អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសគាំទ្រសំណើចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង

ដូច​ការ​គ្រោង​ទុក​ កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង ​លើក​ទី​៣ ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​​ដោយ​មាន​ប្រទេស​ឡាវ​និង​ប្រទេស​ចិន​ជា​សហ​ប្រធាន​​។ ប្រធាន​បទ​ធំ​រួម​នៃ​កិច្ច​ប្រជុំ​នេះ​គឺ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ សម្រាប់​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​នូវសំណើរបស់​ចិន​ដែល​អះអាង​ថា​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​មេគង្គ​-ឡានឆាង​នេះ​ ខណៈ​ជំនាញ​មួយ​ចំនួន​មើល​ឃើញ​ថា ​នេះ​ជា​យន្តការ​មួយ​របស់​ចិន​ក្នុង​ការ​​គ្រប់​គ្រង​ទន្លេ​មេគង្គ​និង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​តែ​ប៉ុណ្ណោះ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំមេគង្គ-ឡានឆាង កាលពីព្រឹកថ្ងៃទី២៤នេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំមេគង្គ-ឡានឆាង កាលពីព្រឹកថ្ងៃទី២៤នេះ © FB/SPMPage
ផ្សាយពាណិជ្ជកម្ម

កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង នេះគឺមាន​សមាជិក​សរុប​ចំនួន​៦​ប្រទេសគឺមាន ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​ ដែលត្រូវបាន​បង្កើតឡើង​កាលពីឆ្នាំ​២០១៤។ គឺខុស​ពី​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​សមាជិក​តែ​៤​ប្រទេស​គឺ ឡាវ ថៃ កម្ពុជា និង​វៀតណាម។

នៅក្នុងកិច្ចប្រជុំលើកទី៣​នេះ នៅគ្រាដែល​ប្រទេសនីមួយៗ​កំពុងជួប​វិបត្តិសេដ្ឋកិច្ច​ ដោយ​សារតែ​កូវីដ១៩​នោះ ប្រមុខរដ្ឋាភិបាល​កម្ពុជា បានប្រកាសគាំទ្រ​សំណើរបស់​ចិន​ដែលអះអាងថា​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​មេគង្គ​ឡាង-ឆាងនេះ។​ វិស័យអទិភាពចំនួន៤​ដែលភាគីចិនលើកឡើង​គឺការ​តភ្ជាប់​តាមរយៈ​ខ្សែ​ក្រវ៉ាត់​អភិវឌ្ឍសេដ្ឋកិច្ច​មេគង្គ-ឡានឆាង និង​ការជំរុញ​ច្រក​របៀង​ពាណិជ្ជកម្ម តាមដីនិង​តាម​សមុទ្រអន្តរជាតិ​ថ្មី។​ កិច្ចសហការធនធានទឹក។ ការអភិវឌ្ឍ​ដោយ​ចេរភាព​ក្នុង​វស័យ​កសិកម្ម និង​បរិស្ថាន និង​ការ​លើក​កម្ពស់​សុខភាព​សាធារណៈ តាមរយៈការ​បង្កើត​សហគមន៍​សុខភាព​សាធារណៈមេគង្គ-ឡានឆាង។ នេះបើតាម​សុន្ទរកថា​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​

សូមរំឭកថា កាលពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១​នៅ​ឆ្នាំ​២០១៦ ក្រោម​មូលនិធិ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ប្រទេស​ចិន​បាន​សន្យា​​ផ្ដល់​ជំនួយ​​ហិរញ្ញវត្ថុ​ចំនួន​៣០០​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​គម្រោង​ខ្នាត​តូច​និង​មធ្យម​នានា​នៅ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​៦ សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២២។ ចំពោះ​កម្ពុជា ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ជាប់​គ្នា មូលនិធិ​មេគង្គ-ឡានឆាង បាន​ផ្ដល់​ជំនួយ​លើ​គម្រោង​ចំនួន​៥៥​គម្រោង ដែល​គិត​ជា​ទឹក​ប្រាក់​ជាង​២០​លាន​ដុល្លារ​។ ជា​ថ្នូរ​នឹង​កញ្ចប់​លុយ​​​​ដែល​​​ទម្លាក់​ឲ្យកម្ពុជា​និង​​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​នេះ ​ចិន​បាន​បន្ត​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​មួយ​ហើយ​មួយ​ទៀត​នៅ​ផ្នែក​ខាង​លើ​នៃ​​ដង​ទន្លេ​មេគង្គ ដែល​ចិន​ខ្លួន​ឯង​ហៅ​ថា ឡានឆាង​។ គិត​រហូត​មក​ទល់​ពេល​នេះ ចិន​បាន​សាងសង់​​​​ទំនប់​វារី​អគ្គិសនី​ចំនួន​១១​លើ​ដង​ទន្លេ​មេគង្គ និង​កំពុង​តែ​រៀប​ចំ​សាងសង់​ទំនប់​វារី​អគ្គិសនី​ចំនួន​៨​បន្ថែម​ទៀត​។

ប៉ុន្តែរបាយការណ៍​របស់​មជ្ឈមណ្ឌល Stimson ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ រក​ឃើញ​ថា ទំនប់​វារី​អគ្គិសនី​របស់​ចិន​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​មេគង្គ បាន​ធ្វើ​ឲ្យ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​នូវ​លំហូរ​ទឹក ក៏​ដូច​ជា​កម្ពស់​ទឹក​ទន្លេ​។ ការ​ប្រែ​ប្រួល​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ប្រព័ន្ធ​ជីវៈ​ចម្រុះ​ក្នុង​ទន្លេ ប៉ះពាល់​ដល់​ជំរក​ត្រី និង​ធ្វើ​ឲ្យ​ប្រភេទ​ត្រី​ខ្លះ​ត្រូវ​រង​គ្រោះ​ស្ទើរ​តែ​​ផុត​ពូជ​។ ជា​លទ្ធផល ប្រជាជន​ជាង​៦០​លាន​នាក់​ដែល​រស់​នៅ​តាម​ដង​ទន្លេ​នេះ​កំពុង​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​ដោយ​សារ​តែ​សកម្មភាព​របស់​ចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ