អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អគ្គនាយកផ្សារមូលបត្រ សង្ឃឹមថា ទំហំជួញដូរកើនដល់១០០លានដុល្លារ ក្នុងឆ្នាំនេះ

អគ្គនាយកផ្សារមូលបត្រកម្ពុជារំពឹងថា ទំហំជួញដូររបស់ផ្សារមូលបត្រក្នុងឆ្នាំ២០២៣នេះនឹងមានកំណើ​នហក់ឡើងដល់១០០លានដុល្លារ បន្ទាប់ពីមានក្រុមហ៊ុនធំៗចំនួន​២ ត្រៀមចុះបញ្ជីបោះផ្សាយមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា។ បើតាមផ្សារមូលបត្រ ការកើនឡើងនៃទំហំជួញដូរនេះ នឹងធ្វើឱ្យទីផ្សារភាគហ៊ុនកាន់តែរីកធំ និងស្រូបទាក់ទាញអ្នកវិនិយោគ ក៏ដូចជាកៀរគរប្រភពទុនមកក្នុងផ្សារមូលបត្រកម្ពុជាបន្ថែមទៀត។ 

លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា។
លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា។ © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងមកវិទ្យុបារាំងអន្តរជាតិRFI លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា ក្នុងឆ្នាំនេះមានក្រុមហ៊ុនធំ២បានចុះ និងត្រៀមចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយមូលបត្រកម្មសិទ្ធិរបស់ខ្លួន។ក្នុងនោះក្រុមហ៊ុនទីមួយ គឺរបស់អ្នកឧកញ៉ា គួច ម៉េងលី  ដែលមានយីហោ ម៉េង លី ជេ.គួច អេឌ្យូខេសិនបានបោះផ្សាយមូលបត្រកម្មសិទ្ធិរបស់ខ្លួនចន្លោះ១០ទៅ២០%នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនទៅក្នុងផ្សារមូលបត្រ និងក្រុមហ៊ុនត្រៀមចុះបញ្ជីមួយទៀត គឺក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត របស់អ្នកឧកញ៉ា គិត ម៉េង ដែលគ្រោងបោះផ្សាយមូលបត្រប្រមាណ១ពាន់១០០លានដុល្លារ។

អគ្គនាយកផ្សារមូលបត្រកម្ពុជាចាត់ទុកថា វត្តមាននៃក្រុមហ៊ុនទាំងពីរនេះនឹងធ្វើឱ្យទំហំជួញដូរភាគហ៊ុននៅផ្សារមូលបត្រកម្ពុជាកើនឡើង១០០លានដុល្លារក្នុងឆ្នាំ២០២៣ និង១លានដុល្លារក្នុងមួយថ្ងៃ។ ពិសេសជាងនេះ នៅពេលទំហំជួញដូរហក់ឡើងខ្ពស់ នោះជំនឿទុកចិត្ត និងការកៀរគរប្រភពទុន ក៏ដូចជាក្រុមហ៊ុនធំៗផ្សេងទៀត នឹងបន្តចាប់អារម្មណ៍ ហើយឈានដល់ការចុះបញ្ជីបោះផ្សាយមូលបត្រជាមិនខាន។

សម្រាប់លោក ហុង សុហួរ ការជួញដូរនៅផ្សារមូលបត្រកម្ពុជា គឺមានសុវត្ថិភាពខ្ពស់ និងមិនបារម្ភពីហានិភ័យអ្វីឡើយ ត្បិតទំហំជួញដូររបស់ផ្សារមូលបត្រសព្វថ្ងៃមានចំនួនទាប និងតិចជាងបណ្តាផ្សារមូលបត្រនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ជាពិសេសប្រទេសថៃ ឬវៀតណាម ដែលទំហំជួញដូរភាគហ៊ុនរបស់ប្រទេសទាំងពីរមានចន្លោះ២ពាន់លានដុល្លារក្នុងមួយថ្ងៃ។

ជាក់ស្តែង ទំហំជួយដូរក្នុងផ្សារមូលបត្រកម្ពុជាក្នុងមួយថ្ងៃមានចំនួនត្រឹមតែ៥០ម៉ឺនដុល្លារប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០២០ ទំហំជួញដូរមានសរុបប្រមាណ១១ម៉ឺនដុល្លារក្នុងមួយថ្ងៃ ឆ្នាំ២០២១ កើន២៧ម៉ឺនដុល្លារក្នុងមួយថ្ងៃ និងឆ្នាំ២០២២ កើនបាន៣០មឺ៉ុនដុល្លារក្នុងមួយថ្ងៃ។

សូមជម្រាបថា សព្វថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់សរុបចំនួន១៦ក្រុមហ៊ុន។ ក្នុងចំណោមក្រុមហ៊ុនទាំង១៦មាន ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ ក្រុមហ៊ុនទាំងនេះប្រមូលទុនវិនិយោគបានប្រមាណ៣១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់ពីផ្សារមូលបត្រកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ