អានតួអត្ថបទ
កម្ពុជា-ទន្លេមេគង្គ

សង្គមស៊ីវិលព្រួយបារម្ភពីផលប៉ះពាល់មកលើទន្លេមេគង្គចំពោះគម្រោងទំនប់វារីអគ្គិសនីសាណាខាំរបស់ឡាវ

​ក្រុម​អង្គការសង្គម​ស៊ីវិល​ជាង​១​០​ស្ថាប័ន​ ​នៅ​ថ្ងៃអង្គារ​ទី​២​៤​វិច្ឆិកា​នេះ​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ ​សម្តែង​ការ​ព្រួយបារម្ភ​លើ​ផល​ប៉ះពាល់​ ​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ឈ្មោះ​ ​សា​ណា​ខាំ​ ​របស់​ឡាវ​ ​មក​លើ​បណ្តា​ប្រទេស​ ​តាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​រួម​មាន​កម្ពុជា​ ​ជាដើម​។​ ​ក្តី​ព្រួយបារម្ភ​នេះ​ ​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ ​ខណៈ​គណៈកម្មការ​ទន្លេមេគង្គ​ត្រៀម​រៀបចំ​វេទិកា​លើក​ទី​១​០​ ​ស្តីពី​ដំណើរការ​ពិគ្រោះ​យោបល់​ ​ទៅលើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាំ​ ​នៅ​ថ្ងៃខាងមុខ​នេះ​។​ 

ទំនប់ដូចាស្សាន់ ត្រូវបានបង្ហាញ នៅដាប់សាសាន ខេត្តយូណានប្រទេសចិន។ អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយថាការរីកដុះដាលនៃទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិន និងផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ បង្កការគំរាមកំហែងធំធេងដល់អនាគតនៃទន្លេមេគង្គ។
ទំនប់ដូចាស្សាន់ ត្រូវបានបង្ហាញ នៅដាប់សាសាន ខេត្តយូណានប្រទេសចិន។ អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយថាការរីកដុះដាលនៃទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិន និងផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ បង្កការគំរាមកំហែងធំធេងដល់អនាគតនៃទន្លេមេគង្គ។ ASSOCIATED PRESS - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

ទំនប់វារីអគ្គិសនីឈ្មោះសាណាខាំ របស់ប្រទេសឡាវ និងទំបន់ធំៗចំនួន១១ផ្សេងទៀតដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងអស់នៅឆ្នាំ២០៤០ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខស្បៀងក្នុងតំបន់។  នេះបើយោងទៅតាមការសិក្សាកាលពីឆ្នាំ២០១៧របស់គណៈកម្មការទន្លេមេគង្គ។ បើតាមការសិក្សាដដែល ផលប៉ះពាល់នេះនឹងធ្វើឲ្យបរិមាណដីល្បាប់ថយចុះ ប៉ះពាល់ដល់ការបំលាស់ទីរបស់ត្រី បាត់បង់ពូជត្រីធំៗ ថយចុះធនធានជលផលចំនួន៨០%ក្នុងឆ្នាំ២០៤០ ព្រមទាំងអាចបណ្តាលឲ្យមានអសន្តិសុខស្បៀងកម្រិតធ្ងន់ធ្ងរនៅតាមសហគមន៍ក្នុងប្រទេសឡាវនិងកម្ពុជាទៀតផង។

តាមរយៈសេចក្តី​ថ្លែង​ការណ៍​របស់​សង្គមស៊ីវិលជាង១០ស្ថាប័ន ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤វិច្ឆិកា ​បាន​រៀបរាប់ដែរ​ថា ​គម្រោង​សាងសង​ទំនប់​វារីអគ្គិសនី ​សាណាខាំ​ ដែល​ជា​គម្រោង​ទំនប់​ទី​៦​របស់​ឡាវ នៅ​លើ​ដង​ទន្លេ​នៃ​ទន្លេ​មេគង្គ​នោះ​ នឹង​បង្ក​ផល​ប៉ះពាល់​ឆ្លង​ដែន​ដ៏​ធំធេង ​ដល់ទន្លេ​ដែល​ពលរដ្ឋ​រាប់​លាន​នាក់​ពឹង​អាស្រ័យ។

ដោយសារតែផលប៉ះពាល់មានទំហំបែបនេះទើបសង្គមស៊ីវិល ជម្រុញឲ្យគណៈកម្មការទន្លេមេគង្គយកទិន្នន័យនៃការសិក្សាថ្មីចុងក្រោយបំផុត មកធ្វើការពិនិត្យមើលឡើងវិញ ទៅលើគម្រោងវារីអគ្គិសនីនានា និងជាពិសេស ទៅលើគម្រោងទំនប់សាណាខាំផ្ទាល់តែម្តង ។ នៅចំពោះមុខបញ្ហានេះក្រុមអង្គការសង្គមស៊ីវិលដដែល ក៏ស្នើបានសុំឲ្យមានការពន្យាពេលនៃកិច្ចពិគ្រោះយោបល់ របស់គណៈកម្មការទន្លេមេគង្គទៅពេលក្រោយ ដោយសំអាងថា មិនអាចផ្តល់ព័ត៌មានបានគ្រប់ជ្រុងជ្រោយនោះទេ ក្នុងបរិបទនៃការរីករាលនៃជំងឺកូវីដ១៩។

គួរជម្រាបជូនដែរថា ទំនប់​វារី​អគ្គិសនី​សាណាខាំ ​ដែល​គ្រោង​ចំណាយ​ថវិកា​អស់​ជាង​២​ពាន់​លាន​ដុល្លារ​និង​ផលិត​ថាម​ពល​៦៨៤​មេហ្គាវ៉ាត់​នេះស្ថិត​នៅ​ចន្លោះ​ខេត្ត​សាយ៉ាប៊ូរី និង​ខេត្ត​វៀងច័ន្ទ​របស់​ឡាវ។ ទំនប់​នេះ​គ្រោង​នឹង​ចាប់​ផ្តើម​សាង់សង់​នៅ​ឆ្នាំ​២០២០​នេះ​ ហើយ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៨ ដោយ​ថាមពល​ដែល​ផលិត​បាន​ ភាគច្រើន​នឹង​ត្រូវលក់​ទៅ​ឲ្យ​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​គណៈ​កម្មការ​ទន្លេមេគង្គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ