អានតួអត្ថបទ

សង់ត្រាល់៖​កម្មករបាត់ចំណូលចន្លោះពី២៥ទៅ៣០ភាគរយ

ផ្អែក​តាម​របាយការណ៍​អង្កេត​បឋម​របស់​អង្គការ​សង់ត្រាល់ រក​ឃើញ​ថា រោងចក្រ​មួយ​ចំនួន​បាន​កាត់បន្ថយ​បុគ្គលិក​កម្មករ​ជា​មធ្យម​ចន្លោះ​ពី ២០% ទៅ ៣០% នៅ​ឆ្នាំ២០២៣​នេះ ហើយ​កម្មករ​និយោជិត​មួយ​ចំនួន​ធំ​បាត់បង់​ប្រាក់ចំណូល​ចន្លោះ​ពី ២៥ % ទៅ ៣០% បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០២២។

កម្មកររោងចក្រ (រូបតំណាង)
កម្មកររោងចក្រ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

បើតាម​អង្គការដដែលនេះ ភាព​មិន​ច្បាស់លាស់ និង​ជា​ក្តី​បារម្ភ​ធំ​បំផុតនោះ គឺ​សហភាព​អឺរ៉ុប​អាច​នឹង​មាន​ចំណាត់ការ​បន្ថែម​មក​លើ​រដ្ឋាភិបាល​កម្ពុជា ខណៈ​លំហ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅៗ។

​បើ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​បន្ថែម​នោះ អង្គការនេះ ព្រមានថា ​នឹង​បង្ក​ឲ្យ​មាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ ដោយសារតែ​រោងចក្រ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​កម្មករ ឬ​ក៏​ការ​បិទ​ខ្សែសង្វាក់​ផលិតកម្ម និង​អាច​បញ្ឈប់​កម្មករ​ពី​ការងារ​ទ្រង់ទ្រាយ​ធំ​ដោយសារ​ធ្លាក់​ចុះ​ការ​បញ្ជាទិញ​ក្នុង​មូលហេតុ​រង​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល។

តាមរយៈ​ការ​អង្កេត និង​តាមដាន​របស់​អង្គការ​សង់ត្រាល់ ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ ក្នុង​ចំណោម​រោងចក្រ​ជាង ២០ នៅ​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​បាន​បង្ហាញ​ថា មាន​កម្មករ​រាប់​ពាន់​នាក់​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ការ​កាត់បន្ថយ​ម៉ោង​ការងារ មិន​មាន​ការងារ​ថែម​ម៉ោង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​ធ្លាក់​ចុះ​ប្រាក់ចំណូល​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ជាពិសេស​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បំណុល។ វិបត្តិនេះ​ធ្វើ​ឲ្យ​កម្មករ​ត្រូវតែ​បង្ខំ​ចិត្ត​កាត់បន្ថយ​របប​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​រង​សម្ពាធ​វិបត្តិ​ផ្លូវចិត្ត​ជាដើម។

ការ​វិវឌ្ឍ​ស្ថានភាព​នយោបាយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក៏​បាន​ជះឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​វិនិយោគ​បរទេស​ក្នុង​ការ​បោះទុន​វិនិយោគ​មក​ប្រទេស​កម្ពុជា នៅ​ពេល​ជិត​ដល់​ការ​បោះឆ្នោត​ជាតិ​ម្ដងៗ ដោយសារតែ​ភាព​មិន​ច្បាស់លាស់​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស និង​ភាព​មិន​ច្បាស់លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP ដល់​កម្ពុជា។ នេះបើតាមអ្នកជំនាញរបស់ជំនាញរបស់អង្គការសង់​ត្រាល់។

គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២៣ កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ចំនួន ១០៧៧​រោងចក្រ ភាគច្រើន​គឺជា​រោងចក្រ​ស្ថិត​ក្រោម​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ចិន ហើយ​វិស័យ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​មួយ​នេះ ពឹង​ផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការ​នាំចូល​វត្ថុធាតុ​ដើម​ពី​បរទេស រួម​មាន​ប្រទេស​ចិន វៀតណាម និង​ម៉ាឡេស៊ី ជាដើម។ វិស័យ​នេះ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាង ១​លាន​នាក់ ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២,៥​លាន​នាក់​ទទួល​បាន​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ពី​វិស័យ​មួយ​នេះ ខណៈ​ដែល​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​ជាង ៨​លាន​នាក់ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា រយៈពេល ៧​ខែ​ដើម​ឆ្នាំ​២០២៣ ចំណូល​កម្ពុជា​ដែល​បាន​មកពី​ការ​នាំចេញ​សម្លៀកបំពាក់ គឺ​បាន​ថវិកា​ជាង ៤,៤​ពាន់​លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ គឺ​ថយ​ចុះ​ប្រមាណ ២០% ខណៈ​ការ​នាំចេញ​ស្បែកជើង​ទទួល​បាន​ចំណូល ៨០៨​លាន​ដុល្លារ គឺ​ថយ​ចុះ​ប្រមាណ ២២,៧% បើ​ធៀប​នឹង​រយៈពេល​ការ​នាំចេញ​កាលពី​ឆ្នាំ​២០២២។

ទិន្នន័យ​បឋម​ពី​អង្គការ​សង់ត្រាល់ បង្ហាញ​ថា កម្មករ​រោងចក្រ​ប្រហែល ២០០០០​នាក់​ក្នុង​ចំណោម​ជាង ២០​រោងចក្រ​ត្រូវ​បាន​ថៅកែ​ព្យួរ​ការងារ ឬ​បញ្ឈប់​ការងារ គិត​ចាប់ពី​ខែ​កុម្ភៈ ដល់​ខែ​កក្កដា ក្នុង​ឆ្នាំ​២០២៣ នេះ ហើយ​រោងចក្រ​មួយ​ចំនួន​មិន​បាន​គោរព​តាម​លក្ខខណ្ឌនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ