អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកអភិរក្សវប្បធម៌ចេញមុខការពារចំពោះការកំណត់កម្ពស់អគារនៅសៀមរាប

លោក ហ៊ុន ម៉ានី​ ប្រធាន​គណៈកម្មការ​ទី៧ ​នៃរដ្ឋសភា ​ដែល​ទទួល​បន្ទុក​ខាងវប្បធម៌​ សាសនា ​និង​ការអប់រំ​ បាន​សម្តែង​នូវការ​ប្រតិកម្ម​ចំពោះការ​លើកឡើង​របស់​ឧកញ៉ា​ គីម ហ៊ាង​ បន្ទាប់​ពីអ្នក​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​រូបនេះ​ ធ្វើការ​រិះគន់​ខ្លាំងៗ​ទៅលើ​អាជ្ញាធរ​ខេត្តរៀមរាប​ ដែល​កំណត់​កម្ពស់​ក្នុង​ការសាង​សង់​អគារ​ផ្សេងៗ។​ លោក​ គឹម ហ៊ាង ​បានរិះគន់​ការ​អភិរក្ស​បែបនេះថា​ ធ្វើឲ្យ​រាំង​ស្តាំង​ដល់ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅក្រុង​ទេសចរណ៍​មួយនេះ។​

ខេត្តសៀមរាប (រូបតំណាង)
ខេត្តសៀមរាប (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

«សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ដែលបាន និងកំពុងបំពេញភារកិច្ច ក្នុងការថែរក្សាកេរ្ត៍មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់»។ នេះជាប្រតិកម្មរបស់លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់តំណែងជា ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ដែលទទួលបន្ទុកខាងវប្បធម៌ សាសនា និងការអប់រំ។

ប្រតិកម្មបែបនេះ គឺបន្ទាប៉ពីលោកគឹម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែររៀល អេស្ទេត បានថ្លែងនៅចំពោះមុខសិក្ខាកាមផ្នែកអចលនវត្ថុនៅខេត្តសៀមរាបនៅពេលថ្មីៗថា ចំណុចខ្សោយរបស់ខេត្តទេសចរណ៍មួយនេះគឺការកំណត់កម្ពស់អគារនៅក្រុងសៀមរាប។ លោក គឹម ហ៊ាង ហៅការកំណត់ការសង់កម្ពស់អាគារនៅខេត្តទេសចរណ៍មួយនេះថា ធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ផ្នែកសដ្ឋកិច្ច។

ទោះជាយ៉ាងណា បើតាម លោក ហ៊ុន ម៉ានី រដ្ឋាភិបាល បានគិតកូរគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ។

ក្រៅពីប្រតិកម្មរបស់លោក ហ៊ុន ម៉ានី ក៏មានដែរប្រតិកម្មរបស់ក្រសួងវប្បធម៌ និងប្រតិកម្មរបស់ ប្រធានរាជបណ្ឌិតសភាកម្ពុជាលោក សុខ ទូច។

ក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោស ក្រសួងវប្បធម៌ បានព្រមានលោក គឹម ហ៊ាង ឲ្យបញ្ឈប់ការប្រើប្រាស់សំដីបែបនេះ ដោយធ្វើឲ្យមានការយល់ច្រឡំ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឲ្យដីឡើងថ្លៃ។

ចំណែក លោក សុខ ទុច ក៏ប្រតិកម្មថា ការលើកឡើងរបស់លោកគឹម ហ៊ាង គឺគាត់គិតរឿងផលប្រយោជន៍របស់គាត់ គាត់ពុំមានគិតពីផលប្រយោជន៍ជាតិ និងដូនតាខ្មែរដែលបានបន្សល់ស្នាដៃដ៏មហាអស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ។

ក្រោយពីប្រតិកម្មជាបន្តបន្ទាប់ លោក គឹម ហ៊ាង បានចេញមុខសុំទោសជាសាធារណៈចំពោះអ្វីដែលលោកបានថ្លែងកន្លងមក។ អ្នករកស៊ីខាងអចលនព្រទ្យរូប បានចាត់ទុកវោហាសាសន៍របស់ខ្លួននៅថ្ងៃទី១២កុម្ភៈ ថាជាកំហុសដោយអចេតនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ