អានតួអត្ថបទ

សហជីព​ថា​ស្ថានភាព​វិស័យ​កាត់ដេរ​អំណោយផល​ក្នុងការ​តម្លើង​ប្រាក់ឈ្នួល​ដល់​កម្មករ​ តែ​និយោជក​នៅតែ​ត្អូញត្អែរ

ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​ចាប់ផ្តើម​បើកការ​ជជែកគ្នា​ជាលើក​ដំបូង​នៅថ្ងៃ​ទី​១៦ ​ខែ​សីហានេះ ​ក្នុងការ​កំណត់​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​នៃ​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ ​កាត់ដេរ​ ផលិត​ស្បែកជើង ​និង​ផលិតផល​ធ្វើដំណើរ​សម្រាប់​ឆ្នាំ​២០២៤​។ ​ការបើក​ការ​ចរចា​ប្រាក់ឈ្នួល​ត្រីភាគី​នេះ ​នៅមិនទាន់​ជាក់លាក់ ​និង​ស៊ីជម្រៅ​រហូត​ដល់​កំណត់​តួលេខ​ដាក់លើ​តុចរចា​នៅឡើយ​ទេ​ ដោយ​ភាគីទាំងបី​ត្រូវឆ្លងកាត់​ការ​ជួប​ជជែកគ្នា​ផ្ទៃក្នុង និង​ផ្លូវការ​ជាច្រើន​ដំណាក់កាល​ទៀត​។

កម្មករកាត់ដេរ
កម្មករកាត់ដេរ © Marcel Crozet crozet.marcel@gmail.com
ផ្សាយពាណិជ្ជកម្ម

ជំនួបជាលើក​ដំបូង​ត្រីភាគីរបស់​ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួលអប្បបរមា​សម្រាប់កម្មករនិយោជិត​នៃ​វិស័យឧស្សាហកម្ម​វាយនភណ្ឌ ​កាត់ដេរ ផលិតស្បែកជើង​ និងផលិតផលធ្វើដំណើរ​សម្រាប់​ឆ្នាំ​២០២៤ គឺបានត្រឹម​ស្តាប់បទបង្ហាញ​របស់ក្រសួង​ការងារ​ប៉ុណ្ណោះ ខណៈស្ថាប័ន​រដ្ឋមួយនេះ ​បានដើរតួនាទី​សំខាន់ក្នុងការ​ដឹកនាំ​ជជែកគ្នារក​ដំណោះស្រាយរួម​ក្នុងការ​កំណត់ប្រាក់ឈ្នួល​អប្បបរមា​ដល់កម្មករ​ជារៀងរាល់​ឆ្នាំ​។

ជាបទបង្ហាញ​ដែលរំលេច​ពីការរកឃើញ​របស់ក្រសួងការងារ​ពាក់ព័ន្ធ​នឹង​លក្ខណៈវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច និង​សង្គមទាំង​៧ ដូចជា​ស្ថានភាព​គ្រួសារ អតិផរណា ​ចំណាយក្នុងការ​រស់នៅ ​ផលិតភាព ​ភាពប្រកួតប្រជែង ​ភាពចំណេញ​ក្នុងវិស័យ ​និង​ឱកាសវិនិយោគ​ជាដើម​។

ដោយមិនមាន​ការដាក់តួលេខ​ពីសំណាក់​ភាគីនិយោជក ​និង​ភាគីសហជីព​តំណាងកម្មករ​និយោជិត​នៅឡើយ ​តាមរយៈជំនួប​នៅក្រសួងការងារ​នេះ កិច្ចប្រជុំ​បានកំណត់កាលវិភាគនៃ​ការចរចា៦ជំហាន​ទៅមុខទៀត គឺនៅថ្ងៃ​ទី​២៨ ខែ​សីហា ថ្ងៃ​ទី០៤ ទី​១១ ទី​១៨ ទី​២៥ ខែ​កញ្ញា និង​បញ្ចប់នៅថ្ងៃ​ទី​០២ ខែ​តុលា ​ឆ្នាំ២០២៣ ​រួមនឹង​កិច្ចប្រជុំ​ផ្ទៃក្នុងដោយឡែក​ៗនៃ​ភាគទាំងបី​ជាច្រើនលើក​ទៀត​។

ទោះយ៉ាងណា​ភាគីសហជីព​នឹងជួបប្រជុំគ្នា​ផ្ទៃក្នុង​នៅថ្ងៃទី​២១ ខែ​សីហានេះ ដើម្បីកំណត់​តួលេខរួម​មួយយកទៅ​ចរចា​ជាមួយនិយោជក​។ លោក អាត់ ធន់ ​ប្រធានសហភាព​ការងារកម្ពុជា ​បានបញ្ជាក់ថា​មានចំណុចមួយចំនួន​ដែលត្រូវ​មានការ​យកចិត្តទុកដាក់​ជាចាំបាច់​ដូចជា​ស្ថានភាពគ្រួសារ​ អតិផរណា​ជាទូទៅគឺមានក្នុង​រង្វង់ ២,៥%​ តែអតិផរណា​នៃម្ហូបអាហារ​គឺខ្ពស់ខ្លាំង​ដល់ទៅជាង​១០%។ ​ជាមួយគ្នានេះ​ផលិតភាពរបស់​កម្មករខ្មែរ​មានការកើនឡើង​ខ្ពស់នៅឆ្នាំ​នេះ គឺពី២,៦% ​ទៅ៣,១% ​ខណៈដែល​ការប្រកួតប្រជែង​នៅមិនទាន់​មានសញ្ញាណ​អាក្រក់​នៅឡើយ​។

ក៏ប៉ុន្តែលោក​ កាំង ម៉ូនីកា អគ្គលេខា​ធិការរង​សមាគមវាយនភណ្ឌ ​សម្លៀកបំពាក់ ​ស្បែកជើង ​និង​ផលិតផលធ្វើដំណើរ​នៅកម្ពុជា​(TAFTAC)​ បានប្រាប់វិទ្យុ RFI កាលពីពេលថ្មីៗនេះថា​ ស្ថានភាពនៅតែមិនសូវ​ល្អដូចកាលពី​ដើមឆ្នាំ ហើយស្ថានភាព​នេះអាចបន្ត​ដល់ចុងឆ្នាំ​។ ស្ថានភាពនេះ​មិនមានការពាក់ព័ន្ធ​និង​ការបោះឆ្នោត ​ឬនយោបាយផ្ទៃក្នុង​របស់កម្ពុជា​ទេ តែវា​បណ្តាលមកពី​បញ្ហា​សេដ្ឋកិច្ច​សកលដែលលើសពីការ​គ្រប់គ្រង​បានរបស់​យើង​។

តាមការឲ្យដឹងពី​ភាគីសហជីព ​ចំនួនរោងចក្រ ​និងចំនួននៃការនាំចេញ​គឺស្ថិតនៅ​ដដែលទោះជាមាន​ការបិទក្រុមហ៊ុន​ជាង៤០ រយៈពេល​៨ខែកន្លង​ទៅនេះ ដែលប៉ះពាល់​ដល់កម្មករ​ជាង៥​ម៉ឺននាក់​ក៏ដោយ​។ ទាក់ទងទៅនឹង​បញ្ហាផ្សេងៗទៀត​ដូចជាការ​ប្រកួតប្រជែង ​សន្តិសុខសង្គម​ជាដើមកម្ពុជា​មាន​ចំណុចវិជ្ជមាន​ច្រើន ​ខុសគ្នាច្រើន​ពី​ប្រទេស​វៀតណាម​។

ភាគីសហជីព​លើកឡើងថា​វិស័យកាត់ដេរ​កម្ពុជាមានកំរិត​ប្រាក់ចំណេញ​នៅតែខ្ពស់ ​ជាហេតុធ្វើឲ្យ​ភាគីនេះ​ចង់បាន​ការតម្លើងប្រាក់ឈ្នួល​ប្រមាណជាង​១០% ​នៃប្រាក់​ចំណេញ​ប្រចាំឆ្នាំ ​ដែលមានជិត​១​ពាន់លានដុល្លារ​។ ជារួមភាគី​សហជីពធ្លាប់​លើកឡើងថា​កម្មករអាចរស់បាន​សមរម្យនៅក្នុង​កំរិត​ប្រាក់ឈ្នួល​គោល​ចន្លោះពី ២៥០​ ទៅ៣០០ដុល្លារ​ ក្នុងមួយ​ខែ ខណៈប្រាក់ខែ​បច្ចុប្បន្នរបស់​កម្មករ​គឺ​២០០ដុល្លារ​ក្នុងមួយខែ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ