អានតួអត្ថបទ
កម្ពុជា-នយោបាយ

ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលគាំទ្រគណបក្សប្រឆាំងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅថ្ងៃនេះ

ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ថ្ងៃ​នេះ។​ បាតុកម្ម​នោះ​កើត​មាន​ឡើង​នៅ​អាល្លឺម៉ង​ សហរដ្ឋអាមេរិក​ កូរ៉េខាងត្បូង​ បារាំង​ជា​ដើម។​ ដ្បិត​ទី​តាំង​ខុស​គ្នា​តែ​បាតុកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​រួម​ដូច​គ្នា​គឺ​ទាមទារ​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា​និង​ជម្រុញ​ពលរដ្ឋ​ប្រើ​សិទ្ធិ​ជា​ម្ចាស់​ឆ្នោត​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។​

ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលគាំទ្រគណបក្សប្រឆាំងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា
ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលគាំទ្រគណបក្សប្រឆាំងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

បាតុ​កម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជាធ្វើឡើងដោយការបរិហាមិនសំចៃមាត់មកលើដំណើរការបោះឆ្នោតដែលកំពុងតែប្រព្រឹត្តទៅនៅថ្ងៃនេះនិងចាត់ទុកការបោះឆ្នោតនៅថ្ងៃនេះក្លែងក្លាយ។

ផ្ដើមចេញពីក្រុងប៉ារីសប្រទេសបារាំងបាតុកម្មប្រឆាំងការបោះឆ្នោតដឹកនាំដោយលោក សម រង្ស៊ីបានរៀបចំនៅថ្ងៃសៅរ៍ម្សិលមិញ។ អមជាមួយស្គរឆៃយាំនៅក្នុងក្បួនបាតុកម្មនោះអ្នកគាំទ្រលោក សម រង្ស៊ី បានកាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសន្លឹកឆ្នោតដោយគូសសញ្ញាខ្វែងជាមួយនឹងការហៅឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដៃកាន់ក្បាលមេក្រូ លោក សម រង្ស៊ី មានវត្តនៅក្នុងចំណោមអ្នកគាំទ្រដែលមានទាំងព្រះសង្ឃផងនោះថ្លែងថា បាតុកម្មនេះធ្វើឡើងក្នុងគោលបំណងទាមទារការផ្លាស់ប្ដូរ ហើយអ្នករស់នៅនាយសមុទ្រមានតួនាទីសំខាន់ក្នុងការទាមទារឲ្យមានការផ្លាស់ប្ដូរនៅកម្ពុជានិងដើម្បីប្រជារាស្ត្រខ្មែរដែលស្រឡាញ់សេរីភាព។ នេះក៏ដោយសារតែពលរដ្ឋនៅក្នុងប្រទេសកម្ពុជាពួកគេមិនហ៊ាននិយាយពីការផ្លាស់ប្ដូរទេ ព្រោះខ្លាចការសម្លត់និងការគំរាមកំហែង។ នេះបើតាមលោក សម រង្ស៊ី ។

ចេញពីបារាំង យើងងាកមកមើលពលរដ្ឋរស់នៅក្នុងទីក្រុងថាកូម៉ា (Tacoma) ក្នុងរដ្ឋវ៉ាស៊ីនតុនសហរដ្ឋអាមេរិកបានតំណាងពួកគេម្នាក់បានស្រែកតាមក្បាលមេក្រូថា ខ្មែរត្រូវការផ្លាស់ប្ដូរនិងបានបរិហាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។  នៅអាល្លឺម៉ងវិញ ពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រឆាំងគេនាំគ្នាទៅតវ៉ានៅមុខស្ថានទូតខ្មែរនៅទីនោះជាមួយបដាទាមទារឲ្យដោះលែងអ្នកទោសនយោបាយដូចជាលោក ថាច់ សេដ្ឋាជាដើម។

ចំណែកបាតុកម្មនៅប្រទេសកូរ៉េវិញ ភាគច្រើនជាយុវជនដែលធ្វើការនៅទីនោះ គេនាំគ្នាឈរក្រោមដំណក់ភ្លៀងបាំងឆ័ត្រ កាន់បដាសសេរអក្សរកូរ៉េ ចង់កន្សែងក្រហមជាប់នឹងក្បាលពាក់ម៉ាស់និងមួកបានអះអាងការជួបជុំរបស់ពួកគេនៅថ្ងៃនេះធ្វើក្នុងគោលបំណងតែមួយទាមទារការផ្លាស់ប្ដូរ។ លោក លួន វិបុល ថ្លែងពីកូរ៉េខាងត្បូងថា បាតុកម្មរបស់ពលរដ្ឋខ្មែរមួយចំនួននៅទីនោះនឹងមានឥទ្ធិពលមកលើដំណើរការបោះឆ្នោតនៅកម្ពុជាព្រោះបានបង្ហាញពីការចង់បានពលរដ្ឋខ្មែររស់នៅក្រៅប្រទេស។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចាត់ទុកបាតុកម្មនៅក្រៅប្រទេសឥតបានការគ្មានឥទ្ធិពលនិងប្រសិទ្ធភាពឡើយព្រោះផ្អែមតាមការអង្កេតជាក់ស្ដែងពលរដ្ឋខ្មែរបានចេញទៅបោះឆ្នោតហើយមណ្ឌលបោះឆ្នោតខ្លះមានភាពចង្អៀតណែនថែមទៀត។ ចំពោះការគូសសន្លឹកឆ្នោតចោលអ្នកនាំពាក្យរូបនេះយល់ថា មិនមានអ្វីជាក្ដីបារម្ភសម្រាប់គណបក្សប្រជាជនកម្ពុជាទេ ព្រោះផ្អែកតាមបទពិសោធន៍ឆ្នាំ២០១៨យុទ្ធនាការម្រាមដៃស្អាតឬដេកផ្ទះឈ្នះឯងគ្មានប្រសិទ្ធិភាពហើយលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជាបន្តឈ្នះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ