ទូលំទូលាយ ​ផ្តល់លទ្ធភាពឱ្យ​គ្រប់រោងចក្រ​ សហគ្រាស អាច​ទទួលបាននូវផល​ប្រយោជន៍ពីគោលនយោបាយ​បញ្ចុះថ្លៃអគ្គិសនី​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ