អានតួអត្ថបទ
កម្ពុជា-សង្គម

និយ័តករមូលបត្រកម្ពុជាតម្រូវឲ្យក្រុមហ៊ុន GFX ដោះស្រាយជាបន្ទាន់ជាមួយអ្នកដាក់ប្រាក់វិនិយោគ

និយ័តករមូលបត្រកម្ពុជា បានចេញ​សេក្តី​ប្រកាសមួយ​កាលពីម្សិលមិញ​ ដោយ​តម្រូវឲ្យ​ក្រុម​ហ៊ុន GOLDFX INVESTMENT ហៅ​កាត់ GFX ធ្វើ​ការ​ដោះ​ស្រាយ​ជាបន្ទាន់​ជាមួយនឹង​អតិថិជន​របស់​ខ្លួន​ដែល​បានដាក់​ប្រាក់​វិនិយោគ​រាប់​សិប​លានដុល្លារជាមួយ​ក្រុម​ហ៊ុន​នេះ។ ចំណាត់ការ​របស់​និយ័តករមូលបត្រកម្ពុជា​យ៉ាងដូច្នេះ គឺ​បន្ទាប់​ពីក្រុមពលរដ្ឋដែល​បាន​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុម​ហ៊ុននេះ ធ្វើ​ការ​ទាមទារជាថ្មីទៀតឲ្យក្រុមហ៊ុន សងប្រាក់​​ដើម​ទាំងអស់ត្រឡប់មកវិញ ខណៈ​ក្រុម​ហ៊ុន​បានទូទាត់​ប្រាក់​ឲ្យមកវិញតែ៣០​ភាគរយប៉ុណ្ណោះ​។

ក្រុមហ៊ុនGFX ដែលមានបញ្ហាប្រាក់វិនិយោគជាមួយអតិថិជន
ក្រុមហ៊ុនGFX ដែលមានបញ្ហាប្រាក់វិនិយោគជាមួយអតិថិជន © សហការី
ផ្សាយពាណិជ្ជកម្ម

ដោយបញ្ជាក់ថា​ក្រុមហ៊ុន GFXបានទទួលអាជ្ញាបណ្ណធ្វើអាជីវកម្មជា​ភ្នាក់ងារ​ឈ្មួញ​ជើងសារ​ឧបករណ៍​និ​ស្ស​ន្ទ និយ័តករមូលបត្រកម្ពុជា បាន​ចេញ​សេចក្តីប្រកាសមួយ​នៅថ្ងៃទី១៦​កក្កដា២០២១ ដោយតម្រូវឲ្យក្រុម​ហ៊ុន​នេះ​ធ្វើ​ការ​ដោះស្រាយជាបន្ទាន់​ជាមួយនឹង​អតិថិជន​របស់ខ្លួន​ដែល​ដាក់​ប្រាក់​វិនិយោគ។​ ទឹកប្រាក់​​របស់​ពលរដ្ឋ​ដែលបាន​ដាក់​វិនិយោគជាមួយ​នឹង​ក្រុមហ៊ុន​នេះ​គឺ​ជិត​៣០​លានដុល្លារ។

បើតាមនិយ័តករមូលបត្រកម្ពុជា ​ក្រុម​ហ៊ុន​GFX អាចព្យូរប្រតិបត្តិការ​របស់​ខ្លួនបាន ​តែ​មិន​ឲ្យ​បិទ​ក្រុម​ហ៊ុន​នោះទេ និង​ត្រូវ​ដោះស្រាយ​ប្រាក់​វិនិយោគ​ឲ្យ​អតិថិជនវិញជាបន្ទាន់​ផងដែរ។ មកដល់​បច្ចុប្បន្ន ​​​និយ័តករមូលបត្រកម្ពុជា បានទទួលពាក្យ​បណ្តឹងពីពលរដ្ឋប្រមាណ៨០០បណ្តឹង ​​ដែលបាន​ប្តឹង​ក្រុម​ហ៊ុន​ GFXនេះ ខណៈ​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​នេះ​កំពុងស្ថិត​នៅដៃតុលាការនៅឡើយ។

បើតាមតំណាង​វិនិយោគិន នៃ​ក្រុមហ៊ុន GFX ពួកគេបានដាក់​ញា​ត្តិជាថ្មីទៀត ដើម្បី​បដិសេធ​នឹង​ដំណោះស្រាយ របស់​គណៈកម្មការ​ដោះស្រាយ​វិវាទ​របស់​ក្រុមហ៊ុន​នេះដែល​ទូទាត់​ប្រាក់​មកកាន់​អតិថិជន​វិញ​តែ៣០​ភាគរយ​នៃ​ប្រាក់​​ដើម។ ​ ក្រុម​នេះ អះអាងថាពួកគេរក្សាជំហរទាមទារប្រាក់​ដើម ១០០​ភាគរយ ត្រឡប់មកវិញ ដើម្បី​យកទៅ​ផ្គត់ផ្គង់​ជីវភាព និង​ទូទាត់​សង​ធនាគារ​វិញ ព្រោះ​ប្រាក់​ទាំង​នោះពួកគេបាន​ខ្ចី​ពី​ធនាគារ​មក​វិនិយោគ​ជាមួយ​ក្រុមហ៊ុនGFX ។

​បើតាមមេធាវី​ក្រុមហ៊ុន GFX គិត​ចាប់ពី​ថ្ងៃទី​២២ ខែមិថុនាមក ក្រុមហ៊ុន​បានណាត់ជួប​អតិថិជន​សរុប​ជាង​៣០​ភាគរយ នៃ​អតិថិជន​សរុប​ប្រមាណ ៣​ពាន់​នាក់​។ ក្នុងនោះ​អ្នក​ដែលបានយល់ព្រម​ទទួល​ដំណោះស្រាយ​រួម​រវាង​ក្រុមហ៊ុន​និង​អតិថិជន​ក៏មាន​ចំនួន​ច្រើន​​ហើយ​ដែរ​។​

​បើតាមក្រុមហ៊ុននេះ គឺមានជនបរទេសចំនួន៣នាក់ ​ដែលជាអ្នក​​លួចដកប្រាក់ចេញពីក្រុម​ហ៊ុននោះគឺមានជន​ជាតិសិង្ហបុរី២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ហើយក្រុម​ហ៊ុន​នេះ​ចង់​ឲ្យ​ពលរដ្ឋ​សហការគ្នា​ប្តឹង​ជនបរ​ទេស​​ទាំងនោះទៅតុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ