អានតួអត្ថបទ
កម្ពុជា-ទន្លេមេគង្គ

ហ្វេសប៊ុក និងMRC សហការគ្នាលើកកម្ពស់ការយល់ដឹងអំពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់មេគង្គក្រោម

លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​(MRCS) និង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ នៅ​ថ្ងៃ​ទី​៣១​ខែ​សីហា​នេះ ​បាន​ប្រកាស​ដាក់​ដំណើរ​ការ​នូវ​គំនិត​ផ្តួចផ្តើម​រួមគ្នា​មួយ​ ដើម្បី​ផ្តល់​ការ​ជូន​ដំណឹង​ជា​មុន​ស្តី​ពី​គ្រោះ​ទឹក​ជំនន់ ​និង​ព័ត៌មាន​តាមដាន​ពី​គ្រោះ​រាំង​ស្ងួត ដល់​សហគមន៍​ និង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គក្រោម​។ MRCS ​យល់ថា​គំនិត​ផ្តួចផ្តើម​រួមគ្នា​នេះ​ មាន​គោលដៅ​លើក​កម្ពស់​ការ​យល់ដឹង​របស់​សាធារណជន​ជាទូទៅ​នៅ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​ទាំង​៤​ មាន​កម្ពុជា​ វៀតណាម​ ឡាវ​ និង​ថៃ​។

វីដេអូណែនាំពីវិធីស្វែងរកការដំណឹងជាមុនស្តីពីគ្រោះទឹកជំនន់ និងព័ត៌មានតាមដានពីគ្រោះរាំងស្ងួត តាមប្រព័ន្ធបណ្តាញសង្គម
វីដេអូណែនាំពីវិធីស្វែងរកការដំណឹងជាមុនស្តីពីគ្រោះទឹកជំនន់ និងព័ត៌មានតាមដានពីគ្រោះរាំងស្ងួត តាមប្រព័ន្ធបណ្តាញសង្គម © FB/Mekong River Commission
ផ្សាយពាណិជ្ជកម្ម

លោកស្រី សានទី អាឡិចហ្សាន់ឌឺ(Shanti Alexander) អ្នកគ្រប់គ្រងកិច្ចការFacebook ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះនឹងជួយដល់សហគមន៍ឲ្យចេះត្រៀមខ្លួនបង្កើតភាពធន់នឹងគ្រោះថ្នាក់ពីធម្មជាតិ និងជាពិសេសសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ឲ្យពួកគេត្រៀមខ្លួនកាន់តែប្រសើរសម្រាប់វិបត្តិនេះ។

អ្នកគ្រប់គ្រងកិច្ចការហ្វេសប៊ុករូបនេះបញ្ជាក់ថា កម្មវិធីដែលមានរយៈពេល១ឆ្នាំនេះ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ គឺក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជនទូទៅ និងបង្កើនសមត្ថភាពមន្រ្តី ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ការផ្សព្វផ្សាយព័ត៌មានអំពីទឹកជំនន់និងគ្រោះរាំងស្ងួត ដល់ប្រទេសទាំងបួន ដែលជាសមាជិកគណៈកម្មការទន្លេមេគង្គរួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាម។

ជាមួយគ្នានេះ លោក អានុល័ក គិតិឃួន (Anoulak Kittikhoun) ប្រធានមន្ត្រីផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូរបស់គណៈកម្មការទន្លេមេគង្គ ក៏បានឲ្យដឹងដែរថា កិច្ចសហការនេះនឹងក្លាយទៅជាកន្លែងផ្តល់ព័ត៌មានដោយរហ័ស និងទុកចិត្តសម្រាប់ប្រទេសក្នុងតំបន់អាចរៀបចំវិធានការទប់ស្កាត់បានទាន់ពេលវេលា ព្រោះថាប៉ុន្មានឆ្នាំកន្លងមកគ្រោះធម្មជាតិបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ឃឿនសេដ្ឋកិច្ចនៃប្រទេសនៅតាមដងទន្លេមេគង្គក្រោមទាំងនោះ។

យោងតាមគណៈកម្មការទន្លេមេគង្គ (MRC)ការខាតបង់ជាមធ្យមកើតចេញពីទឹកជំនន់នៅក្នុងអាងទន្លេមេគង្គក្រោមមានតម្លៃគិតជារួមពី៦០ ទៅ ៧០លានដុល្លារ ខណៈដែលទឹកជំនន់ប្រចាំរដូវ បាននាំមកនូវអត្ថប្រយោជន៍ផ្សេងៗគ្នាដល់តំបន់។ ដោយឡែក ប្រទេសកម្ពុជា និងវៀតណាមបានបាត់បង់ប្រមាណ ២ភាគ៣នៃការខូចខាតដោយទឹកជំនន់ប្រចាំឆ្នាំសរុបនៅក្នុងតំបន់ទន្លេមេគង្គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ