អានតួអត្ថបទ
កម្ពុជា

លោក​កឹម សុខា ទទួលរង​ការ​វាយប្រហារ​ពីសំណាក់​ប្អូនប្រុស​ខ្លួនឯង

លោក កឹម សុខុន ប្អូនប្រុស​របស់​លោក កឹម សុខា ដែល​ធ្លាប់ធ្វើការ​​នៅ​ក្នុង​គណបក្ស​សិទ្ធិមនុស្ស​​ដែរនោះ បាន​ចុះចូលជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា កាលពីឆ្នាំ​២០០៩។ នៅពេល​នេះ មុន​ការបោះឆ្នោត​តំណាងរាស្រ្ត​បន្តិច លោក កឹម សុខុន បាន​ចេញមុខ​បកអាក្រាត​អំពើអាក្រក់​បងប្រុសរបស់​លោក និង​លោក សម រង្ស៊ី។ មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​ពិពណ៌នា​ទង្វើ​របស់​លោក កឹម សុខុន ថា ធ្វើឡើង​ដើម្បីតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។

លោក កឹម សុខា​ អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ (រូបថតឯកសារ)
លោក កឹម សុខា​ អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ (រូបថតឯកសារ) © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​តួអង្គ​អ្នក​នយោបាយ​ថ្មី​មួយ​ ដែល​ត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ត្រូវ​បាន​គេ​បង្ហាញ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ដែល​មាន​ទិន្នាការ​លម្អៀង​ទៅរក​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ លោក កឹម សុខុន បាន​ធ្វើ​ការ​រិះគន់​ធ្ងន់ៗ​ ចំពោះ​លោក កឹម សុខា និង​លោក សម រង្ស៊ី ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ។

លោក កឹម សុខុន ដែល​ធ្លាប់​ជា​សមាជិក​គណបក្ស​​ហ៊្វុនស៊ិនប៉ិច គណបក្ស​​សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស និង​ចុង​ក្រោយ​នេះ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចោទប្រកាន់​លោក សម រង្ស៊ី និង​​លោក កឹម សុខា ថា ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ​ដើម្បី​តែ​ផលប្រយោជន៍ និង​អំណាច​ផ្ទាល់​ខ្លួន។

ស្រប​ពេល​ជា​មួយ​គ្នា លោក កឹម សុខុន បាន​លើក​សរសើរ​ការ​ដឹកនាំ​របស់​គណបក្ស​​​ប្រជាជន​កម្ពុជា​ និង​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​បន្ត​បោះឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​មួយ​នេះ។

នៅ​ថ្ងៃ​សៅរ៍​នេះ វិទ្យុបារាំង​អន្តរជាតិ​មិន​អាច​ទាក់ទង​លោក កឹម សុខា ដើម្បី​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​​បាន​ទេ។ ប៉ុន្តែ​ លោក យ៉ែម ប៉ុញ្ញាឫទ្ធិ អគ្គនាយករដ្ឋបាល​នៃ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ហៅ​ការ​រិះគន់​របស់​លោក កឹម សុខុន ដែល​មាន​តួនាទី​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​នោះ​ថា ជា​ការ​រិះគន់ និង​វាយ​ប្រហារ​ ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក យ៉ែម ប៉ុញ្ញាឫទ្ធិ​ បាន​បញ្ជាក់​ថា «លោក កឹម សុខុន គិតពីប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងពេក និងម្យ៉ាងទៀតនេះគឺជាល្បិចកលរបស់គណបក្សប្រជាជនកម្ពុជា»។ លោក ប៉ុញ្ញាឫទ្ធិ បាន​បន្ត​ទៀត​ថា បើទោះបីជា​យ៉ាងណាក៏ដោយ ក៏​ការ​វាយប្រហារ​របស់​លោក កឹម សុខុន មិន​ប៉ះពាល់​ប្រជាប្រិយភាព​គណបក្ស​សង្រ្គោះជាតិ​ដែរ។

ប្រតិកម្ម​​ទៅនឹង​សម្តី​របស់​ លោក យ៉ែម ប៉ុញ្ញាឫទ្ធិ លោក កឹម សុខុន បាន​ពន្យល់​នៅថ្ងៃ​សៅរ៍​នេះថា ប្រសិន​បើលោក​ចង់​បាន​ផល​ប្រយោជន៍ លោក​ប្រាកដ​ជា​ត្រូវ​ស្ថិត​នៅ​ក្នុង​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​មាន​បងប្រុស​លោកជា​ប្រធាន​ទៅ​ហើយ។

ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​សួរ​ថា តើ​លោក​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច​ដែរ​នៅពេល​ដែល​បងប្អូនប្រុស​​បង្កើត​មាន​ជម្លោះ​ផ្នែក​នយោបាយ​ជាមួយ​គ្នា​នោះ? ​ លោក កឹម សុខុន បាន​អត្ថាធិប្បាយ​ថា «យើងបងប្អូនគ្នាមែន មុខមាត់ស្រដៀងគ្នាមែន សំឡេងដូចគ្នាមែន។ ប៉ុន្តែយើងមានទស្សនៈនយោបាយខុសគ្នា ហើយនេះវាបង្ហាញពីប្រជាធិបតេយ្យនៅកម្ពុជា»

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ