អានតួអត្ថបទ
កម្ពុជា-ការនេសាទ

MRC៖ ការនេសាទហួសកម្រិតរបស់ប្រជាជនធ្វើឲ្យជលផលនៅអាងទន្លេមេគង្គរងសម្ពាធយ៉ាងខ្លាំង

គណៈកម្មការ​ទន្លេ​មេគង្គ(ហៅកាត់ថាMRC) នៅ​ថ្ងៃ​ទី​១៩​តុលា​ម្សិលមិញ បាន​ចេញ​របាយការណ៍​ថ្មី​ស្ដីពី ផល​ប៉ះពាល់​នៃ​សកម្មភាព​របស់​មនុស្ស​មក​លើ​បរិស្ថាន​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម។ បើតាម​គណៈកម្មការទន្លេមេគង្គ​ ជលផល​អាង​ទន្លេ​មេគង្គ​ក្រោម​កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​សកម្មភាព​របស់​មនុស្ស។ ក្នុងចំណោម​សម្ពាធ​ទាំង​នោះ​ក៏​រាប់បញ្ចូល​ផងដែរ ការ​នេសាទ​ហួស​កម្រិត​របស់​ប្រជាជន នៅ​តាម​ដង​ទន្លេមេគង្គ​ចំនួន​៤​រួមមានៈ​ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

ការនេសាទរបស់ប្រជាជនខ្មែរ
ការនេសាទរបស់ប្រជាជនខ្មែរ © សហការី
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ចំនួនពីរ ដែលចេញផ្សាយដោយគណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) នៅថ្ងៃទី១៩តុលាបង្ហាញថា ការនេសាទនៅតែជារបរចិញ្ចឹមជីវិតដ៏សំខាន់របស់ប្រជាជនក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ក៏ប៉ុន្តែ ការ​នេសាទ​ហួស​កម្រិត​កំពុង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ដល់​ជលផល​នៅ​អាងទន្លេ​មេគង្គ។

នៅប្រទេសកម្ពុជា គណៈកម្មការទន្លេមេគង្គរកឃើញថា ១១ទីតាំងពលរដ្ឋកំពុងនេសាទហួសកម្រិតរួមមាន៖ ខេត្តបាត់ដំបង ស្ថិតនៅស្រុកឯកភ្នំ តំបន់ព្រែកទាល់ ,ខេត្តកំពង់ឆ្នាំង ស្ថិតនៅស្រុកបរិបូរ ភូមិឆ្នុកទ្រូ ,ខេត្តកំពង់ធំ ស្ថិតនៅស្រុកកំពង់ស្វាយ ,ខេត្តពោធិ៍សាត់ ស្ថិតនៅស្រុកក្រគរ ,ខេត្តសៀមរាប ស្ថិតនៅសហគមន៍កំពង់ភ្លុក ,ខេត្តក្រចេះ ស្ថិតនៅស្រុកសំបូរ ,ខេត្តកណ្ដាល ស្ថិតក្នុងស្រុកពញាឮ និងខេត្តរតនគិរី ស្ថិតនៅស្រុកចំនួនពីរស្រុកវើនសៃនិងស្រុកលំផាត់។

ក្រៅ​ពី​សកម្មភាព​នេសាទ​ហួសកម្រិត ការខូចខាតទីជម្រកបណ្តាលមកពីកំណើនប្រជាជនយ៉ាងសន្ធឹកសន្ធាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ ក៏កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើជលផលអាងទន្លេមេគង្គក្រោមដែរ ស្របពេលដែលបម្រែបម្រួលនៃប្រព័ន្ធអេកូឡូស៊ីក្នុងអាងនេះ កំពុងជះឥទ្ធិពលលើស្ថានភាពសង្គម។

នៅចំពោះមុខសម្ពាធដែលកំពុងតែកើតមានលើជលផលនៅអាងទន្លេមេគង្គយ៉ាងដូច្នេះ  គណៈកម្មការទន្លេមេគង្គផ្ដល់អនុសាសន៍ឲ្យមានការគាំពារដល់ការស្តុកបរិមាណត្រី ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ស្បៀងសម្រាប់ប្រជាជនរាប់លានអ្នក សម្រាប់បង្ការការធ្លាក់ចុះបន្ថែមទៀតនៃប្រាក់ចំណូលរបស់ក្រុមគ្រួសារប្រជាជន៤ប្រទេសដែលរស់នៅអាងទន្លេមេគង្គក្រោម។ ក្នុងនោះ២២ភាគរយ ក្នុងចំណោមគ្រួសារចំនួន២.៨០០ កំពុងជួបបញ្ហាប្រឈមលើប្រាក់ចំណូល ដែលបណ្ដាលមកពីការផ្លាស់ប្តូរអវិជ្ជ​មានក្នុងធនធានទឹករួមមានៈ កសិកម្ម វារីវប្បកម្ម មឆ្ឆា និងសត្វ និងរុក្ខជាតិក្នុងទឹកផ្សេងទៀត។

គណៈកម្មការទន្លេមេគង្គឲ្យជាយោបល់ដល់ប្រទេសទាំង៤ទៀតថា ការចិញ្ចឹមជីវិតមិនពាក់ព័ន្ធធនធានទឹកដទៃទៀត រួមទាំងការងារ ឬមុខជំនួញ ឬ ពាណិជ្ជកម្មដែលមានប្រាក់ចំណេញ ដើរតួនាទីរឹតតែសំខាន់ និងអាចកាត់បន្ថយភាពងាយរងគ្រោះលើបម្រែបម្រួលនានាក្នុងធនធានទឹកទន្លេមេគង្គ។ ហើយនៅមានវិសាលភាពធំគួរឲ្យកត់សម្គាល់សម្រាប់ការធ្វើឲ្យប្រសើរឡើងវិញ ដែលរដ្ឋាភិបាលអាចរៀបចំចេញជាគោលនយោបាយ  ប្រសិនបើសហគមន៍ត្រូវបានការពារពីភាពងាយរងគ្រោះដោយទឹក និងភាពងាយរងគ្រោះពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

សូមជម្រាបជូនថា គណៈកម្មការ​ទន្លេមេគង្គ មាន​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​ចំនួន ៤ ជា​សមាជិក ក្នុង​នោះ​មាន កម្ពុជា ឡាវ ថៃ និង​វៀតណាម។ នៅ​ឆ្នាំ​២០១៥ ប្រទេស​ចិន​បាន​ផ្ដួចផ្ដើម និង​បង្កើត​ឲ្យ​មាន​យន្តការ​ថ្មី​មួយ​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​ចិន​ដាក់​ឈ្មោះ​ថា យន្តការ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ដោយ​មាន​ប្រទេស​៦​ជា​សមាជិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ