អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោកហ៊ុន សែន៖ដើម្បីរឹងមាំសេដ្ឋកិច្ចឡើងវិញ កម្ពុជានិងប្រទេសមេគង្គដទៃត្រូវពួនដៃសហការគ្នា

នៅថ្ងៃព្រហស្បតិ៍​នេះ ​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​មហាអនុ​តំបន់មេគង្គ​ (GMS) ​លើកទី៧ ក្រោ​មប្រធានបទ​ មហាអនុតំបន់​មេគង្គ ៖ ​ពង្រឹងភាពខ្លាំង​ដើម្បីទប់ទល់​នឹងបញ្ហាប្រ​ឈមនៃទសវត្សរ៍ថ្មី​។ ​កិច្ចប្រជុំកំពូលនេះ ​មានការចូលរួម​ពីភាគីចិន ​វៀតណាម ​ឡាវ ​ថៃ ​និងភូមា។​ នាយករដ្ឋ​មន្រ្តីកម្ពុជា​ លោកហ៊ុន សែន ​បានប្រាប់មេដឹកនាំ​ប្រទេសទាំងនេះថា ​ដើម្បីមានភាព​រឹងមាំ​ទាំងផ្នែក​សង្គម​ និងសេដ្ឋកិច្ច​ឡើងវិញក្រោយ​ចប់វិបត្តិ​កូវីដ១៩ ​គឺត្រូវលើក​កម្ពស់​កិច្ចសហការ​ និងសាមគ្គីភាព​រវាងគ្នា ​និងគ្នា។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ © FB/SPMPage
ផ្សាយពាណិជ្ជកម្ម

ការពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់សាមគ្គីភាពប្រកបដោយភាពហ្មត់ចត់ ក្រោ​មយន្តការពហុភាគីនិយម គឺជាគន្លឹះដ៏ចាំបាច់ ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំនៃការអភិ​វឌ្ឍសង្គម និងសេដ្ឋកិច្ចសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គនៅក្រោយពេលវិបត្តិជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ នេះ គឺជាការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅចំពោះមុខមេដឹកនាំប្រទេសតាមប​ណ្តោយដងទន្លេមេគង្គតាមប្រព័ន្ធអនឡាញ។ ការលើកឡើងនេះ គឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាមើលឃើ​ញថា បញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានរាំងស្ទះ និងជាបញ្ហាប្រឈមថ្មីសម្រាប់ការអភិវឌ្ឍរបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

បើតាមលោកនាយករដ្ឋមន្រ្តីកម្ពុជា ការខិតខំរួមគ្នារបស់ប្រទេសទន្លេមេគង្គ គឺពិតជាមានសារសំខាន់ណាស់ក្នុងការស្តារ និងជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យមានកំណើនជាថ្មី ជាពិសេសតាមរយៈការដាក់ចេញនូវ «ការឆ្លើយតបនឹងជំងឺកូវី១៩ និងផែនការស្តារឡើងវិញឆ្នាំ ២០២១-២០២៣» នាពេលនេះ។ ការដាក់ចេញផែនការនេះ គឺដើម្បីចាត់វិធានការទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវរួមគ្នាខ្ពស់ក្នុងការធានានូវប្រតិបត្តិការដោយរលូននៃខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជកម្ម វិនិយោគ ទេសចរណ៍ និងការការពារសុខភាពសាធារណៈក្នុងតំបន់។

គួរបញ្ជាក់ជូនថា គេរំពឹងថា វិបត្តិជំងឺកូវីដ១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារសន្ទុះ និងការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងតាមប្រទេសនីមួយៗកំពុងមានវឌ្ឍនភាពល្អប្រសើរ។ ប៉ុន្តែ ពិភពលោកទាំងមូលនៅតែប្រឈមនឹងហានិភ័យនៃការមកដល់នូវរលកថ្មីៗនៃជំងឺនេះ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា ដែលនឹងបន្តរំខានដល់សកម្មភាព សង្គម និងសេដ្ឋកិច្ច រាប់ចាប់ពីសុខភាពសាធារណៈ លំហូរទេសចរ រហូតដល់ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ នេះនិយាយជារួម។

និយាយដោយឡែក សម្រាប់ប្រទេសកម្ពុជាវិញ លោកហ៊ុន សែន បានអះអាងថា រលកថ្មីនៃជំងឺកូវីដ១៩នេះ នៅតែបង្កផលប៉ះពាល់ដ៏ស្រួចស្រាល់មកលើសេដ្ឋកិច្ចកម្ពុជា ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសេវាខ្លះទៀត ដែលជាកត្តានាំឱ្យការងើបឡើងនៃសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ នេះនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ