អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋាភិបាល​មិន​លុបចោល​គម្រោង​ផ្លូវ​ល្បឿន​លឿនភ្នំពេញ-បាវិត​ ខណៈ​ការដ្ឋាន​សាងសង់​ត្រូវ​ពន្យារពេល

រដ្ឋាភិបាល​ត្រៀម​នឹង​បើកការដ្ឋាន​ផ្លូវ​ល្បឿនលឿនទី​២ ​ពីភ្នំពេញ​ទៅក្រុងបាវិត​ នៅខែមិថុនា​ខាងមុខនេះ ​ក្រោយ​បញ្ចប់ការ​ចរចា​ជា​មួយ​ក្រុមហ៊ុន​ចិនរួចរាល់។​ នេះ​បើ​តាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ នៅ​អំឡុង​ពេល​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២២ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២៣​ នៅ​ថ្ងៃពុធនេះ។​ ថេរវេលា​នេះ ​គឺជា​ពន្យារ​ពេលក្នុង​ការ​បើកដ្ឋាន​ ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ធ្លាប់គូស​បញ្ជាក់​ថា ​ការសាងសង់​នឹង​ត្រូវ​ចាប់​ផ្តើម​នៅដើមឆ្នាំ២០២៣។​

គម្រោងផ្លូវល្បឿនលឿនទី២ ពីភ្នំពេញទៅក្រុងបាវិត (រូបតំណាង)
គម្រោងផ្លូវល្បឿនលឿនទី២ ពីភ្នំពេញទៅក្រុងបាវិត (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

«ឲ្យតែមានមួយ គឺមានពីរ»។ នេះគឺជាការអះអាងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងទៅនឹងការសាងសង់ផ្លូវល្បឿនលឿន ដែលរដ្ឋាភិបាលត្រៀមនឹងបើកការដ្ឋានទី២ ពីភ្នំពេញទៅបាវិត នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ។ តាមគម្រោងការសាងស់ផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះ នឹងត្រូវចំណាយពេល៤ឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៧ ដើម្បី តភ្ជាប់ចូលទៅប្រទេសវៀតណាម តាមរយៈក្រុងហូជីមិញ និងម៉ុកប៉ៃ។

តាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល គឺលោកនឹងត្រូវចេញទៅប្រទេសវៀតណាម ដើម្បីជជែកពីការសាងសង់ផ្លូវល្បឿនទី២នេះ ក្នុងន័យធានាថា នឹងត្រូវជាមួយផ្លូវហូជីមិញ និងម៉ុកប៉ៃ ដែលតភ្ជាប់កម្ពុជានិងវៀតណាម។

ដំបូងឡើយ ការបើកដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចចំនួន៣ថ្ងៃនៅប្រទេសចិន។ តែគម្រោងដែលត្រូវពន្យារពេលរហូតដល់ខែមិថុនាវិញនេះ គឺដោយសារតែភាគីចិនមានភាពយឺតយ៉ាវក្នុងការពិនិត្យសំណុំឯកសារ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល។

បើទោះជាត្រូវពន្យារពេលក្តី តែរដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងថា គម្រោងផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះនឹងមិនលុបចោលជាដាច់ខាត។ មិនលុបចោលដ្បិតភាគីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាងសង់របស់ចិន បានបញ្ចប់ការចរចារួចជាស្រេច។ ត្រង់ចំណុចនេះ សូមជម្រាបថា រដ្ឋាភិបាលបានបញ្ចប់ការចរចាជាមួយនឹងក្រុមហ៊ុនចិន កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២២។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមផែនការ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានចំងាយ ១៣៨គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណ ១ ៦៣៨លានដុល្លារអាមេរិក។ នេះបើតាមលោក ស៊ុន ចាន់ថុល។ រដ្ឋមន្ត្រីរូបនេះ ធ្លាប់គូសបញ្ជាក់ថា ផ្លូវល្បឿនលឿនទី២នេះ មានសារៈសំខាន់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ទើបតែសម្រេចបាននូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីខែវិច្ឆិកាឆ្នាំ២០២២។ សម្រាប់ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការ បានរំលេចថា ជាឆ្នាំដែលកម្ពុជាកសាងបានហេដ្ឋារចនាសម្ព័ន្ធជាច្រើន រាប់តាំងពីផ្លូវជាតិ និងស្ពាន។ ហើយសម្រាប់ផ្លូវល្បឿនលឿនទី១ ពីភ្នំពេញ-ព្រះសីហនុ គឺជាអ្វីដែលលោក ស៊ុន ចាន់ថុល បានអះអាងពីស្នាដៃរបស់រដ្ឋាភិបាលកម្ពុជា នាអំឡុងពេលបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងសាធារណការ នៅថ្ងៃនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ