អានតួអត្ថបទ
កម្ពុជា-សន្តិសុខ

ឥណ្ឌាបារម្ភថា កំពង់ផែរាមកម្ពុជាបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់

ឥណ្ឌាព្រួយបារម្ភថា មូលដ្ឋានទ័ពជើងទឹករាមកម្ពុជាដែលកំពុងសាងសង់ក្រោមជំនួយរបស់ចិន នឹងគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់( អាស៊ីប៉ាស៊ីហ្វិក)។  នេះបើតាមសារព័ត៌មានឥណ្ឌា NDTV ចុះផ្សាយកាលពីថ្ងៃទី ០៤ សីហា។ ក្នុងនាមជាប្រទេសមហាអំណាចក្នុងតំបន់អាស៊ីមួយផង ឥណ្ឌាអះអាងថា ខ្លួននឹងរជែងឥទ្ធិពលជាមួយចិន ដែលកំពុងកើនឡើងក្នុងតំបន់ ពិសេសលើវិស័យយោធា។

មូលដ្ឋានទ័ពជើងទឹករាម
មូលដ្ឋានទ័ពជើងទឹករាម © East Asia Forum
ផ្សាយពាណិជ្ជកម្ម

កំពង់ផែរាមរបស់កម្ពុជានៅតែជាផ្ទាំងស៊ីបរបស់បរទេស ពិសេសការចោទប្រកាន់ថា ជាកំពង់ផែដែលបម្រើដល់ប្រយោជន៍យោធាចិន។ នាពេលថ្មីនេះៗ សារព័ត៌មានក្នុងស្រុកឥណ្ឌាបានចុះផ្សាយថា មូលដ្ឋានទ័ពរាមរបស់កម្ពុជានឹងក្លាយជាទីតាំងយុទ្ធសាស្ត្ររបស់យោធាចិន ដែលនឹងអាចបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ឥណ្ឌាព្រួយបារម្ភបែបនេះ ដោយសារតែមូលដ្ឋានទ័ពរាមរបស់កម្ពុជាក្រោមជំនួយរបស់ចិន នៅគៀកនឹងតំបន់សមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះយ៉ាងតានតឹងជាមួយបណ្តាសមាជិកអាស៊ានមួយចំនួន និងនៅជិតច្រកសមុទ្រម៉ាឡាកា រួមនឹងសមុទ្រឥណ្ឌាផង។

កត្តាប្រកួតប្រជែងភូមិសាស្ត្រនយោបាយបែបនេះ សារព័ត៌មានក្នុងស្រុកឥណ្ឌាបញ្ជាក់ថា ឥណ្ឌាកំពុងត្រៀមខ្លួនប្រជែងឥទ្ធិពលជាមួយចិន តាមរយៈការបង្កើនសមត្ថភាពកងកម្លាំងយោធា និងការចូលរួមធ្វើសមយុទ្ធយោធាជាលក្ខណៈទ្រង់ទ្រាយធំជាមួយបណ្តាប្រទេសដៃគូដូចជា ជប៉ុន និងសហរដ្ឋអាមេរិកជាដើម។

លើសពីនេះ ឥណ្ឌាក៏ចាប់ផ្តើមពង្រឹងទំនាក់ទំនងការទូតលើវិស័យយោធាជាមួយបណ្តាសមាជិកអាស៊ាន ដូចជា ការផ្តល់នាវាចម្បាំងបំពាក់ដោយកាំជ្រូចប្រភេទក័រវេតទៅឱ្យប្រទេសវៀតណាម ការផ្តល់នាវាមុជទឹកឱ្យប្រទេសភូមា និងការចុះកិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីប្រឆាំងនាវាទៅប្រទេសហ្វីលីពីនក្នុងទំហំទឹកប្រាក់៣៧៥លានដុល្លារ។ 

បន្ថែមពីនេះ ឥណ្ឌាដែលកំពុងព្រួយបារម្ភជុំវិញការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាមរបស់កម្ពុជា ក៏បានបង្កើនការសាងសង់មូលដ្ឋានទ័ពរបស់ខ្លួននៅលើកោះក្បែរសមុទ្រឥណ្ឌាដើម្បីធានាបាននូវសន្តិសុខក្នុងតំបន់ផង។

ពាក់ព័ន្ធការសាងសង់កំពង់ផែទ័ពរាមនេះនាពេលកន្លងទាំងមន្ត្រីក្រសួងការពារជាតិ និងរដ្ឋាភិបាលចេញបញ្ជាក់ពីជំហររបស់ខ្លួនលើការសាងសង់មូលដ្ឋានទ័ពរាម ក្រោយមានការចោទប្រកាន់ជាហូរហែរពីសហគមន៍អន្តរជាតិ។ ក្នុងនោះ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ធ្លាប់បានអះអាងថា រាល់ការអភិវឌ្ឍក្នុងមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា គឺដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ ជាពិសេសដើម្បីការពារអធិបតេយ្យភាព និងបូរណភាពជាតិខ្មែរសុទ្ធសាធ ដោយមិនបានបម្រើដល់ប្រយោជន៍ជូនប្រទេសណាមួយឡើយ។

លោក សុខ ឥសានចាត់ទុកថា រាល់ការអភិវឌ្ឍនានា គឺជារឿងផ្ទៃក្នុងរបស់កម្ពុជា ត្បិតសមត្ថភាពមូលដ្ឋានទ័ពជើងទឹកកម្ពុជានៅមានកម្រិតទាបជាងប្រទេសជិតខាង ដែលមិនទាន់អាចប្រកួតប្រជែងជាមួយគេបាន។ ម្ល៉ោះហើយ ការអភិវឌ្ឍនេះ នឹងឱ្យធ្វើប្រសើរឡើងវិញនូវសមត្ថភាពរបស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។

គិតមកត្រឹមខែសីហានេះ ការសាងសង់កំពង់ផែរាមជិតរួចរាល់ទៅហើយ ដោយរំពឹងថានឹងបញ្ចប់ទាំងស្រុងនាប៉ុន្មានខែខាងមុខនេះ។ បើយោងតាមផ្កាយរណបរបស់ក្រុមហ៊ុនអាមេរិក Blackskyគឺថា សកម្មភាពសាងសង់ចំណតនាវាប្រវែងជាង៧០០ម៉ែត្រចូលទៅមូលដ្ឋានទ័ពរាម កំពុងពន្លឿនការសាងសង់យ៉ាងឆាប់រហ័ស ខណៈមន្ត្រីជំនាញផ្នែកសន្តិសុខសហរដ្ឋអាមេរិកអះអាងថា ចំណតកំពង់ផែនេះ មានសមត្ថភាពគ្រប់គ្រាន់ដែលអាចឱ្យនាវាចម្បាំង នាវាដឹកយន្តហោះប្រភេទធន់ធ្ងន់ចូលចតបាន។ ហើយនៅពេលការសាងសង់ត្រូវបានបញ្ចប់ អាមេរិកថា មូលដ្ឋាននេះនឹងបម្រើផលប្រយោជន៍ឱ្យយោធាចិនពេញទី៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ