អានតួអត្ថបទ

ក្មេងប្រុសម្នាក់ បានស្លាប់ ក្រោយពីផឹកភេសជ្ជៈគ្រឿងកំប៉ុងជាប្រចាំ

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ បានស្លាប់ ក្រោយពីផឹកភេសជ្ជៈគ្រឿងកំប៉ុងជាប់ជាប្រចាំ អស់រយៈពេល៤ឆ្នាំ។ ជាការកត់សម្គាល់ ក្រោយហេតុការណ៍នេះ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចកំណត់អត្រាអាករពិសេសលើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ដល់១៥% ខណៈបន្ថយអត្រាអាករ ពិសេសលើភេសជ្ជៈសុខភាពមួយចំនួន មក៥%៕

ក្មេងប្រុសស្លាប់ក្រោយផឹកភេសជ្ជៈកំប៉ុងជាប្រចាំ
ក្មេងប្រុសស្លាប់ក្រោយផឹកភេសជ្ជៈកំប៉ុងជាប្រចាំ © ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី១៩សីហានេះ មានក្មេងប្រុសវ័យ១៤ឆ្នាំ​ម្នាក់ បានស្លាប់ ដោយសារមានបញ្ហាតម្រងនោម និងក្រលៀន ក្រោយបានផឹកភេសជ្ជៈគ្រឿងកំប៉ុង ជាប្រចាំអស់រយៈពេល៤ឆ្នាំមក។ ឪពុកម្ដាយរបស់ក្មេងប្រុសនេះ បានឲ្យដឹងថា កូនរបស់គាត់តែងនិយមផឹកភេសជ្ជៈប្រភេទកំប៉ុងជាប្រចាំ តាំងពីមានអាយុ១០ឆ្នាំមកម្ល៉េះ ហើយក្មេងប្រុសរូបនេះ ក៏នៅតែលួចផឹកភេសជ្ជៈមានជាតិផ្អែមទាំងនេះ បើទោះបីជាមានការណែនាំហាមឃាត់ក៏ដោយ។  

ក្រោយមក ចាប់តាំងខែមិថុនាឆ្នាំ២០២៣នេះ ក្មេងប្រុសនេះក៏ចាប់ផ្ដើមមានអាការៈស្លេកស្លាំង ហើមមុខ ព្រមទាំងចាប់ផ្ដើមបញ្ហាតម្រងនោម និង ក្រលៀន ឈានដល់ការបាត់បង់ជីវិត កាលពី២សប្ដាហ៍មុន ទាំងដែលមិនធ្លាប់មានជំងឺធ្ងន់ធ្ងរអ្វីឡើយ កាលពីមុនមក។ នៅចំពោះមុខនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសំណូមពរដល់ឪពុកម្ដាយ ឬអាណាព្យាបាល ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការទម្លាប់ទទួលទានរបស់កូនៗ ជាពិសេសលើភេសជ្ជៈមានជាតិផ្អែមនេះ ដែលហាក់កំពុងតែត្រូវបានចរាចរនិងនិយមក្នុងស្រទាប់មនុស្សវ័យជំទង់។

គួរជម្រាបថា មិនចំពោះតែកុមារ ឬមនុស្សមានវ័យជំទង់ឡើយ ភេសជ្ជៈមានជាតិផ្អែម នឹងជាឃាតករលាក់មុខ ចំពោះមនុស្សគ្រប់វ័យ ប្រសិនបើទទួលទានលើសកំណត់។ ក្រសួងសុខាភិបាលកន្លងមក បានបង្ហាញពីក្ដីបារម្ភ ដោយបានសំណូមពរឲ្យវិស័យពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយពីផលវិបាកចំពោះសុខភាពនៃភេសជ្ជៈមានជាតិផ្អែមទាំងនេះ។ ទន្ទឹមនឹងនេះ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈមានជាតិផ្អែមខ្លាំង ត្រូវបានក្រសួងអប់រំ កំណត់ជាចំណីអាហារហាមឃាត់ ក្នុងការលក់ចែកចាយ នៅតាមគ្រឹះស្ថានសិក្សាអប់រំផងដែរ។  

សូមបញ្ជាក់ថាថ្មីៗនេះ  អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចកំណត់អត្រាអាករពិសេសដល់១៥%​ សម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ខណៈបន្ថយអត្រាអាករពិសេសមក៥%​ សម្រាប់ភេសជ្ជៈសុខភាពផលិតក្នុងស្រុកមួយចំនួន ដូចជា ភេសជ្ជៈបន្ថែមជាតិទឹកដោះគោដែលឆ្លងកាត់កំដៅអ៊ុលត្រាខ្ពស់ ទឹកសណ្ដែក ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង ភេសជ្ជៈគ្មានឧស្ម័ន និងភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ