អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រដ្ឋ​ត្រៀម​បោះ​ផ្សាយ​មូល​បត្រ​រដ្ឋ​ជា​លើក​ដំបូង​ចំនួន​៣០០​លាន​ដុល្លារ​នៅ​ត្រី​មាស​ទី៣​ ឆ្នាំ​២០២២

ក្រសួង​សេដ្ឋកិច្ច​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​អះអាង​ថា​ រដ្ឋាភិបាល​នឹង​ត្រៀម​បោះ​ផ្សាយ​មូលបត្រ​រដ្ឋ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន៣០០​លាន​ដុល្លារ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​នា​ត្រី​មាស​ទី​៣​ឆ្នាំ​២០២២​នេះ​។​ បើ​តាម​ក្រសួង​សេដ្ឋកិច្ច​ ការ​បោះ​ផ្សាយ​មូល​រដ្ឋ​នេះ ដើម្បី ​ប្រមូល​ប្រភព​ទុន​ហិរញ្ញ​វត្ថុ​សម្រាប់​បំពេញ​បន្ថែម​នូវ​គម្រោង​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០២២ ​និង​ធ្វើ​ហិរញ្ញប្ប​ទាន​គាំទ្រគម្រោង​វិនិយោគ​សាធារណៈ​ សំដៅ​លើក​ស្ទួយ​កំណើន ​និង​ ផលិត​ភាព​សេដ្ឋកិច្ច​ជា​ដើម​។

រូបភាពតំណាង
រូបភាពតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

បើមិនមានអ្វីប្រែប្រួលនោះទេ រដ្ឋនឹង​បោះផ្សាយ​មូលបត្រ​ជាលើកដំបូង​ក្នុងរង្វង់​ទឹកប្រាក់​ចំនួន​៣០០លានដុល្លារ​ នៅក្នុងតី្រមាសទី៣ ឆ្នាំ២០២២នេះ។ លោក វង្សី វិស្សុត រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ថា ការបោះផ្សាយមូលបត្ររដ្ឋនាពេលខាងមុខនេះ គឺដើម្បីពង្រឹងវិស័យទីផ្សារមូលធនក្នុងស្រុកឱ្យរឹងមាំ និងបន្តចូលរួមស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ និងគាំទ្រដល់គម្រោងប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ទន្ទឹមនឹងនេះ លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី២០ កុម្ភៈនេះដែរថា ការបោះផ្សាយមូលបត្ររដ្ឋដំបូង ដើម្បីប្រមូល​ប្រភពទុន​ហិរញ្ញវត្ថុ​សម្រាប់បំពេញ​បន្ថែមនូវ​គម្រោងចំណាយថវិកាជាតិ​ឆ្នាំ២០២២ដែលគ្រោង ទុក​ក្នុង​ចំនួន​ប្រមាណ ​៨.០១៣​ លាន​ដុល្លារ និងសម្រាប់អភិវឌ្ឍន៍​ពង្រឹងលើវិស័យ​មូលធនរបស់កម្ពុជា​ឱ្យមានភាពធន់ ​ក៏ដូចជាដើម្បី​គៀគរ​រកប្រភពទុនពី​វិស័យឯកជនឱ្យ​បានច្រើនជាដើម។

លោក ហុង សុហួរបន្តថា ទិសដៅសំខាន់ចំនួន២ ដែលរដ្ឋាភិបាលសម្រេចបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ២០២២នេះ គឺទី១ វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើនដែលផ្តល់លទ្ធភាពគ្រប់គ្រាន់ឱ្យរដ្ឋាភិបាលអាចគៀគរទុនពីវិស័យឯកជន​ តាមរយៈផ្សារមូលបត្រកម្ពុជា ដើម្បីយកទៅបម្រើការផ្សេងៗរបស់រដ្ឋ។ និងទី២  រដ្ឋាភិបាលបានគិតគូខ្ពស់​ចំពោះការចូលរួមអភិវឌ្ឍន៍ផ្សារមូលបត្រកម្ពុជាដែលបច្ចុប្បន្នមានភាពថ្មីថ្មោង និងមិនទាន់មានទំហំជួញដូរខ្លាំងខ្លានៅឡើយ។

បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជារូបនេះ មូលបត្ររដ្ឋចំនួន៣០០លានដុល្លារ នឹងអាចទាក់ទាញអ្នកវិនិយោគិន ក្រុមហ៊ុនឯកជននានាបានកាន់តែច្រើនបន្ថែមទៀត។ និងថា ផ្សារមូលបត្រកម្ពុជានឹងក្លាយទៅជាប្រភពទុនដែលមិនចេះរីងស្ងួតសម្រាប់ផ្តល់ទុនទៅកាន់ក្រុមហ៊ុនជន និងអ្នកវិនិយោគិននានា។ បន្ថែមពីនេះ​ ការបោះផ្សាយមូលបត្ររដ្ឋនៅត្រីមាសទី៣ខាងមុខ នឹងមានការចូលរួមពីអ្នកវិនិយោគិនស្ថាប័ន មានដូចជាធនាគារ ក្រុមហ៊ុនធានារ៉ាប់រង មូលនិធិសោធននិវត្តន៍ រឺសន្តិសុខសង្គមផងដែរ។

សូមជម្រាបថា គិតមកត្រឹមពេលនេះ ផ្សារមូលបត្រកម្ពុជាមាន ក្រុមហ៊ុនចុះបញ្ជីចំនួន ១៥ ក្នុងនោះមានក្រុមហ៊ុនចំនួន៨ បានចុះបញ្ជីលក់ភាគហ៊ុន និង ក្រុមហ៊ុន ៧ផ្សេងទៀតចុះបញ្ជីសញ្ញាបណ្ណ។ ជាការបញ្ជាក់បន្ថែម ក្នុងចំណោមក្រុមហ៊ុនទាំង១៥ខាងដើម ផ្សារមូលបត្រកម្ពុជាបានទទួលផលពីការគៀគរទុនជាង ២៨១លានដុល្លារចាប់តាំងពីដំណើរការផ្សារមូលបត្ររយៈពេល៩ឆ្នាំ។

គួរឱ្យកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០២១កន្លងទៅ ទំហំជួញដូរផ្សារមូលបត្រមានការកើនឡើងជាង ២៧ម៉ឺនដុល្លារជាក្នុងងមួយថ្ងៃ ខណៈកាលពីឆ្នាំ២០២០ មានជាង ១១ម៉ឺនដុល្លារ និងដាក់ក្តីរំពឹងថា ឆ្នាំ២០២២នេះ ទំហំជួញដូរអាចនឹងស្ទុះដល់ ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ​។ និងកំណើនជួញដូរដល់១លានដុល្លារនារយៈពេល៤ឆ្នាំទៅមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ