អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាអះអាងពីការខិតខំប្រឹងប្រែងដើម្បីប្រឆាំងការលាងលុយ​កខ្វក់

រដ្ឋាភិបាលកម្ពុជាតាម​រយៈក្រុមការងារ​ប្រឆាំង​ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានអះអាង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ប្រឆាំងការលាង​កខ្វក់ ខណៈ​ដែល​កម្ពុជា​បន្ត​ជាប់​ក្នុង​«បញ្ជីប្រផេះ» ពីការតាមដាន​របស់ពិភពលោក​។ ការ​ប្តេជ្ញាចិត្តនេះបានធ្វើ​កាលពីម្សិលមិញ​នៅក្នុង​កិច្ច​ប្រជុំ​អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារ ត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.)។

រូបិយវត្ថុសហរដ្ឋអាមេរិក (រូបតំណាង)
រូបិយវត្ថុសហរដ្ឋអាមេរិក (រូបតំណាង) REUTERS - Gary Cameron
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. បានស្នើឱ្យក្រុមការងារនីមួយៗ ក៏ដូចជា ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវបន្តចូលរួមសហការ និងខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព។

ការជំរុញបែបនេះ​របស់លោក កើត រិទ្ធ ដោយសារតែ​កម្ពុជា បន្តស្ថិតក្នុង«បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ។ នេះបើតាមក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា២០២២។

ការដែលកម្ពុជាបន្តជាប់ក្នុង«បញ្ជីប្រផេះ»នេះគឺមិនមានន័យថា កម្ពុជាមានការប្រសើរឡើងទេ ទោះបីជាកម្ពុជាបានខិត​ខំប្រឹង​ប្រែង ធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ តាំងពីឆ្នាំពី២០២០ក៏ដោយ។

នៅចំពោះមុខនេះ លោក កើត រិទ្ធ ក៏បានស្នើឱ្យក្រសួង-ស្ថាប័ន ដែលធ្វើការងារលើវិស័យពាក់ព័ន្ធនឹងបទល្មើសដែលមានហានិភ័យក្នុងការសម្អាតប្រាក់ ត្រូវបង្កើនសកម្មភាពរបស់ខ្លួន និងផ្តល់អាទិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ ព្រមទាំងបន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ដោយផ្តោតជាសំខាន់លើបច្ចេកទេសស៊ើបអង្កេតពាក់ព័ន្ធនឹងការសម្អាតប្រាក់ ដើម្បីកម្ពុជាអាចត្រូវបានដកចេញពីបញ្ជីប្រផេះ។

ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានជំរុញជាថ្មីទៀតឲ្យ​កម្ពុជាត្រូវ​បង្ហាញការ​ប្តេជ្ញាចិត្តកាន់តែខ្លាំងក្លាទៅកាន់សហគមន៍​អន្តរជាតិឲ្យបាន​ឃើញ​ពី​ការវិវឌ្ឍន៍​ឆាប់រហ័ស​ក្នុងការបំពេញ​តាម​ផែនការ​សកម្មភាព​ដែល​ខ្លួនបានដាក់ចេញនៅ​ត្រឹម​​ខែមិថុនា ឆ្នាំ២០២២នេះ។

បើពុំដូច្នោះទេ អង្គការ​ក្រុមការងារ​ហិរញ្ញវត្ថុ ព្រមាន​ថា ខ្លួន​នឹង​ពិចារណា​នូវ​ជំហ៊ាន​បន្ទាប់​មកលើ​កម្ពុជា​ពាក់ព័ន្ធនឹងការលាងលុយកខ្វក់​នេះ។ ជំហ៊ាន​បន្ទាប់​ គឺសំដៅដល់​ការអំពាវនាវ​ដល់​ប្រទេស​សមាជិក និង​យុត្តាធិការ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ឲ្យ​បង្កើន​ការតាមដាន​ត្រួតពិនិត្យ​លើ​រាល់​ទំនាក់ទំនង និង​ប្រតិបត្តិការ​អាជីវកម្ម​ទាំងអស់​ជាមួយ​កម្ពុជា។

ជាការកត់សំគាល់ កម្ពុជាត្រូវបានអង្គការនេះ ដាក់​ក្នុង«​បញ្ជីប្រផេះ»អស់រយៈពេល​ជាង៣ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ២០១៩មក។ វិស័យ​ដែល​រងហានិភ័យ​ខ្ពស់​ខាង​អំពើលាងលុយ​កខ្វក់​នៅ​កម្ពុជា រួមមាន វិស័យ​ធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និង​វិស័យ​កាស៊ីណូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ