សាលាក្តីខ្មែរក្រហមប្រគល់ទីតាំងឲ្យយោធាវិញ ក្រោយខ្ចីប្រើប្រាស់អស់ជាង១០ឆ្នាំ
ទីតាំងសាលាក្តីខ្មែរក្រហមស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ត្រូវបានប្រគល់ឲ្យកងទ័ពជើងគោកវិញហើយកាលពីថ្ងៃទី២៨ ខែធ្នូម្សិលមិញ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចយកទីតាំងនេះធ្វើជាកន្លែងជំនុំជម្រះក្តីមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យអស់រយៈពេល១៦ឆ្នាំ។ សម្រាប់ការងារដែលនៅសេសសល់៣ឆ្នាំទៀត សាលាក្តីត្រូវលើកទៅធ្វើបន្តនៅទីតាំងជិតគណៈរដ្ឋមន្ត្រី។ បច្ចុប្បន្នសាលាក្តីកំពុងដំណើរការផងដែរការផ្ទេរលោក ខៀវ សំផន ដែលជាមេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហមតែម្នាក់គត់នៅមានជីវិត ទៅកាន់ពន្ធនាគារថ្នាក់ជាតិ ដើម្បីទទួលទោសអស់មួយជីវិត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:២៩
ទីតាំងសាលាក្តីខ្មែរក្រហម ដែលស្ថិតនៅជាយក្រុងភ្នំពេញប៉ែកខាងលិច ត្រូវបានប្រគល់ទៅឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោកវិញហើយ បន្ទាប់ពីទីតាំងមួយនេះ ត្រូវរដ្ឋាភិបាលកម្ពុជាដាក់ជាតុលាការសម្រាប់កាត់ទោសមេដឹកនាំកំពូលៗនៃរបបកម្ពុជាប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ២០០៦មក។
រយៈពេល១៦ឆ្នាំមកនេះ មេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហម ដែលទទួលខុសត្រូវលើការស្លាប់របស់ប្រជាជនខ្មែរជិត២លាននាក់ នៅក្នុងការគ្រប់គ្រងអំណាចរបស់ពួកគេចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ ត្រូវបាននាំយកមកកាត់ទោស ក្នុងនោះមាន កាំង ហ្គេចអ៊ាវ ហៅ ឌុច អៀង សារី អៀង ធីរិទ្ធ នួន ជា និងខៀវ សំផន ដែលពេលនេះ ខៀវ សំផន វ័យ៩២ឆ្នាំ គឺជាមេដឹកនាំកំពូលខ្មែរក្រហមតែម្នាក់គត់ដែលនៅមានជីវិត ហើយសាលាក្តីកំពុងរៀបចំផ្ទេរពីទីតាំងនេះទៅកាន់ពន្ធនាគារថ្នាក់ជាតិ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានថ្លែងនៅក្នុងពិធីទទួលទីតាំងថាព្រឹត្តិការណ៍នេះ មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ។
ក្រៅពីកោតសរសើរដល់ការប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធនានានៃសាលាក្តីខ្មេរក្រហម លោក ហ៊ុន ម៉ាណែត បន្តថាពន្លឺនៃយុត្តិធម៌ដែលទទួលបានពីដំណើរការកាត់ក្តីអស់រយៈកាល ១៦ឆ្នាំកន្លងមកនេះ គឺជាការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ប្រជាជនខ្មែរ ដែលជាជនរងគ្រោះនៃរបបដ៏សាហាវយង់ឃ្នង ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល។ មួយវិញទៀត តុលាការនេះក៏បានផ្តល់ឱ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកជំនាន់ក្រោយ នូវឱកាសបានដឹង និងបានឃើញជាក់ស្តែងនូវដំណើរការកាត់ក្តីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាការអប់រំ និងការចងចាំអំពីសោកនាដកម្មដែលមិនត្រូវឱ្យកើតមានឡើងសាជាថ្មីម្តងទៀតឡើយទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល។
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ឲ្យដឹងថារយៈពេល១៦ឆ្នាំមកនេះ សាលាក្តីសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះសំណុំរឿងចំនួន៧ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ហើយពេលនេះសាលាក្តីកំពុងសម្រេចនូវសមិទ្ធផលមិនមែនយុត្តាធិការ និងបន្សល់ទុកនូវកេរដំណែលជាច្រើនទៀត។ សម្រាប់ការងារដែលនៅសេសសល់រយៈពេល៣ឆ្នាំទៀត សាលាក្តីខ្មែរក្រហមនឹងត្រូវបន្តដំណើរការរបស់ខ្លួននៅទីតាំងមួយស្ថិតនៅក្បែរទីស្តីការគណៈរដ្ឋមន្ត្រី ដោយសាលាក្តីរក្សាទុកបុគ្គលិកប្រមាណជា៥០នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថាសាលាក្តីខ្មែរក្រហមដែលដំណើរការចម្រុះដោយកម្ពុជានិងអង្គការសហប្រជាជាតិអស់រយៈពេល១៦ឆ្នាំកន្លងទៅនេះ បានចាយលុយសរុបអស់ជាង ៣៣០លានដុល្លារ ដែលថវិកា១ផ្នែកធំគឺជា ជំនួយរបស់សហគមន៍អន្តរជាតិ និងប្រទេសជាមិត្ត រួមនឹងថវិការបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ ទោះយ៉ាងណា ការបិទទំព័រសាលាក្តីខ្មែរក្រហមនេះដែរ ក៏នៅតែមានទស្សនៈពីរផ្ទុយគ្នាបន្តរំលេចឡើងដដែលទាក់ទងទៅនឹងបញ្ហាយុត្តិធម៌៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ