អានតួអត្ថបទ

ការ​ចរចា​ប្រាក់ឈ្នួល​កម្មករ​កាត់ដេរ​ឆ្នាំ​២០២៤ ​នៅថ្ងៃ​ចន្ទ​នេះ ​មិនមាន​លទ្ធផល​ជាវិជ្ជមាន​ទេ

ការ​ចរចា​ត្រីភាគី​លើ​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​និយោជិត​នៃ​វិស័យ​វាយនភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែកជើង​ និង​សម្ភារៈ​ធ្វើដំណើរ​ឆ្នាំ​២០២៤ ​នៅថ្ងៃ​ទី​១១ ​ខែ​កញ្ញា​នេះ ​មិនមាន​ការ​វិវត្តន៍​ជាវិជ្ជមាន​ទេ​ ដោយសារ​ភាគីកម្មករ​និយោជិត ​និង​ភាគី​និយោជក​ប្រកាន់​ជំហរ​តឹងតែង​រៀងខ្លួន​។ ​ការ​មិនត្រូវរ៉ូវ​គ្នានេះ ​ក៏ព្រោះតែ​ភាគី​សហជីព​ ដែល​ការពារ​ប្រយោជន៍​កម្មករ​និយោជិត​នៅតែបន្ត​ទាមទារ​ការតម្លើង​១៥​ដុល្លារ​លើ​ប្រាក់ឈ្នួល​ចាស់​២០០​ដុល្លារ ​ហើយ​ភាគី​និយោជក​មិនអាច​តម្លើង​បាន​លើសពី​១​ដុល្លារ​ ពីលើ​ប្រាក់ឈ្នួល​ចាស់​។

ការចរចាតម្លើងប្រាក់ឈ្នួលឆ្នាំ២០២៤
ការចរចាតម្លើងប្រាក់ឈ្នួលឆ្នាំ២០២៤ © MoL
ផ្សាយពាណិជ្ជកម្ម

ភាគី​និយោជក និង​ភាគីកម្មករនិយោជិត​ទំនងជានៅ​រង់ចាំមើលជំហរគ្នា​ទៅវិញទៅមក​ជុំវិញការចរចា​កំណត់ប្រាក់ឈ្នួល​កម្មករនិយោជិត​វិស័យវាយនភណ្ឌ ​កាត់ដេរ ផលិតស្បែកជើង​ និង​សម្ភារៈធ្វើដំណើរ​។ ជាក់ស្តែង​ការចរចា​ពេញមួយព្រឹកថ្ងៃចន្ទ​នេះ ភាគីទាំងពីរ​មិនបាន​បង្ហាញពីជំហរ​ជាវិជ្ជមានណាមួយ​ក្នុងការឡើង ​និងការ​បញ្ចុះតួលេខ​នោះឡើយ ​ដោយ​សហជីព​ ដែល​ការពារសិទ្ធិ​កម្មករនិយោជិត​នៅបន្ត​ទាមទារ​ការតម្លើង​១៥ដុល្លារ​ដដែល ​ពីលើប្រាក់ឈ្នួល​អប្បបរមា​ចាស់​២០០​ដុល្លារ​។

ក៏ប៉ុន្តែ​ភាគីនិយោជក ​ដែល​ការពារប្រយោជន៍​ថៅកែរោងចក្រ​ក៏មិនបាន​បង្ហាញសញ្ញាវិជ្ជមាន​ណាមួយ​តម្លើងប្រាក់ឈ្នួលតាមការទាមទារ​របស់សហជីព​ដែរ ជាហេតុធ្វើឲ្យ​លទ្ធផលនៃកិច្ចប្រជុំ​ត្រីភាគីនៅថ្ងៃនេះ មិនខុសគ្នា​នឹងលទ្ធផល​កាលពីការចរចា​លើកមុនឡើយ​។

លោក ​កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម ​វាយនភណ្ឌ ​សម្លៀកបំពាក់ ​ស្បែកជើង ​និង​ផលិតផលធ្វើដំណើរ​នៅកម្ពុជា​(TAFTAC)​ ឲ្យដឹងថា​គោលជំហររបស់​និយោជក ​គឺយោងលើ​លក្ខណៈវិនិច្ឆ័យ​ទាំ៧ចំនុច ​ដែលគ្រប់ភាគី​បានឯកភាពគ្នា​សម្រាប់ធ្វើជាមូលដ្ឋាន​ក្នុងការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​។ ​លោកថា មិនមែន​និយោជក​គ្មានបេះដូង​គិតគូរ​ពី​កម្មករ​និយោជិត​របស់​ពួកគេ​ទេ តែស្ថានភាព​សេដ្ឋកិច្ច​វាមិនអំណោយផល​។

ទោះយ៉ាងណា ​ការតម្លើងប្រាក់ឈ្នួល​គោលដល់កម្មករ​និយោជិតវិស័យកាត់ដេរ​នៅកម្ពុជាទំនង​ដល់ចំណុចមួយ​ចាល់សម្រាប់ភាគី​និយោជក ​ដោយមានការស្ទាបស្ទង់​ថានិយោជក​ទំនងជានឹងមិនអាច​តម្លើងប្រាក់ឈ្នួល​ច្រើនលើស​ពីកន្លះ​ដុល្លារ​ ឬ១​ដុល្លារនោះទេ ​បើទោះណាជា​ភាគីសហជីព​ព្រមចុះច្រើន​ពីតួលេខ​ទាមទារ​១៥ដុល្លារ​ក៏ដោយ​។ នេះបើតាម​ការសង្កេត​ពីភាពតានតឹង​នៃការចរចារ​បស់ភាគីសហជីព​។

ភាគីសហជីព​នៅតែបង្ហាញ​ការព្រួយបារម្ភ​ដដែលថា​ស្ថានភាពជីវភាព​របស់កម្មករ​និយោជិត ​មានការលំបាក​ជាងការលំបាក​ដែលនិយោជក​មាន ដោយសារ​ការចំណាយ​ប្រចាំខែ​កាន់តែខ្ពស់​ទៅៗ​ ប្រឈមនឹង​អតិផរណា​នៃទំនិញទីផ្សារ ​ការទទួលខុសត្រូវ​ក្នុងបន្ទុក​គ្រួសារ​កាន់តែធំជាងមុន​ជាដើម​។

សូមបញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្មករ​និយោជិត​ម្នាក់​ៗ ត្រូវគេដឹងថា​ទទួលបាន​ប្រាក់ឈ្នួល​សរុបជាមធ្យម​ចំនួន​២៧៥ដុល្លារ​ក្នុង១​ខែ ឬ ​៣ ៣០០​ដុល្លារក្នុង១​ឆ្នាំ។​ បន្ថែមពីលើនេះ ​កម្មករនិយោជិត​ក៏ទទួលបាន​នូវប្រាក់បំណាច់​អតីតភាពការងារ​ចំនួន​៥% ​បន្ថែមទៀត​នូវរៀងរាល់​៦ខែម្តង​។ ក្នុងពេលធ្វើការ​ កម្មករនិយោជិតទាំងអស់​ទទួលបាននូវការ​ធានារ៉ាប់រងគ្រោះថ្នាក់​ការងារ ​និងការ​ធានារ៉ាប់រង​សុខភាពផងដែរ​។ នៅពេលដល់​អាយុចូលនិវត្តន៍ ​កម្មករនិយោជិត​ទាំងអស់ក៏នឹង​ទទួលបាននូវ​ប្រាក់សោធន​មួយទៀត។​

យ៉ាងណាក្តី ​គេនៅរង់ចាំមើល​លទ្ធផលចុងក្រោយ​បំផុតនៅថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែលគេ​រំពឹងថាអាចនឹង​មានកាដូ​ពិសេស ​ដែលជាការ​ស្វាគមន៍ដល់​វត្តមាន​នាយករដ្ឋមន្ត្រីថ្មី​គឺ​លោក ហ៊ុន ម៉ាណែត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ