អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

មេគង្គ-ឡានឆាង៖ ចិននឹងជួយប្រទេសមេគង្គថែមទៀតក្រោយវិបត្តិជំងឺរាតត្បាតសកល

តាម​រយៈ​កិច្ច​ប្រជុំ​មេគង្គ-ឡានឆាង ​ដែល​គ្រោង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​នេះ​ ចិន​នឹង​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ស៊ីជម្រៅ ​និង​ជួយ​ប្រទេស​មេគង្គ​ថែម​ទៀត​ ក្រោយ​វិបត្តិ​កូវីដ១៩​។ នេះ​ជា​ការ​បញ្ជាក់​ របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០៦​ ខែ​មិថុនា​។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នឹង​ចូលរួម​កិច្ច​ប្រជុំ​នេះ​ នៅ​ថ្ងៃ​ទី​៧-៨ ​ខែមិថុនា​សប្តាហ៍​ក្រោយ ​នៅ​ប្រទេស​ចិន​។

កិច្ចប្រជុំមេគង្គ-ឡានឆាង កាលពីឆ្នាំ២០២០ នៅឯប្រទេសឡាវ
កិច្ចប្រជុំមេគង្គ-ឡានឆាង កាលពីឆ្នាំ២០២០ នៅឯប្រទេសឡាវ © ក្រសួងការបរទេសចិន
ផ្សាយពាណិជ្ជកម្ម

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង(MLC)លើកទី៦ នៅថ្ងៃទី៧ និងទី៨ ខែមិថុនា នៅក្រុងឆុងឈីងប្រទេសចិន​។ កម្ពុជារំពឹងថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត​នូវចំណងមិត្តភាពរវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន។ នេះបើតាមក្រសួងកាបរទេសកម្ពុជាកាលពីថ្ងៃទី៤ ខែមិថុនា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងនៅថ្ងៃទី៦ ខែមិថុនាថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី០៨ ខែមិថុនា ខាងមុខនេះ នឹងមានការវាយតម្លៃលើអ្វីដែលបានធ្វើនាពេលកន្លងមក លើកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយប្រទេសទាំង៥។ លោកបន្តថា​ចិននឹងធ្វើការរួមគ្នា ដើម្បីបង្កើតខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ - ឡានឆាង ពង្រឹងការស្តារសេដ្ឋកិច្ច និងវិបុលភាពក្នុងតំបន់ឡើងវិញ នៅក្រោយការរាតត្បាតកូវីដ១៩ និងចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង ត្រូវ​បានបង្កើតឡើង​ កាលពី​ឆ្នាំ​ ២០១៥ ដែលមាន​សមាជិក​សរុប ៦ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថាអ្វីដែលជាការរំពឹងទុកតាមរយៈកិច្ចប្រជុំនេះ គឺនឹងធ្វើឲ្យមានការគិតគូរខ្លាំងថែមទៀត ពីប្រទេសចិន មកលើប្រទេសតំបន់មេគង្គ ពាក់ព័ន្ធនឹងយុទ្ធនាការក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ និងជំនួយអភិវឌ្ឍន៍ផ្សេងៗ ហើយនឹងជំរុញឲ្យមានការវិនយោគថែមទៀតផងដែរ។ បើតាមលោកបណ្ឌិត គិន ភា ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងបន្ថែមពីលើអ្វី ដែលជាទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន។

សូមជម្រាបថា នៅក្រោយកិច្ចប្រជុំទាំងពីរខាងលើ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសចិននឹងមានជំនួបទ្វេភាគី និងធ្វើជាអធិបតី ដើម្បីចុះហត្ថលេខាលើឯកសារចំនួនពីរ គឺអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍​ព័ត៌មាន និងគម្រោងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ