អានតួអត្ថបទ
កម្ពុជា-សង្គម

ប្រាក់ឈ្នួលកម្មករកាត់ដេរឆ្នាំ២០២៣ គឺ២០០ដុល្លារក្នុង១ខែ ខណៈសហជីពខ្លះមិនសូវពេញចិត្ត

កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារ សម្រាប់ឆ្នាំ២០២៣ខាងមុខ។ ការកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មករកាត់ដេរនេះ ធ្វើឡើងបន្ទាប់ពីការចរចាជាច្រើនលើកមិនត្រូវរ៉ូវគ្នា ដែលបញ្ហានេះឈានទៅដល់ការបោះឆ្នោតពីសំណាក់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលដែលមានសមាសភាពត្រីភាគីនាព្រឹកថ្ងៃពុធនេះ។ ជាលទ្ធផល តួលេខ១៩៨ដុល្លារ ដែលស្នើឡើងដោយភាគីរដ្ឋាភិបាលត្រូវបានគាំទ្រលើសលប់ បូក២ដុល្លារបន្ថែមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដូច្នេះប្រាក់ឈ្នួលកម្មករកើនដល់២០០ដុល្លារ។

កម្មករកាត់ដេរ
កម្មករកាត់ដេរ © Marcel Crozet crozet.marcel@gmail.com
ផ្សាយពាណិជ្ជកម្ម

ទីបំផុតប្រាក់ឈ្នួលអប្បបរមាដែលកម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២៣ គឺ២០០ដុល្លារ ក្នុង១ខែ ដែលនឹងចាប់ផ្តើមកំណត់នៅថ្ងៃទី០១ ខែមករាឆ្នាំ២០២៣។ មានន័យថាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត បានឡើងចំនួន៦ដុល្លារ ធៀបទៅនឹងឆ្នាំ ២០២២ដែលមាន១៩៤ដុល្លារ ដោយភាគីនិយោជកបានតម្លើងឲ្យ៤ដុល្លារ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមដូចសព្វមួយដងចំនួន២ដុល្លារទៀតសរុប ២០០ដុល្លារ។

ក្រសួងការងារកម្ពុជាដែលមានលោករដ្ឋមន្ត្រី អ៊ិត សំហេង ជាប្រធាននៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានលម្អិតថាទំរាំទទួលបានការឡើងប្រាក់ឈ្នួល២០០ដុល្លារ លើវិស័យកាត់ដេរនេះ ភាគីទាំង៣បានឆ្លងកាត់ការចរចាគ្នាជាច្រើនលើក ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រជាក់លាក់។ ក៏ប៉ុន្តែរវាងការទាមទារ និងការផ្តល់ឲ្យនៅមានគម្លាតពីគ្នាឆ្ងាយ ជាហេតុនាំឲ្យមានការបោះឆ្នោតដើម្បីសម្រេចចុងក្រោយ។

ជានីតិវិធី ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានលើកយកតួលេខចំនួន ៤ ដើម្បីធ្វើការបោះឆ្នោតដោយភាគីនិយោជក ភាគីតំណាងកម្មករនិយោជិត និងភាគីរដ្ឋាភិបាល មានសមាសភាពចំនួន១៧រូបស្មើៗគ្នា។ តួលេខទាំង៤នោះមាន ១៩៨ដុល្លា(គាំទ្រ៤៦សម្លេង លើសម្លេងសរុប៥១) ២០៦ដុល្លារ(គាំទ្រ ០សម្លេង) ២១០ដុល្លារ(គាំទ្រ ០សម្លេង) និង២១៣ដុល្លារ(គាំទ្រ៥សម្លេង)។ ជារួមតួលេខ ១៩៨ដុល្លារ ត្រូវបានសម្រេចជាផ្លូវការថាបានតម្លើងជូនកម្មករនិយោជិតនៅឆ្នាំ ២០២៣។

ក៏ប៉ុន្តែក្រសួងការងារកម្ពុជាបានរំលេចថា ដោយយោងទៅលើកម្ពុជាបានបង្កើតភាពស៊ាំសហគមន៍ ដែលអនុញ្ញាតឲ្យដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ និងត្រលប់ទៅរកនិន្នាការធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងសំដៅសម្រាលបន្ទុករបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីការកើនឡើងថ្លៃទំនិញ ដែលបង្កដោយសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​បានសម្រេចបន្ថែម ២ដុល្លារពីលើប្រាក់ឈ្នួល ១៩៨ដុល្លារ ដែលនាំឲ្យបា្រក់ឈ្នួលផ្លូវការកម្មករនិយោជិតឆ្នាំ២០២៣ គឺ២០០ដុល្លារគត់។

ទោះយ៉ាងណា អ្នកសហជីពមួយចំនួនហាក់សម្តែងនូវការមិនពេញចិត្ត ដោយសារការផ្តល់ឲ្យ និងការទាមទារនៅឃ្លាតគ្នាឆ្ងាយពេក និងដោយយោងទៅលើស្ថានភាពអតិផរណា និងការឡើងថ្លៃទំនិញគ្រប់ប្រភេទ។

សូមរំលឹកថាចាប់តាំងពីខែសីហាមក ការចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតបានចាប់ផ្តើមឡើងតាមរយៈការទាមទារតម្លើងប្រាក់ឈ្នួលពីសំណាក់ភាគីសហជីពតំណាងកម្មករនិយោជិតចំនួន ២១៥ដុល្លារ ក៏ប៉ុន្តែភាគីនិយោជកនៅរក្សាជំហរផ្តល់ឲ្យប្រាក់ខែដដែលដូចឆ្នាំ ២០២២គឺ១៩៤ដុល្លារ។ ជាបន្តបន្ទាប់ភាគីទាំងពីបានឡើងបន្តិច ចុះបន្តិច ដោយភាគីសហជីពចុះមក២១៣ដុល្លារ ហើយភាគីនិយោជកព្រមឡើងឲ្យដល់១៩៦ដុល្លារ។ ក៏ប៉ុន្តែមិនមានការឯកភាពគ្នាឡើយ ជាហេតុនាំឲ្យមានការបោះឆ្នោត ដោយសម្លេងភាគច្រើន ៤៦លើ ៥១សម្លេង គាំទ្រតួលេខរដ្ឋាភិបាល១៩៨ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ