អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

គណៈកម្មការ​ទន្លេ​មេគង្គព្រួយ​បារម្ភ​ចំពោះ​កម្រិត​ទឹក​ធ្លាក់ចុះទាប​នៅ​​តំបន់​ចំនួន​៤ក្នុង​ប្រទេស​​​កម្ពុជា​

កម្រិត​ទឹក​ទន្លេ​មេគង្គ​នៅ​តំបន់​យ៉ាង​ហោច​ណាស់​៤​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​គួរ​ឲ្យ​ព្រួយ​បារម្ភ​។ នេះ​គឺ​ជា​ការ​​គូស​បញ្ជាក់​​របស់​គណៈកម្មការ​ទន្លេ​មេគង្គ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​។ ក្រៅ​ពី​សម្ដែង​ក្ដី​បារម្ភ ​គណៈកម្មការ​ទន្លេ​មេគង្គ​បានគូស​បញ្ជាក់​ទៀត​​ថា ការ​ធ្លាក់​ចុះ​ទាប​នៃ​កម្រិត​ទឹក​ទន្លេ​មេគង្គ​នេះ ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជា​ពិសេស​គឺ​សន្តិសុខ​ស្បៀង​របស់​ប្រជាជន​ដែល​រស់​នៅ​តាម​ដង​ទន្លេ​។

រូបថត​ពី​លើ​អាកាស​នៃ​ទន្លេ​មេគង្គ​បង្ហាញ​ពី​កម្រិត​ទឹក​ធ្លាក់​ចុះ​ទាប​។
រូបថត​ពី​លើ​អាកាស​នៃ​ទន្លេ​មេគង្គ​បង្ហាញ​ពី​កម្រិត​ទឹក​ធ្លាក់​ចុះ​ទាប​។ © MRC
ផ្សាយពាណិជ្ជកម្ម

ទន្លេ​មេគង្គ​ក្នុង​តំបន់​​ចំនួន​៤​នៅ​កម្ពុជា​ដែល​មាន​កម្ពស់​ទឹក​ធ្លាក់​ចុះ​នោះ មាន​ដូច​ជា៖ នៅ​​ខេត្ត​កំពង់ចាម ​នៅ​​អ្នក​លឿង នៅ​​ព្រែក​ក្ដាម និង​នៅ​ទន្លេ​បាសាក់​ក្នុង​ទីក្រុង​​ភ្នំពេញ​​ជា​ដើម​។  ទន្លេ​មេគង្គ​នៅ​តំបន់​ទាំង​បួន​នេះ បើ​តាម​ការ​អង្កេត​របស់​គណៈកម្មការ​ទន្លេ​មេគង្គ គឺ​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​តាំង​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០២០​មក​ម្ល៉េះ ហើយ​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០២១​រហូត​មក​ទល់​ពេល​នេះ កម្ពស់​ទឹក​បន្ត​ធ្លាក់​ចុះ​យ៉ាង​ហោច​ណាស់ ០,២០​ម៉ែត្រ​នៅ​ក្នុង​មួយ​ថ្ងៃ​។

ក្រៅ​ពី​តំបន់​ទាំង​៤​នេះ កម្ពស់​ទឹក​នៃ​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង​និង​ក្រចេះ​ក៏​ប្រែ​ប្រួល​ចុះ​ឡើង ក្នុង​ចន្លោះ​ពី -០,០២​ម៉ែត្រ ដល់ ០,០៥​ម៉ែត្រ ផង​ដែរ​។ ប៉ុន្តែ​កម្ពស់​ទឹក​នេះ បើ​ធៀប​ទៅ​នឹង​កម្ពស់​​ទឹក​ជា​មធ្យម គឺ​មាន​កម្រិត​ខ្ពស់​ជាង​។

បើ​តាម​គណៈកម្មការ​ទន្លេ​មេគង្គ​ ការ​ធ្លាក់​ចុះ​នៃ​កម្ពស់​ទឹក​ទន្លេ​មេគង្គ មិន​មែន​កើត​មាន​តែ​នៅ​ប្រទេស​កម្ពុជា​ទេ តែ​ក៏​កើត​មាន​ផង​ដែរ​​នៅ​ប្រទេស​​តំបន់​មេគង្គ​ក្រោម​ដទៃ​ទៀត ដូច​ជា​ប្រទេស​ថៃ ឡាវ និង​វៀតណាម​។ ការ​ធ្លាក់​ចុះ​ទាប​នៃ​កម្រិត​ទឹក​នេះបណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​តិច​នា​ដើម​ឆ្នាំ​២០២១ ការ​ផ្លាស់​ប្ដូរ​លំហូរ​ទឹក​នៅ​តំបន់​មេគង្គ​លើ ដំណើរការ​នៃ​ទំនប់​វារី​អគ្គិសនីនៅ​តាម​ដៃ​ទន្លេ និង​ជា​ពិសេស​គឺ​​ការ​ខ្ទប់​ទឹក​ទុក​នៅ​ទំនប់​វារី​អគ្គិសនី Jinghong ក្នុង​ខេត្ត​យូណាន​​ប្រទេស​ចិន​។

លោក​បណ្ឌិត Winai Wangpimoon នាយក​​ទទួល​បន្ទុក​ផ្នែក​គាំទ្រ​បច្ចេកទេស​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ គូស​បញ្ជាក់​ថា កម្រិត​ទឹក​ទាប​នៅ​ទន្លេ​មេគង្គ ចន្លោះ​ពី​ទំនប់​វារី​អគ្គិសនី Jinghong និង​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​វៀតណាម​នា​ពេល​នេះ បាន​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ និង​ការ​បម្លាស់​ទី​របស់​ត្រី ក៏​ដូច​ជា​ការ​ប្រកប​របរ​កសិកម្ម​របស់​ពលរដ្ឋ​។ លោក​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​និង​បណ្ដា​ប្រទេស​នៅ​តំបន់​មេគង្គ​ក្រោម ឲ្យ​ចែក​រំលែក​គម្រោង​គ្រប់​គ្រង​ទន្លេ​មេគង្គ​ដល់ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​គ្រប់​គ្រង​ហានិភ័យ​នៅ​​ប្រទេស​​តំបន់​មេគង្គ​ក្រោម​​ប្រកប​ដោយ​ប្រសិទ្ធភាព​។

សូម​ជម្រាបជូន​ថា ទន្លេ​មេគង្គ​ដែល​មាន​ប្រភព​នៅខ្ពង់​រាប​ទីបេ ​ហូរ​កាត់​ប្រទេស​ចំនួន​៦ គឺ​ប្រទេស​ចិន ភូមា ថៃ ឡាវ កម្ពុជា និង​វៀតណាម​ មុន​នឹង​ហូរ​ធ្លាក់ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​។ មាន​ប្រវែង​សរុប​ជាង​៤​ពាន់​គីឡូម៉ែត្រ ទន្លេ​មេគង្គ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​​ជា​ប្រភពសន្តិសុខ​ស្បៀង​​​ដ៏​សំខាន់​សម្រាប់ប្រជាជន​ជិត​៧០​លាន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ