សាលាក្តីខ្មែរក្រហមនៅចំណាយពេលយ៉ាងតិច៣ឆ្នាំទៀតដើម្បីបង្ហើយការងារសេសសល់
អង្គជំនុំជម្រៈវិសមញ្ញក្នុងតុលាការកម្ពុជា ឬដែលគេស្គាល់ថា សាលាក្តីខ្មែរក្រហម នឹងនៅចំណាយពេលយ៉ាងហោចណាស់៣ឆ្នាំទៅមុខទៀត ដើម្បីបង្ហើយការងារដែលសេសសល់។ ការប្រកាសយ៉ាងដូច្នេះ គឺធ្វើឡើងដោយមានការឯកភាពរវាងភាគីរដ្ឋាភិបាលកម្ពុជា និងភាគីអង្គការសហប្រជាជាតិ នៅក្នុងជំនួបនៅថ្ងៃពុធនេះ រវាង លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោក Stephen Mathias ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២០
នៅក្នុងសេចក្តីថ្លែងការណ៏រួម ភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រៈវិសមញ្ញ ឬតុលាការកូនកាត់ខ្មែរក្រហមនឹងបំពេញមុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣។ គោលបំណងមួយ ក្នុងចំណោមគោលបំណងសំខាន់ៗ នៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរដំណែលអង្គជំនុំជម្រៈវិសមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) រួមទាំងអនុញ្ញាតិឲ្យសាធារណជនអាចចូលពិនិត្យមើលព័ត៌មាននៅក្នុងបណ្ណសាររបស់តុលាការកូនកាត់មួយនេះឲ្យបានទូលំទូកាយ។
បើតាមអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ចាប់តាំងពីបង្កើតសាលាក្តីនេះមកនៅឆ្នាំ២០០៦ គឺតុលាការនេះបានចំណាយលុយអស់៣៣៨លានដុល្លារអាមេរិក ក្នុងនោះជាង២០០លានដុល្លារគឺជាលុយរបស់ភាគីអង្គការសហប្រជាជាតិ និងប្រមាណ១០០លានដុល្លារជាថវិការបស់ភាគីជាតិ។ ជាង១៦ឆ្នាំនៃដំណើរការ អ.វ.ត.ក បានទទួលភស្តុតាងពីជនរងគ្រោះជាង១០.៣០០នាក់ បានចេញសេចក្តីសម្រេចជាង១៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការនិងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាបានជាង៣លានទំព័រ ខណៈដែលអង្គជំនុំជម្រៈ នឹងត្រូវបិទបញ្ចប់សំណុំរឿងនៅចុងឆ្នាំនេះ ពោលក្រោយប្រកាសសាលដីកាបិទផ្លូវតវ៉ាប្រឆាំង លោក ខៀវ សំផន នៅថ្ងៃទី២២កញ្ញា។
សាលាក្តីខ្មែរក្រហមត្រូវបានរដ្ឋាភិបាលកម្ពុជាលើកឡើងថាបានដំណើរការទៅប្រកបដោយជោគជ័យ ដោយសាលាក្តីនេះបានជួយស្វែងរកយុត្តិធម៌ និងការពិតជូនជនរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រួមនឹងជាផ្នែកមួយនៃការចូលរួមផ្សះផ្សារជាតិ និងការពង្រឹងសន្តិភាពនៅកម្ពុជាផងដែរ។ ក៏ប៉ុន្តែសាលាក្តីខ្មែរក្រហមក៏រងនូវការរិះគន់ពីមតិមួយចំនួនដែរ ពីការយឺតយ៉ាវក្នុងការស្វែងរកយុត្តិធម៌ ខណៈដែលមេដឹកនាំសំខាន់ៗនៃរបបខ្មែក្រហមបានបាត់បង់ជីវិតស្ទើរអស់ ពោលពេលនេះ នៅសល់តែលោក ខៀវ សំផន ម្នាក់ទេ ដែលនៅមានជីវិតក្នុងវ័យ ៩១ឆ្នាំ។ ក្រៅពីនេះ មេដឹកនាំជាន់ខ្ពស់ផ្សេងទៀតបានបាត់បង់ជីវិតអស់ហើយអំឡុងពេលនៃសវនាការរយៈពេល១៦ឆ្នាំមកនេះ នោះរួមមាន នួន ជា អៀងសារី អៀង ធីរិទ្ធ និងកាំង ហ្គេចអ៊ាវ ហៅ ឌុច ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ