អានតួអត្ថបទ
កម្ពុជា-សង្គម

អូស្ត្រាលីជួយឲ្យមានគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់

ស្ថានទូតអូស្ត្រាលី និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារម្សិញ បានរួមគ្នាដាក់ចេញឲ្យដំណើរការនូវគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់នៅក្នុងប្រទេសកម្ពុជា។ គោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពសម្រាប់កម្មករនៅការដ្ឋានសំណង់នេះ ត្រូវគេមើលឃើញថាធ្វើឡើងខណៈដែលវិស័យសំណង់មានការរីកចំរើនខ្លាំង ហើយគោលការណ៍នេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃច្បាប់សំណង់របស់កម្ពុជា។ 

ឯកសណ្ឋានកម្មករនៅការដ្ឋានសំណង់
ឯកសណ្ឋានកម្មករនៅការដ្ឋានសំណង់ © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតអូស្ត្រាលី ការដាក់ចេញឲ្យដំណើរការនូវគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់នេះ គឺធ្វើឡើងបន្ទាប់ពីវិស័យសំណង់នៅកម្ពុជាបានរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលទាមទារឲ្យមានការអភិវឌ្ឍ និងការអនុវត្តស្តង់ដារផ្លូវការនានា ទាក់ទងទៅនឹងគុណភាពសំណង់ ការរចនាគ្រឿងបង្គុំសំណង់ និងសុវត្ថិភាពនៅកន្លែងធ្វើការ។

កិច្ចព្រមព្រៀងរវាងស្ថានទូតអូស្ត្រាលី និងក្រសួងដែនដីជុំវិញគោលការណ៍ណែនាំនេះ ត្រូវបានចែកជា៣ផ្នែក ហើយគ្របដណ្តប់ទៅលើប្រធានបទជាច្រើនរួមមាន ទំនួលខុសត្រូវលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ព្រមទាំងការសង្គ្រោះបឋម និងការការពារកុមារនិងកម្មករវ័យក្មេង។ គោលការណ៍នេះ ក៏បានផ្តល់ការការពារបន្ថែមដល់កម្មករសំណង់ជាស្ត្រី រួមទាំងនីតិវិធីសម្រាប់ការយល់ដឹង និងដោះស្រាយអំពើហិង្សា និងការបៀតបៀនផ្នែកយេនឌ័រនៅតាមការដ្ឋានសំណង់។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Bablo Kang បានហៅឯកសារគោលការណ៍ណែនាំនេះថាជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពប្រជាជនកម្ពុជា ដែលជាកម្មករនៅក្នុងវិស័យសំណង់ប្រកបដោយសក្តានុពល។ លោកថា គោលការណ៍ណែនាំនេះក៏គ្របដណ្តប់ទៅលើបញ្ហាសំខាន់នានាផងដែរ ដូចជាសុវត្ថិភាពសាធារណៈ និងវិធានទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ជាដើម។

ជាមួយគ្នានេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ក៏បានចាត់ទុកថាគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពកម្មករនៅតាមការដ្ឋានសំណង់ថាមានតួនាទីសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងធានាបាននូវសុវត្ថិភាពប្រសើរនៅតាមការដ្ឋានសំណង់ និងទីតាំងក្បែរការដ្ឋានសំណង់ដែរ។ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជម្រុញឲ្យអ្នកវិនិយោគលើវិស័យសំណង់ និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់លើបញ្ហានេះ។

តាមទិន្នន័យក្រសួងដែនដី រយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ លិខិតអនុញ្ញាតឲ្យសាងសង់ចំនួនជាង ៥៧០០ច្បាប់ ត្រូវបានចេញឲ្យទៅការដ្ឋានសំណង់នៅទូទាំងប្រទេស ដែលមានតម្លៃប៉ាន់ស្មានសរុបជាង ៦៦ពាន់លានដុល្លារ ហើយវិស័យនេះផ្តល់ការងារជាមធ្យមប្រមាណជា ១៥០ ០០០នាក់ក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា គោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅតាមការដ្ឋានសំណង់នេះ ត្រូវបានគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ដែលមានទឹកប្រាក់សរុប ៥១,៧លានដុល្លារអូស្ត្រាលី ហើយខ្លឹមសារនៃគោលការណ៍នេះ នឹងដាក់ឲ្យមានការផ្សព្វផ្សាយតាមរយៈសិក្ខាសាលានៅខែមិថុនាខាងមុខ។

សូមរំលឹកដែរថា កាលពីសប្តាហ៍មុន កម្មករសំណង់ចំនួន៤នាក់ ត្រូវបានស្លាប់នៅក្នុងការដ្ឋានសំណង់មួយក្នុងខេត្តព្រះសីហនុ ក្រោយមានការធ្វេសប្រហែសដាច់ជណ្តើរយោងពីជាន់ទី១៥មក។ ហេតុការណ៍នេះ នៅមិនទាន់មានការប្រកាសពីការទទួលខុសត្រូវយ៉ាងណានៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ