អានតួអត្ថបទ
កម្ពុជា-ច្បាប់

តុលាការកំពូលនៃសាលាក្តីខ្មែរក្រហមប្រកាសឲ្យអនុវត្តទោសដាក់ពន្ធនាគារអស់១ជីវិតត្រួតគ្នាលើ ខៀវ សំផន នៃសំណុំរឿង០០២/០២ និង០០២/០១

ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ បានតម្កល់ការប្រកាសទោសដាក់ពន្ធនាគារអស់១ជីវិតលើ ខៀវ សំផន នៃអង្គជំនុំជម្រះសាលាដំបូង​ដោយ ទោសដាក់ពន្ធនាគារអស់១ជីវិតនៃសំណុំរឿង០០២/០២ ត្រួតគ្នានឹងសំណុំរឿង ០០២/០១។ ការប្រកាសដាក់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមពេលនេះ ធ្វើឡើងក្រោយចៅក្រមតុលាការកំពូលអាចសាលដីកាប្រមាណជាង២ម៉ោង ជុំវិញបណ្តឹងសាទុក្ខរបស់ ខៀវ សំផន លើការសម្រេចរបស់សាលាដំបូងកាលពីឆ្នាំ ២០១៨។

ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម
ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម © ECCC
ផ្សាយពាណិជ្ជកម្ម

«សម្លេង ប្រកាសសាលដីកា» គឺជាការប្រកាស ដោយលោកចៅក្រម គង់ ស៊្រីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបន្ទាប់ពីលោកអានសាលដីកាសង្ខេប និងសេចក្តីសន្និដ្ឋានចុងក្រោយអស់រយៈពេល២ម៉ោងកន្លះ។ ជាការអានសាលដីកានៅពីមុខជនជាប់ចោទ ខៀវ សំផន ដែល អង្គុយលើរទេះរុញ និងមានពាក់កាសធំៗគងពីលើក្បាលផងនោះ។

ការប្រកាសសាលដីកាតុលាការកំពូលពេលនេះ គឺធ្វើឡើងក្រោយលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ បានធ្វើបណ្តឹងសាទុក្ខជំទាស់ការសម្រេចរបស់សាលាដំបូងនៃសាលាក្តីខ្មែរក្រហមដែលសម្រេចផ្តន្ទាទោសលោកដាក់ពន្ធនាគារអស់១ជីវិត កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ ចាប់តាំងពីឆ្នាំ២០០៦ មកសាលាក្តីខ្មែរក្រហមដែលជាសាលាក្តីចម្រុះកម្ពុជា-អង្គការសហប្រជាជាតិ បានចាប់ផ្តើមដំណើរការសវនាការកាត់ទោសអតីតមេដឹកនាំ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៦ និងថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ដែលរួមមាន៤សំណុំរឿង គឺសំណុំរឿង ០០១ ០០២ ០០៣ និងសំណុំរឿង ០០៤។ ការប្រកាសសាលដីកាតុលាការកំពូលនៅពេលនេះ លើសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន បង្ហាញថាសំណុំរឿងទាំង ៤ ដែលស៊ីពេលអស់១៦ឆ្នាំ ត្រូវបានបញ្ចប់។

ក៏ប៉ុន្តែការបញ្ចប់សាលាក្តីចម្រុះកម្ពុជា-អង្គការសហប្រជាជាតិ ដែលចាយលុយអស់ជាង ៣០០លានដុល្លារនៅពេលនេះ បានបន្សល់ទុកនូវ គំនិតពីរផ្សេងគ្នា ដោយទស្សនៈម្ខាង គាំទ្រលទ្ធផលដែលតុលាការខ្មែរក្រហមសម្រេចបានជាប្រវត្តិសាស្ត្រ ក៏ប៉ុន្តែទស្សនៈម្ខាងទៀត មើលឃើញថាហេតុផលពិតប្រាកដនៃរបបខ្មែរក្រហម មិនត្រូវបានលាតត្រដាងជាក់ស្តែងតាមរយៈនៃការកាត់សេចក្តីកូនកាត់ពេលនេះឡើយ ហើយយុត្តិធម៌ សម្រាប់ជនរងគ្រោះនៅមានភាពស្រពិចស្រពិល។

សូមរំលឹកថា ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិកាលពីឆ្នាំ ២០០៣ មេដឹកនាំជាន់ខ្ពស់ និងអ្នកដែល​​ត្រូវបាន​​ជឿជាក់ថា​​មានការ​​ទទួល​​ខុសត្រូវ​​ខ្ពស់បំផុត​​ចំពោះការ​​រំលោភ​បំពាន​​ធ្ងន់ធ្ងរ​​លើច្បាប់ជាតិ​​ និង​​ច្បាប់​អន្តរជាតិត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ អ្នកទាំងនោះរួមមាន កាំង ហ្គេចអៀវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង(សំណុំរឿង ០០១) ខៀវ សំផន អតីតប្រមុខរដ្ឋ នួន ជា អតីតប្រធានរដ្ឋសភា អៀង សារី អតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលទាំង៤នាក់នេះស្ថិតនៅក្នុងសំណុំរឿង ០០២ជាមួយគ្នា។ មេដឹកនាំកំពូលអតីតរបបកម្ពុជាប្រជាធិបតេយ្យទាំង៤រូបនេះ ត្រូវបានចោទប្រកាន់ជាច្រើនបទល្មើស​ដូចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ជាដើម។

ក៏ប៉ុន្តែពួកគេបានស្លាប់ជាបន្តបន្ទាប់គ្នាអស់ហើយ លើកលែងតែ ខៀវ សំផន ម្នាក់ប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះ មានអាយុ ៩១ឆ្នាំ។

ដោយឡែកចំពោះសំណុំរឿង ០០៣ ប្រឆាំងនឹង មាស មុត សំណុំរឿង០០៤ ប្រឆាំងនឹង យឹម ទិត្យ អ៊ឹម ចែម និងអោ អាន ដែលគេដឹងថាជាអតីតកម្មាភិបាលខ្មែរក្រហមនោះ ពួកគេមិនត្រូវបានបញ្ជូនទៅជំនុំជម្រះទេ ដោយមានការខ្វែងគំនិតគ្នារវាងសហចៅក្រមស៊ើបអង្កេតជាតិ និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិជុំវិញយុត្តាធិការបុគ្គល។

សូមរំលឹកដែរថា ការឡើងកាន់អំណាចនៃរបបខ្មែរក្រហមចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ បានធ្វើឲ្យប្រជាជនខ្មែរស្លាប់អស់ជាង ២លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ