អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន សម្រេចលុបអនុក្រឹត្យថ្មីស្តីពីតំបន់ការពារផ្សោតមកប្រើអនុក្រឹត្យចាស់ ក្រោយការអនុវត្តគ្មានប្រសិទ្ធភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចនិរាករណ៍អនុក្រឹត្យថ្មី ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដោយយកអនុក្រឹត្យចាស់មកប្រើប្រាស់ឡើងវិញ បន្ទាប់ពីលោកសង្កេតឃើញថា អនុក្រឹត្យថ្មី គ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ហើយបានបង្កឱ្យសត្វផ្សោតជាប់មងស្លាប់ជាច្រើនក្បាល។ បន្ថែមពីនេះ ការសម្រេចយកអនុក្រឹត្យចាស់មកប្រើប្រាស់ឡើងវិញ ធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រីកត់សម្គាល់ឃើញថា អនុក្រឹត្យថ្មី ក៏បានជះផលប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបរនេសាទរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារផង។ 

សត្វផ្សោត
សត្វផ្សោត © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅចំពោះមុខនិសិត្ស គ្រូបង្រៀន ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣របស់សាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី២៧ ខែមេសា ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា អនុក្រឹត្យថ្មីស្តីពីកិច្ចការពារសត្វផ្សោតទន្លេមេគង្គចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានការរឹតបន្តឹងលើការការពារ និងការអភិរក្ស ជាងអនុក្រឹត្យចាស់។ ប៉ុន្តែ លោកនៅតែមើលឃើញថា សត្វផ្សោតជាច្រើនក្បាលជាប់មងស្លាប់ ខណៈបទល្មើសនេសាទខុសច្បាប់ ក៏គ្មានស្រាកស្រាន្ត ហើយបានធ្វើឱ្យពលរដ្ឋរាប់ពាន់គ្រួសាររងផលប៉ះពាល់។ 

ម្ល៉ោះហើយ លោក ហ៊ុន សែន សម្រេចឱ្យលុបចោលអនុក្រឹត្យថ្មី ដោយយកអនុក្រឹត្យចាស់ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គស្ថិតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ចុះកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២មកប្រើប្រាស់វិញ។

សម្រាប់លោក ហ៊ុន សែន នៅពេលងាកមកប្រើប្រាស់អនុក្រឹត្យចាស់ អាជ្ញាធរត្រូវតែគ្រប់គ្រងការប្រើមងក្រឡាធំ និងឧបករណ៍ឆក់ នៅក្នុងតំបន់ការពារសត្វផ្សោត។ ប៉ុន្តែ លោកអនុញ្ញាតឱ្យអ្នកនេសាទអាចរាយមងក្រឡាតូចជំនួសវិញ ពីព្រោះថា មងក្រឡាតូចមិនធ្វើឱ្យជាប់សត្វផ្សោតឡើយ។

ជុំវិញរឿងនេះ លោក ហេង គឹមហុង ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា បង្ហាញការសោកស្តាយចំពោះកិច្ចការពារ និងអភិរក្សសត្វផ្សោត ពីព្រោះនេះលោកចាត់ទុកថា ជាកំសោយរបស់រដ្ឋបាលជលផល និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ការដាក់មងក្នុងតំបន់ការពារសត្វផ្សោតទន្លេមេគង្គ។

លោក គឹមហុងបន្តថា ទោះរដ្ឋាភិបាលលុបចោលអនុក្រឹត្យថ្មី ងាកមកប្រើអនុក្រឹត្យចាស់ តែបើអាជ្ញាធរក្នុងមូលដ្ឋានគ្មានឆន្ទៈ ហើយគ្មានយន្តការច្បាស់លាស់ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ណាមួយនោះទេ លោកមិនហ៊ានស្រមៃថា អនាគតផ្សោតទន្លេមេគង្គរបស់កម្ពុជានឹងទៅជាយ៉ាងណាឡើយ ត្បិតលោកថា សត្វផ្សោតនៅកម្ពុជាកំពុងផុយស្រួយ និងងាយប្រឈមពីការផុតពូជ។

ចំណែក លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រជាពលរដ្ឋដើម្បីសន្តិភាព និងការអភិវឌ្ឍថា លោកគ្មានសង្ឃឹមឡើយថា ការត្រឡប់មកប្រើអនុក្រឹត្យចាស់មានប្រសិទ្ធភាពចំពោះការការពារ និងអភិរក្សសត្វផ្សោត ប្រសិនបើក្រសួងពាក់ព័ន្ធមិនគោះហៅមន្ត្រីដែលធ្វើការលើរឿងនេះមកជជែកគ្នាអំពីរបៀបធ្វើការ ហើយពិនិត្យមើលថា ការអនុវត្តកន្លងមកជាប់ពាក់ព័ន្ធនឹងបញ្ហាពុករលួយដែរឬទេ។

បើតាមលោក យ៉ង់ គឹមអេង ក្រសួងកសិកម្ម ក្រសួងបរិស្ថាន គួរយកមន្ត្រីណាដែលមានឆន្ទៈពិតប្រាកដក្នុងការអភិរក្សសត្វផ្សោត ហើយត្រូវមានការលើកទឹកចិត្តពួកគេតាមរយៈការឧបត្តម្ភជាទឹកប្រាក់ និងផ្តល់សម្ភារៈដែលបម្រើដល់ការចុះល្បាតក្នុងតំបន់សត្វផ្សោតឱ្យបានគ្រប់គ្រាន់។   បន្ថែមពីនេះ លោកថា រដ្ឋាភិបាលត្រូវលុបបំបាត់ឧបករណ៍ឆក់ និងមងក្រឡាធំៗដែលអាចបង្កគ្រោះថ្នាក់ដល់សត្វផ្សោត។

ក្រោយលោកនាយករដ្ឋមន្ត្រីប្រកាសលុបចោលអនុក្រឹត្យថ្មី ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដោយបញ្ជាក់ថា វិធានការការពារសត្វផ្សោតទន្លេមង្គដែលបានអនុវត្តក្នុងខេត្តក្រចេះ និងស្ទឹងត្រែងនាពេលកន្លងមក គឺការទប់ស្កាត់ការដាក់មងក្រឡាធំ និងឧបករណ៍ឆក់ទទួលបានប្រសិទ្ធភាព។  ហើយការដាក់មងក្រឡាធំក្នុងតំបន់ការពារសត្វផ្សោតដែលប៉ះពាល់ដល់សត្វផ្សោត និងត្រីមេពូជ ក្រសួងកសិកម្មថា នឹងមិនត្រូវបានអនុញ្ញាតឡើយ។

សូមជម្រាបថា ក្នុងអនុក្រឹត្យថ្មីដែលប្រមុខរដ្ឋាភិបាលសម្រេចនិរាករណ៍ចោល គឺបានកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំ១២០គីឡូម៉ែត្រ ដើម្បីការពារ និងអភិរក្សសត្វផ្សោត ដោយសំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ។

តាមអនុក្រឹត្យគឺថា តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គចែកចេញជាពីរកន្លែង ដោយមានកន្លែងអភិរក្សសត្វផ្សោតទំហំប្រមាណ២១៦គីឡូម៉ែត្រ និងកន្លែងការពារសត្វផ្សោតមានទំហំប្រមាណ៤០៤គីឡូម៉ែត្រ។ ក្នុងនោះ ក៏មានដែរការហាមឃាត់ការធ្វើនេសាទមួយចំនួននៅក្នុងតំបន់ការពារ ប៉ុន្តែសម្រាប់តំបន់អភិរក្សវិញ រដ្ឋាភិបាលហាមឃាត់ចំពោះសកម្មភាពនេសាទគ្រប់ប្រភេទ, ការធ្វើវារីវប្បកម្ម និងការធ្វើនាវាចរដែលមានល្បឿនលើសពី៣០គីឡូម៉ែត្រក្នុងមួយម៉ោង និងការតាំងទីលំនៅជាដើម។

ហើយ បច្ចុប្បន្នសត្វផ្សោតដែលកំពុងរស់នៅក្នុងតំបន់អភិរក្សរវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងមានសរុបចំនួន ៨៩ក្បាល។ ក្នុងនោះ សត្វផ្សោតដែលបានស្លាប់គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះមានចំនួន១១ក្បាល និងសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ