អានតួអត្ថបទ
កម្ពុជា-សង្គម

អគារជាប់គាំងក្នុងខេត្តព្រះសីហនុច្រើនជាង៥០ភាគរយ ពុំមានច្បាប់សាងសង់ត្រឹមត្រូវ

អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញថា សំណង់អគារជាប់គាំងជាង៥០%នៃសំណង់អគារទុកចោលប្រមាណ១ពាន់កន្លែងក្នុងខេត្ត គឺពុំមានច្បាប់សាងសង់ត្រឹមត្រូវដែលចេញដោយអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធឡើយ ខណៈសំណង់អគារដែលមានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវវិញ មានមិនដល់៥០%នោះទេ។​ បើតាម រដ្ឋបាលខេត្តព្រះសីហនុ ករណីនេះមិនមែនមានន័យថា រដ្ឋបាលថ្នាក់ខេត្ត មិនយកចិត្តទុកដាក់ចំពោះសំណង់អគារខុសច្បាប់ឡើយ។ ប៉ុន្តែបញ្ហានេះ កើតមានឡើងដោយសារតែសន្ទុះ និងលំហូរនៃអ្នកវិនិយោគពីបរទេសខ្លាំង ទើបធ្វើឱ្យសំណង់អគារខ្លះដែលមានវត្តមានក្នុងខេត្ត គឺសាងសង់ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ 

សំណង់អគារ (រូបតំណាង)
សំណង់អគារ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃទី៣១ ខែមីនានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ លំហូរអ្នកវិនិយោគិនបរទេសបានសម្រុកមកវិនិយោគក្នុងខេត្តព្រះសីហនុយ៉ាងសន្ធឹក ក្រោមវត្តមានសាងសង់អគារធំៗ ជាពិសេសលើផ្នែក សណ្ឋាគារ កាស៊ីណូ និងហ្គេមអនឡាញ។ លំហូរវិនិយោគយ៉ាងហឹកហាក់បែបនេះហើយ ទើបធ្វើឱ្យរដ្ឋបាលខេត្តមិនដាក់លក្ខខណ្ឌសាងសង់ច្រើនក្នុងគោលបំណងដើម្បីទទួលបានផលប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច និងការវិនិយោគពីបរទេស។ ត្បិតនាពេលនោះ ច្បាប់ស្តីពីសំណង់ ក៏មិនទាន់ត្រូវបានដាក់ចេញឱ្យអនុវត្តពេញលេញនៅឡើយ។

បើតាមលោក ឡុង ឌីម៉ង់ ចំពោះករណីសាងសង់អគារ បើតាមច្បាប់ រដ្ឋបាលខេត្តមានសិទ្ធិត្រឹមតែពិនិត្យស្ថានភាពដី ឬអំពីព័ត៌មានដីដែលត្រៀមសាងសង់ប៉ុណ្ណោះ ដូចជាពិនិត្យទៅលើបញ្ហាវិវាទដីធ្លី ថាតើដីត្រៀមសាងសង់នោះជាប់ចំណីផ្លូវ ជាប់មាត់សមុទ្រ ឬក៏មានម្ចាស់ហើយឬនៅជាដើម។ ប៉ុន្តែបើពិនិត្យទៅលើគុណភាពសំណង់ លក្ខណៈបច្ចេកទេសសាងសង់ ឬបរិក្ខារសំណង់អ្វីនោះ គឺអ្នកវិនិយោគត្រូវដាក់សំណើរទៅកាន់អគ្គនាយកដ្ឋានសំណង់របស់មន្ទីររៀបចំដែនដីខេត្ត។

តែយ៉ាងណា ក្នុងនាមជាអាជ្ញាធរខេត្តលោក ឡុង ឌីម៉ង់ថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយវិបត្តិអគារជាប់គាំងចំនួនជាង១ពាន់អគារនេះឱ្យបានឆាប់ដើម្បីលើកស្ទួយមុខមាត់ខេត្ត ជាពិសេសទាក់ទាញអ្នកវិនិយោគិនឡើយវិញ ខណៈបច្ចុប្បន្នក្រុមការងារដោះស្រាយបញ្ហាអគារជាប់គាំងនេះ កំពុងបន្តចុះស្រង់ទិន្នន័យ និងសិក្សាអំពីប្រវតិ្តនៃសំណង់អគារជាង១ពាន់កន្លែងនោះសិន មុនឈានដល់ការ ដោះស្រាយ។

ពីខាងអ្នកជំនាញផ្នែកអចលនទ្រព្យវិញ លោកឧកញ៉ា គឹម ហ៊ាង ស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសំណង់អគារនីមួយៗឱ្យបានល្អិតល្អន់ និងបន្ទាប់មកគួរ ដាក់ដេញថ្លៃដើម្បីឱ្យអ្នកវិនិយោគិនផ្សេងៗដែលមានចំណាប់អារម្មណ៍អាចធ្វើការយកមកវិនិយោគបន្ត។ បើតាម លោកឧកញ៉ា គឹម ហ៊ាង ចំពោះសំណង់អគារណាដែលមានសភាពចាស់ទ្រុឌទ្រោម រដ្ឋបាលខេត្តគួរវាយកម្ទេចចោលដើម្បីយកដីទៅអភិវឌ្ឍន៍ជាសំណង់ថ្មី។ ហើយលោកស្នើឱ្យរដ្ឋបាលខេត្តមិនគួរពន្យាពេលដោះស្រាយបញ្ហាអគារជាប់គាំងឡើយ ពីព្រោះអាចធ្វើប៉ះពាល់ដល់ការវិនិយោគនៅក្នុងខេត្ត។

សូមជម្រាបថា សំណង់​អគារ​ប្រមាណ​១០០៦​កន្លែង​ ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​បញ្ឈរ​ទុក​ចោល​ដោយ​គ្មាន​វត្តមាន​សាងសង់​ឬអភិវឌ្ឍន៍​ណាមួយ​បន្ត​ឡើយ​ជាង៣ឆ្នាំ​មក​នេះ ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​អាជីវកម្ម​ហ្គេម​អនឡាញ​កាល​ពីខែសីហា ​ឆ្នាំ២០១៩​ ហើយ​ក្រោយពី​មាន​ការចាកចេញ​យ៉ាង​គំហុក​របស់​អ្នក​វិនិយោគិនចិន ចំពេលវិបត្តិជំងឺកូវីដ១៩ថែមទៀត។​ តែយ៉ាងណា ​កាល​ពីពាក់​កណ្តាល​ខែកក្តដា​ ឆ្នាំ២០២២​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​បាន​ចាប់​ផ្តើម​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ វិស័យ​ឯកជន​ វិស័យ​ធនាគារ ​និង​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ ដើម្បី​ដោះស្រាយ​វិបត្តិ​អគារ​ដែល​បាន​ទុក​ចោល​រាប់ពាន់​កន្លែងនេះ​ ដោយ​ធ្វើយ៉ាងណា​ឱ្យ​មាន​ដំណើរការ​សាងសង់​ឡើងវិញ​ ឬដោះស្រាយ​បញ្ចប់​ដើម្បី​រៀបចំផែន​ការ​អភិវឌ្ឍ​ទីក្រុងថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ