អានតួអត្ថបទ
កម្ពុជា

លោក ​កឹម សុខា​ បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​បីនាក់​ដែល​ប៉ូលីស​អន្តរជាតិ​កំពុង​តាម​ចាប់ខ្លួន

លោក​ កឹម សុខា ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ច្រាន​ចោល​ចំពោះ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​បីនាក់​ ដែល​ប៉ូលីស​អន្តរជាតិ​កំពុង​តាម​ចាប់​ខ្លួន។​ ការ​ច្រាន​ចោល​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ពី​ដំណឹង​នៃ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក​ទាំង​បី​រូប​ ដោយ​ភ្ជាប់​នឹង​រូបថត​របស់​លោក ​កឹម សុខា ​ផង​ដែរ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មិនមែន​មានតែ​លោក កឹម សុខា អនុប្រធាន​ទី១នៃ​រដ្ឋសភា​នោះទេ ដែល​បាន​ច្រានចោល ចំពោះ​ទំនាក់ទំនង​របស់លោក កឹម សុខា ជាមួយនឹង​មនុស្ស​បីនាក់​ដែល​ប៉ូលីស​អន្តរជាតិ​កំពុង​តាមរក​ចាប់ខ្លួន​នោះ សូម្បីតែ​លោក ខៀវ សុ​ភ័​ក្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ក៍បាន​បញ្ជាក់ដែរថា លោក កឹម សុខា នឹងមិន​ជាប់​ពាក់ព័ន្ធ​នោះទេ។ ប៉ុន្តែ​សំណួរ​បាន​ចោទឡើង​ថា តើ​ការចុះផ្សាយ​របស់​សារព័ត៌មាន ដោយ​ភ្ជាប់​រូបភាព​របស់លោក កឹម សុខា ទៅនឹង​ជន​ទាំងបី​នាក់​ថា បានធ្វើអោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់លោក កឹម សុខា ដែរ​រឺ​យ៉ាងណា? លោក ខៀវ សុ​ភ័​ក្រ បាន​បញ្ជាក់ថា វា​មិនមែនជា​បញ្ហា​នោះទេ បើ​គ្រាន់តែ​ថត​រូបភាព​ជាមួយគ្នា​នោះ។

គួរ​រំលឹក​ជូន​ថា នៅ​ព្រឹក​ថ្ងៃទី៣តុលា​នេះ កាសែត​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ពី​ប៉ូលីស អាំងទែ​ប៉ូល កំពុង​តាមរក​ចាប់ខ្លួន​ជន​សង្ស័យ​៣នាក់​ដែល​រស់នៅ​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​ការ​គំរាម សម្លាប់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការប្រមាថ​ព្រះមហាក្សត្រ។ កាសែត​នេះ​បាន​ផ្សាយ​ថា ជនសង្ស័យ​ទាំង៣នាក់ ដែល​ប៉ូលិស​អាំងទែ​ប៉ូល​ស្វែងរក​ចាប់ខ្លួន គឺមាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី១នៃ​រដ្ឋសភា ពីព្រោះ​រាល់ពេល​ដែល​លោក កឹម សុខា ចេញទៅ​សហរដ្ឋអាមេរិក គឺ​ជន​សង្ស័យ​ទាំង៣នាក់​តែងតែមាន​ការជួប​ជាមួយគ្នា។ ប៉ុន្តែ​លោក កឹម សុខា ដែល​កំពុង​ជួប​សំណេះសំណាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅឯ​ខេត្តពោធិ៍សាត់​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្រាប់​វិទ្យុ​បារាំ​អន្តរជាតិ RFI ថា លោក​គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ជនសង្ស័យ​ទាំងបី​នាក់​នេះ​ទេ។

ជាធម្មតា​នៅពេល​លោក​បំពេញ​ទស្សនកិច្ច​មិន​ថា នៅក្នុង​ស្រុក​រឺ​ក្រៅ​ស្រុក​នោះទេ តែងតែមាន​មនុស្ស​ជាច្រើន​បាន​សុំ​ថតរូប​ជាមួយ​លោក។ ដូច្នេះ​ការព្យាយាម​យក​រូបលោក​ទៅ​ភ្ជាប់​ជាមួយនឹង​ជនសង្ស័យ​ទាំងបី​គឺជា​រឿង​ដ៍​ខុសឆ្គង​មួយ។

សូមបញ្ជាក់ថា ជនសង្ស័យ​ទាំង៣នាក់ ដែល​ប៉ូលីស​អាំងទែ​ប៉ូល​កំពុង​ស្វែងរក​ចាប់ខ្លួន​នោះ​រួមមាន ទី១ ឈ្មោះ ម៉ៅ ឃឿន នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ សហរដ្ឋអាមេរិក ទី២- ឈ្មោះ បូ​ណា ប៊ុន​ផាត់ នៅ​រដ្ឋ​វ៉ាស៊ីនតោន និង​ទី៣-ឈ្មោះ យឿន សំ​រិទ្ធី នៅ​រដ្ឋ​ចច​ជៀ (Georgia) សហរដ្ឋអាមេរិក៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ