អានតួអត្ថបទ

សហគ្រាស​ជាង២​ម៉ឺន នឹង​ទទួលបាន​ការ​ចុះតម្លៃ​អគ្គិសនី​ចាប់ពី​ខែ​តុលា​ទៅ

សហគ្រាស​នៃ​វិស័យឯកជន​ជាង​២ម៉ឺន ​នឹងទទួលបាន​ការបញ្ចុះតម្លៃ​អគ្គិសនី​ក្នុងកំរិត​ណាមួយ​ ដែលនឹង​ចាប់ផ្តើម​នៅខែ​ក្រោយ​នេះ​។​ នេះបើតាម​ការ​បញ្ជាក់ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​នៅក្នុង​ឱកាស​នៃពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​នៅស្រុក​បាទី ​ខេត្ត​តាកែវជិត​២​ម៉ឺន​នាក់ ​នាព្រឹក​ថ្ងៃអង្គារ​នេះ​។ វិស័យ​ឯកជន​បានសម្តែង​នូវការ​សាទរ​ចំពោះ​ចំណាត់ការ​នេះ​។

ក្រុមការងារអគ្គិសនីកម្ពុជាកំពុងធ្វើការលើអាកាស
ក្រុមការងារអគ្គិសនីកម្ពុជាកំពុងធ្វើការលើអាកាស EDC
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខកម្មករ​និយោជិតជិត២ម៉ឺន​នាក់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បានប្រាប់ទៅ​លោក កែវ រតនៈ ​រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល ឲ្យចាប់ផ្តើម​ធ្វើការបញ្ចុះតម្លៃអគ្គិសនី​កំរិតណាមួយភ្លាមៗ​ ចាប់ពីខែតុលា ​ខាងមុខនេះ ​ដល់សហគ្រាស​ចំនួនជាង ២១ ០០០ ​នៅក្នុង​ប្រទេស​កម្ពុជា។

ការបញ្ចុះតម្លៃ​អគ្គិសនីនេះ ​គឺជាការជួយ​ដល់​រោងចក្រ​សហគ្រាសនៅក្នុង​វិស័យឧស្សាហកម្ម ​និង​កសិកម្មដែលមាន​ការផលិតច្រើន​ ក្នុងការបង្កើន​អត្ថប្រយោជន៍ផ្សេង​ៗដល់កម្មករ​និយោជិត ជាពិសេស​ការតម្លើងប្រាក់ឈ្នួល​អប្បបរមារបស់​កម្មករនិយោជិត​។ នេះបើតាម ​លោក ហ៊ុន ម៉ាណែត។​ លោកបន្ថែមថា​រដ្ឋាភិបាល​នឹងពិនិត្យមើល​ក្នុងការជួយដល់​សហគ្រាសបន្ថែមទៀត​ប្រសិនបើរយៈពេល​៣ខែ​ខាងមុខនេះ​ដំណើរការទៅបាន​ល្អ​។

ពាក់ព័ន្ធនឹង​ចំណាត់ការរបស់​ប្រមុខរដ្ឋាភិបាលដូច្នេះ​ លោក កាំង ម៉ូនីកា ​អគ្គលេខាធិការរងសមាគម​វាយនភណ្ឌ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា(TAFTAC) យល់ឃើញថា ​សមាគមសង្ឃឹមថាក្រសួង​រ៉ែ និងថាមពល ​នឹងចាត់វិធានការយ៉ាង​ឆាប់រហ័ស ​ក្រោមការណែនាំរបស់​នាយករដ្ឋមន្ត្រី ​ដើម្បីជួយដល់​វិស័យឧស្សាហកម្មជា​ទូទៅ ជាពិសេសវិស័យ​វាយនភណ្ឌ កាត់ដេរ​ ផលិត​វស្បែកជើង​ និងទំនិញ​ធ្វើដំណើរ។

លោកថា ក្នុងនាម​ជាវិស័យផលិតកម្ម ​ដែលបានចុះកិច្ចសន្យា​ចំណាយលើការផលិតគឺ​ជាគន្លឹះនៃការប្រកួតប្រជែង ​ដូច្នេះអ្វីដែលអាចរួមចំណែក​ដល់ការកាត់បន្ថយ​ការចំណាយ​ពិតជាមានសារៈសំខាន់​យ៉ាងខ្លាំង​។ ជាការពិត​ការបញ្ចុះតម្លៃ​អគ្គិសនីកាន់តែច្រើន​កាន់តែប្រសើរ​ ដោយសារ​តម្លៃពលកម្មនៅ​កម្ពុជាបានកើនឡើងខ្ពស់​ជាងដៃគូ​ប្រកួតប្រជែង​របស់ខ្លួន។ នេះបើតាម​លោក កាំង ម៉ូនីកា​។

ជាការកត់សម្គាល់ ​ថ្លៃដើម និងការចំណាយ​ក្នុងការផលិតនៅក្នុង​ប្រទេសកម្ពុជា​ ត្រូវគេមើលឃើញថា​ខ្ពស់ជាងប្រទេស​ជិតខាង​ ឬប្រទេសដែល​មានឧស្សាហកម្មប្រហាក់ប្រហែល​គ្នា ជាហេតុធ្វើឲ្យ​អ្នកវិនិយោគនៃ​វិស័យឯកជន​នានាមានការ​ត្អូញត្អែរ ​និងមានភាព​មិននឹងនរ​ក្នុងការដាក់​ទុនវិនិយោគនៅក្នុង​ប្រទេស​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ