អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួង​វប្បធម៌​និង​ភាគីពាក់ព័ន្ធ​កំពុង​ស៊ើបអង្កេត​ទីតាំង​កុដិ​បុរាណ​ដែល​ត្រូវ​វាយ​កំទេច​និង​ទុក​ដី​ឲ្យ​ទំនេរ​សិន

ក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ ​នៅថ្ងៃទី ២១​ ខែធ្នូនេះ ​បាន​សម្រេច​រក្សា​ទុក​ដីកុដិ​ក្នុង​បរិវេន​វត្ត​ឧណ្ណាលោម​ ដែល​ត្រូវ​បាន​វាយ​កម្ទេច​ចោល ​ដោយ​មិន​សាង​សង់​សំណង់ថ្មី ​រហូត​ដល់​ការ​ស៊ើបអង្កេត​ និង​ការ​ដោះស្រាយ​ត្រូវ​បាន​បញ្ចប់។​ ជាមួយគ្នានេះ ​សង្គមស៊ីវិល​ស្នើ​ក្រសួង​ឱ្យមាន​ចំណាត់​ការ​ហ្មត់ចត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ​ដើម្បី​បង្ការ​កុំឱ្យ​មាន​ការ​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌបន្ដ​ទៀត។​

កុដិបុរាណនៅវត្តឧណ្ណាលោមត្រូវបានវាយចោល ដើម្បីកសាងចេតិយជំនួសវិញ
កុដិបុរាណនៅវត្តឧណ្ណាលោមត្រូវបានវាយចោល ដើម្បីកសាងចេតិយជំនួសវិញ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី២១ ខែធ្នូ បានសម្រេចរក្សាដីដែលបានពីវាយកម្ទេចកុដិបុរាណចំនួន៣ នៅក្នុងឧណ្ណាលោម មិនឱ្យមានការសាងសង់សំណង់ថ្មីឡើយ ដោយបានបញ្ជាក់ថា ក្រសួងនឹងសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់។ ការសម្រេចនេះ ធ្វើឡើងខណៈដែលគេមិនទាន់ដឹងថា ដីដែលជាទីតាំងទ្រកុដិនេះ នឹងប្រើប្រាស់សម្រាប់ការសាងសង់អ្វីនៅឡើយ។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា បើក្រសួងមិនមានចំណាត់ការហ្មត់ចត់ក្នុងការដោះស្រាយករណីវាយកម្ទេចកុដិនេះទេ អាចនឹងមានការបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិបន្តទៀត។ លោក សន ជ័យ ក៏បានស្នើឱ្យក្រសួងវប្បធម៌ និងក្រសួងធម្មការនិងសាសនា ឱ្យមានវិធានការក្នុងការការពារសម្បត្តិបេកិកភណ្ឌជាតិដោយយកចិត្តទុកដាក់ តាមរយៈការត្រួតពិនិត្យនៅតាមទីអារាមដែលមានសម្បត្តិបេកិកភណ្ឌ។ បើតាមលោក សន ជ័យ នេះមិនមែនជាលើកទីមួយទេ ដែលមានការវាយកម្ទេចសម្បត្តិបេតិកភណ្ឌ ដោយលោកបានលើកឡើងពីករណីវាយកម្ទេចព្រះវិហារមួយនៅខេត្តកំពង់ធំ កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ។

គួរជម្រាបជូនថា កុដិចំនួន៣ នៅក្នុងបរិវេណវត្តឧណ្ណាលោម ត្រូវបានវាយកម្ទេច និងបានបាត់បង់រូបភាពដើមទាំងស្រុងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ហើយមានការរិះពីសំណាក់សាធារណជន ជាពិសេសនៅលើបណ្ដាញសង្គម។ កុដិបុរាណទាំង៣នោះ គឺមានដូចជាកុដិលេខ៤៣ ៤៤ និង៤៥ ក្នុងបរិវេណវត្តឧណ្ណាលោម ដែលកសាងឡើងអំឡុងឆ្នាំ១៩៣០ និងដែលជាសម្បត្តិបេតិកភណ្ឌជាតិ។

មុនមានសេចក្ដីជូនដំណឹងប្រាប់ពីការស៊ើបអង្កេតនេះ ក្រសួងវប្បធម៌កាលពីថ្ងៃទី៨ ខែធ្នូ បានបង្ហាញការសោកស្ដាយ និងបានបញ្ជាក់ថា ការវាយកម្ទេចកុដិនេះ ពុំមានការពិភាក្សានិងអនុញ្ញាតពីក្រសួងវប្បធម៌ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ