អានតួអត្ថបទ
កម្ពុជា-សង្គម

សាធារណជនប្រតិកម្មនឹងការវាយកម្ទេចចេតិយបុរាណ ក្រោយព្រះសង្ឃបកស្រាយថា «ជាការភ័ន្តច្រឡំ»

 ប្រតិកម្មអ្នកលេងបណ្តាញសង្គម​ និងសាធារណជនទូទៅ បានធ្លាក់មកជាហូរហែនៅចំពោះមុខនៃការបកស្រាយរបស់ព្រះសង្ឃ លើការវាយកម្ទេចចេតិយ៍បុរាណនៅក្នុងវត្តបុទុមវត្តី ថាជាការភ័ន្តច្រឡំ។ នេះជាករណីកម្រទី២ ដែលព្រះសង្ឃគង់នៅតាមទីវត្តអារាម បានវាយកម្ទេចសំណង់បុរាណ ដែលរដ្ឋាភិបាលចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌជាតិ ដែលត្រូវអភិរក្ស និងការពារ។ 

ការវាយកម្ទេចចេតិយ៍បុរាណនៅក្នុងវត្តបុទុមវត្តី
ការវាយកម្ទេចចេតិយ៍បុរាណនៅក្នុងវត្តបុទុមវត្តី © FB
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុងរយៈពេលមិនដល់១ខែផង ករណីវាយកម្ទេចសំណង់បុរាណនៅតាមទីវត្តអារាមក្នុងទីក្រុងភ្នំពេញ បានកើតមានឡើងចំនួន២ដង។ ករណីថ្មីចុងក្រោយដែលកើតឡើងនៅក្នុងវត្តបុទុមវត្តី គឺការវាយកម្ទេចចេតិយបុរាណដែលមានអាយុកាល ១២៣ឆ្នាំ កសាងឡើងតាំងពីឆ្នាំ១៩០០ ក្នុងរជ្ជកាលព្រះបាទនរោត្តម។

ការវាយកម្ទេចចេតិយ ដែលមានរចនាបទ «ផ្កាចាន» នៅក្នុងបរិវេណនៃវត្តបុទុមវត្តី បាននាំឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងសាធារណជនទូទៅ សម្តែងនូវភាពហួសចិត្ត ដ្បិតជាសំណង់បុរាណដែលសេសសល់មកដល់បច្ចុប្បន្ននេះ។ បណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចាត់ទុកថា នេះជាការបោះបង់នូវសម្បត្តិបេតិកភណ្ឌជាតិមួយ ដែលបន្សល់ទុកដល់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ ដើម្បីអាចសិក្សាស្វែងយល់។ លោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសរសេរថា ចេតិយបុរាណនៅក្នុងវត្តបុទុមវត្តី​ ដែលមានអាយុកាលមក១២៣ឆ្នាំនេះ មានភាពរឹងមាំ និងបានឆ្លងកាត់នៅសម័យសង្រ្គាមទម្លាក់គ្រាប់បែក តែមិនមានការខូចខាតឡើយ។ ផ្ទុយមកវិញ សំណង់បុរាណដ៏កម្រ បែរជាមកជាមានបញ្ហានៅសម័យកាលដែលសម្បូណ៍សប្បាយនេះទៅវិញ។

បើតាមអ្នកជំនាញផ្នែកបុរាណវិទ្យារូបនេះ ចេតិយដែលមានរចនាបទ «ផ្កាចាន» ដ៏កម្រ គួរណាស់តែត្រូវបានបន្សល់ទុក គ្រាន់ឲ្យសិស្ស និស្សិត និងប្រជាពលរដ្ឋបានមើល បានសិក្សារៀនសូត្រខ្លះពីរចនាបថសំណង់កម្រៗ ដែលជាមរតកដូនតាខ្មែរ។

ភ្លាមៗក្រោយមានប្រតិកម្មរបស់សាធារណជន ក្រសួងវប្បធម៌ក៏បានចុះទៅហាមឃាត់ការវាយកម្ទេច ដ្បិតចេតិយបុរាណនេះ ជាសំណង់បេតិកភណ្ឌ ដែលស្ថិតនៅក្នុងគោលនយោបាយអភិរក្សរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ព្រះសង្ឃដែលគង់នៅក្នុងវត្តបុទុមវត្តី បានបកស្រាយថា ការវាយកម្ទេចចេតិយបុរាណ ជាការយល់ច្រឡំ ដោយភិក្ខុទទួលបន្ទុកជួសជុល ស្តាប់ច្រឡំថា ទៅរុះរើចេតិយបុរាណ។

យ៉ាងណាមិញ ការបកស្រាយរបស់ព្រះសង្ឃវត្តបុទុមវត្តី បន្សល់នូវចម្ងល់ដល់សាធារណជន ដោយពួកគេចាត់ទុកថា ជាការដោះសារយករួចខ្លួន ដើម្បីកុំឲ្យមានទោសទណ្ឌ។ លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លើកឡើងថា នៅពេលមួយដែលច្បាប់លែងមានសមត្ថភាពជួយមនុស្សបាន ពេលនោះមនុស្សត្រូវស្ទុះរកខ្នងបង្អែករៀងខ្លួន នីតិរដ្ឋចុះខ្សោយ មនុស្សលែងស្តាប់ប្រព័ន្ធគ្រប់គ្រង ហើយបែរមកស្តាប់នីតិមាត់រៀងខ្លួន។ បើតាមលោក មាស នី ការវាយកម្ទេចចេតិយបុរាណ អាចជារឿងមិនធម្មតានៅខាងក្រោយឆាក ដែលរដ្ឋាភិបាលត្រូវទទួលបន្ទុកត្រួតពិនិត្យឲ្យបានហ្មត់ចត់ឡើងវិញ។ នេះក៏ព្រោះ ការវាយកម្ទេចសំណង់បុរាណនៅតាមទីវត្តអារាមនេះ មិនមានជាករណីទី១ឡើយ។

គួរជម្រាបថា ក្នុងរយៈពេលមួយខែចុងក្រោយនេះ ការវាយកម្ទេចអាគារ និងសំណង់បុរាណនៅតាមទីវត្តអារាម បានកើតមានជាបន្តបន្ទាប់គ្នា។ ដោយករណីមួយ កាលពីដើមខែធ្នូ បានកើតមានឡើងក្នុងវត្តឧណ្ណាលោម ដែលព្រះសង្ឃបានវាយកម្ទេចកុដិចំនួន៣ ជាសំណង់មានអាយុកាល៩០ឆ្នាំ ដើម្បីសាងសង់ចេតិយ។ ការណ៍នោះ ព្រះសង្ឃនៃវត្តឧណ្ណាលោម មានសង្ឃដីកា ថា មិនមានដឹងថាកុដិទាំង៣នោះ ជាសំណង់បេតិកភណ្ឌ ដែលត្រូវអភិរក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ