អានតួអត្ថបទ

សហជីព​បង្ហើបថា​ប្រាក់ខែ​គោល​ចន្លោះ​ពី​២៥០ ​ទៅ​៣០០​ដុល្លារ ​ទើប​កម្មករ​អាចរស់​បាន​សមរម្យ

កិច្ចប្រជុំ​ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី​៣ លើកទី​១​ ស្តីពី​ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ ​កាត់ដេរ​ ផលិត​ស្បែកជើង ​និង​ផលិតផល​ធ្វើដំណើរ​សម្រាប់​ឆ្នាំ​២០២៤ ​នឹងត្រូវ​ចាប់ផ្តើម​នៅថ្ងៃ​ទី​១៦​ ខែ​សីហា ​ឆ្នាំ​២០២៣​នេះ​។ ​កិច្ចប្រជុំ​ត្រីភាគី​ដ៏សំខាន់​នៃ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នេះ ​គឺជា​ការ​ប្រទាញប្រទង់​គ្នា​រវាង​និយោជក​ និង​សហជីព​តំណាង​កម្មករ ​និយោជិត ​ដោយ​ភាគី​សហជីព​ត្រៀមការ​ទាមទារ​ឲ្យមាន​ប្រាក់ឈ្នួល​ប្រសើរ​ជាង​ឆ្នាំ​ចាស់ ​ខណៈនិយោជក​តែងមាន​ជំហរ​តឹងរឹង​ក្នុង​ការ​តម្លើង​។

កម្មករកាត់ដេរធ្វើដំណើរតាមរថយន្ត
កម្មករកាត់ដេរធ្វើដំណើរតាមរថយន្ត © សហការី
ផ្សាយពាណិជ្ជកម្ម

ខណៈដែល​ការចរចា​កំណត់ប្រាក់​ឈ្នួលអប្បបរមា​នៃ​វិស័យ​វាយនភណ្ឌ ​កាត់ដេរ ​ផលិត​ស្បែកជើង ​និងផលិតផល​ធ្វើដំណើរ​សម្រាប់​ឆ្នាំ​២០២៤ ​នឹង​ឈានចូល​មកដល់​នៅប៉ុន្មានថ្ងៃ​ខាងមុខ ​នឹងបន្ត​អូសបន្លាយ​រហូតដល់​ចុងឆ្នាំ ​តំណាង​សហជីព​ខ្លះ​បានលើកឡើងថា​កម្មករ ​និយោជិត​នៃ​វិស័យនេះ ​នៅតែ​មានការ​ប្រឈមនឹង​ជីវភាព​រស់នៅ​របស់​ពួកគាត់​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ​ឲ្យដឹងថា​កត្តាសង្គម​បង្ហាញថា​បញ្ហាអតិផរណា​កាន់តែ​ខ្ពស់ ​ដែលកម្មករ​ពិបាក​រស់​ជាមួយ​នឹង​ប្រាក់ខែ​ដូច​បច្ចុប្បន្ន ​ស្ថានភាព​គ្រួសារ​មានការ​លំបាក ​ដែល​មនុស្ស​ម្នាក់​ត្រូវផ្គត់ផ្គង់​សមាជិក​គ្រួសារ​ច្រើននាក់ ​រួមនឹង​ការ​ចំណាយខ្ពស់ ​ក៏ដូចជា​មានបំណុល​ច្រើន​។

ដោយឡែក​កត្តា​សេដ្ឋកិច្ច​វិញ​ លោក ​អាត់ ធន់ ​ថា​កម្ពុជា​មិនទាន់​ប្រឈមនឹង​បញ្ហាភាព​អនុគ្រោះពន្ធ​ EBA​ និង​GSP ​ទេ ផ្ទុយទៅវិញ​កម្មករ​មាន​ផលិតភាព ​និង​បទពិសោធន៍​ខ្ពស់ជាង​មុន ខណៈឱកាស​ទីផ្សារ​និង​កំរិត​ចំណេញនៅតែ​ល្អមិនទាប​ជាងឆ្នាំចាស់​នោះទេ ដែលមាននៅ​ក្នុងរង្វង់​ពី៧០០ ទៅ​៨០០​លានដុល្លារ​។

ក៏ប៉ុន្តែ​សមាគមវាយនភណ្ឌ ​សម្លៀកបំពាក់ ​ស្បែកជើង ​និង​ផលិតផលធ្វើដំណើរ​នៅកម្ពុជា​(TAFTAC)​ នៅមិនទាន់​មានការ​វាយតម្លៃយ៉ាងណា​ទេ ​តែ​សមាគម​នេះ ​កំពុងរៀបចំ​ប្រមូល ​និង​វិភាគទិន្នន័យ​ទាំងអស់​ដែលទាក់ទង​ទៅនឹង​លក្ខណៈ​វិនិច្ឆ័យ​សេដ្ឋកិច្ច ​រួមមាន​ផលិតភាព ​ការប្រកួតប្រជែង​ថ្នាក់ជាតិ ​ស្ថានភាព​ទីផ្សារការងារ​ និងប្រាក់ចំណេញ​នៃវិស័យ ដែលក្នុងនោះ​មានការកត់សម្គាល់​ជាពិសេស ​និង​ការវិភាគលើកត្តាប្រកួតប្រជែង​។ នេះបើតាមលោក​ កាំង មូនីកា អគ្គលេខាធិការ​រងនៃ​សមាគម​ TAFTAC។

តាមលោក ​កាំង ម៉ូនីកា កត្តាប្រកួតប្រជែង​សំខាន់ៗរួមមាន​ កម្រិតប្រាក់ឈ្នួលអប្បបរមា​បច្ចុប្បន្នធៀបនឹង​ប្រទេស​ដទៃទៀត​ ម៉ោងធ្វើការ​សរុបធៀបនឹង​ប្រទេសផ្សេងទៀត ​ការរួមចំណែក​ដល់សន្តិសុខសង្គម ​កំណើននៃ​ទីផ្សារ និង​កំណើននៃ​ការនាំចេញ​ ថ្លៃដឹកជញ្ជូន ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ​និង​ការអនុគ្រោះ​ពាណិជ្ជកម្ម អត្រា​ប្តូរប្រាក់ និង​បរិយាកាស​ធុរកិច្ច​ជាទូទៅ​។

សូមបញ្ជាក់ថា​ប្រាក់ឈ្នួល​គោល​កម្មករ​នៃវិស័យ​ឧស្សាហកម្ម​កាត់ដេរឆ្នាំ​២០២៣ គឺ​២០០ដុល្លារ ​ក្នុង​១​ខែ ក៏ប៉ុន្តែបើតាម​សហជីពតម្រូវការ​ប្រាក់ខែកម្មករ​អាចនឹងនៅក្នុង​រង្វង់ពី​២៥០ ​ទៅ៣០០ដុល្លារក្នុង​១​ខែ ​ទើបអាចរស់​នៅបាន​សមរម្យ។

សូមរំលឹក​ដែរថា ​ការនាំចេញសម្លៀកបំពាក់​ពីប្រទេសកម្ពុជា​ទៅកាន់ទីផ្សារ​បរទេសជាពិសេស​ទីផ្សារអាមេរិក ​និងទីផ្សារអឺរ៉ុប​មានការកើនឡើង​ជាលំដាប់ ក្នុងនោះ​ឆ្នាំ​២០២២ ​កម្ពុជានាំចេញ​គិតជាទឹកប្រាក់​ចំនួនជាង​១០ពាន់​លាន​ដុល្លារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ