អានតួអត្ថបទ
ជប៉ុន

ជប៉ុន៖១ឆ្នំា ក្រោយ​គ្រោះរញ្ជួយ​ដី មហន្តរាយ​នុយក្លេអ៊ែរ​នៅ​បន្ត​ដក់​ក្នុង​អារម្មណ៍​ប្រជាជន​ជប៉ុន

១១ មីនា ២០១១-១១ មីនា ២០១២ ថ្ងៃ​អាទិត្យ ទី១១ មីនា​នេះ ជា​ខួប​គម្រប់ ១ឆ្នំា​គត់​នៃ​ព្រឹត្តិការណ៍​គ្រោះ​រញ្ជួយដី​នៅ​ក្នុង​ប្រទេស​ជប៉ុន។ គឺ​ជា​មហា​សោកនាដកម្ម​មួយ​ដែល​បាន​សម្លាប់​ប្រជាជន​ជប៉ុន ១៥ ៨៤៦នាក់ បាត់ខ្លួន ៣ ៣១៧​នាក់ អ្នក​រងរបួស​ជាង ៦ ០០០នាក់ ព្រម​ទំាង​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះសម្បែង-ទ្រព្យសម្បត្តិ​របស់​ប្រជាជន​យ៉ាង​ច្រើន​សម្បើម។ នៅ​ថ្ងៃ​នេះ ពិធី​គោរពវិញ្ញាណក្ខ័ន្ធជាតិ​​ចំពោះ​ជន​រងគ្រោះ​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​នៅ​ក្នុង​ទីក្រុង​តូក្យូ ដោយ​មាន​វត្តមាន​អធិរាជ អាគីហ៊ីតូ និង​នៅ​តាម​កន្លែង​កើតហេតុ​ផ្ទាល់។ ១ឆ្នំា ក្រោយ​មក និង​អ្វី​ដែល​ប្រជាជន​ជប៉ុន​ទូទៅ​នៅ​មិន​អាច​បំភ្លេច​បាន និង​ពិបាក​ទទួល​យក​នោះ គឺ​គ្រោះថ្នាក់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima។

១ឆ្នំា ក្រោយ​គ្រោះរញ្ជួយ​ដី មហន្តរាយ​នុយក្លេអ៊ែរ​នៅ​បន្ត​ដក់​ក្នុង​អារម្មណ៍​ប្រជាជន​ជប៉ុន
១ឆ្នំា ក្រោយ​គ្រោះរញ្ជួយ​ដី មហន្តរាយ​នុយក្លេអ៊ែរ​នៅ​បន្ត​ដក់​ក្នុង​អារម្មណ៍​ប្រជាជន​ជប៉ុន REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

រញ្ជួយដី គឺ​ជា​គ្រោះធម្មជាតិ​មួយ​ដែល​ជប៉ុន​ធ្លាប់​ជួប​ប្រទះ​ញឹកញាប់ និង​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ។ សំណង់​ផ្សេងៗ ក៏​ដូច​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ត្រូវ​បាន​សាងសង់-រៀបចំ​ឡើង​ដោយ​បង្ការ​ទប់​នឹង​គ្រោះ​រញ្ជួយដី។ ប៉ុន្តែ​អ្វី​ដែល​ថ្មី និង​ដែល​មិន​មែន​ជា​ទម្លាប់​របស់​ជប៉ុន គឺ​គ្រោះថ្នាក់​នុយក្លេអ៊ែរ។ ក្រោយ​ពី​រលកយក្ស​ស៊ូណាមី​កំពស់ ១៤ម៉ែត្រ​បាន​បោកបក់​ទៅ​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊េរ​Fukushima មក មាន​ម៉ាស៊ីនប្រតិកម្ម​ចំនួន ៣​បាន​ផ្ទុះ​បន្តបន្ទាប់​គ្នា និង​ដែល​បាន​ធ្លាយ​ចេញ​នូវ​ធាតុវិទ្យុសកម្ម​ប្រកប​ដោយ​គ្រោះថ្នាក់​សម្រាប់​ជីវិត​មនុស្ស។ នេះ​​ជា​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ដ៏​ធ្ងន់ធ្ងរ​លើក​ទី​មួយ​ក្នុង​លោក គិត​ក្នុង​រយៈពេល ២៥ឆ្នំា​ចុង​ក្រោយ​នេះ ពោល តំាង​ពី​ក្រោយ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅឈែរណូប៊ីល (Tchernobyl) ក្នុង​ប្រទេស​អ៊ុយក្រែន។

មហន្តរាយនុយក្លេអ៊ែរនៅបន្តដក់ក្នុងអារម្មណ៍ប្រជាជនជប៉ុន

១ឆ្នំា ក្រោយ​មក ប្រជារាស្រ្ត​ជប៉ុន​បន្ត​បញ្ចេញ​កំហឹង​ប្រឆំាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​តិបកូ​ដែល​ជា​អ្នក​ធ្វើ​អាជីវកម្ម​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ពី​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍ ក្រោយ​ពី​មាន​អគារ​ម៉ាស៊ីនប្រតិកម្ម​​បាន​ផ្ទុះ​បន្តបន្ទាប់​គ្នា។ ការ​ផ្ទុះ​ដែល​បាន​បញ្ចេញ​ធាតុវិទ្យុសកម្ម​ទៅ​ក្នុង​បរិយាកាស ក្នុង​កម្រិត​ខ្ពស់​គួរ​ឲ្យ​បារម្ភ។ កាលណោះ អាជ្ញាធរ​ជប៉ុន​បាន​សម្រេច​ជម្លៀស​ប្រជាជន​ដែល​រស់​ក្នុង​រង្វង់ ២០គីឡូម៉ែត្រ ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ ទន្ទឹម​គ្នា​នោះ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ក្រុមហ៊ុន​តិបកូ​បាន​ជូន​ព័ត៌មាន​មិន​ច្បាស់លាស់ និង​មិន​ពិត​ជុំវិញ​ស្ថានភាព និង​ផលវិបាក​ដែល​នឹង​អាច​កើត​ចេញ​ពី​គ្រោះថ្នាក់​នុយក្លេអ៊ែរ។ សរុប មាន​ប្រជាជន​ជាង ៣៤ម៉ឺន​នាក់​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ពី​លំនៅដ្ឋាន ទៅ​ដាក់​កន្លែង​ផ្សេងៗ​នៅ​ទូទំាង​ប្រទេស។ តែ ១ ឆ្នំា ក្រោយ​មក មាន​គ្រួសារ​មួយ​ចំនួន​ធំ​មិន​​អាច​វិលត្រឡប់​ទៅ​កាន់​ផ្ទះសម្បែងដើម​​របស់​គេ​វិញ​បាន​ទេ ពីព្រោះ​ជា​កន្លែង​ដែល​លែង​រស់នៅ​បាន​ទៀត​ឡើយ។

ពិតណាស់​ថា ១ឆ្នំា​ក្រោយ​មក ទោះ​បី​ជា​នៅ​មិន​ទាន់​មាន​ប្រជាជន​ជប៉ុន​ណា​ម្នាក់​បាន​ស្លាប់​ដោយ​ទទួល​រង​ធាតុវិទ្យុសកម្ម​ក៏​ដោយ ក៏​លទ្ធផល​នៃ​ការ​សិក្សា​ឯករាជ្យ​ជា​ច្រើន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ឥទ្ធិពល​នៃ​ធាតុវិទ្យុសកម្ម​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ​មនុស្ស​ដែល​រស់​នៅ​ជាង ២០០គីឡូម៉ែត្រ ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima។ អ្នក​ដែល​ងាយ​ទទួល​រងគ្រោះ​ជាង​គេ គឺ​កូន​ក្មេង។

១ឆ្នំា ក្រោយ​មក និង​អ្វី​ដែល​ប្រជាជន​ជប៉ុន​ទូទៅ​កំពុង​បារម្ភ​ខ្លំាង​ជាង​គេ គឺ​បញ្ហា​សុខភាព បញ្ហា​គុណភាព​ទឹក ផលិតផល​កសិកម្ម និង​ការ​ចិញ្ចឹម​សត្វ។ បើ​យោង​តាម​ក្រុមអ្នកវិទ្យាសាស្រ្ត ជំងឺ​មហារីក​ដែល​បង្ក​ដោយ​ធាតុវិទ្យុសកម្ម នឹង​អាច​លេចរូបរាង ក្នុង​រយៈពេល ១០ ឬ ២០ ឬ​ក៏ ៣០ឆ្នំា​ខាង​មុខ។

ប្រជាជន​ជប៉ុន​ទាមទារ​ឲ្យ​បោះបង់​ថាមពល​នុយក្លេអ៊ែរ

ទន្ទឹម​គ្នា​នឹង​ពិធី​រលឹកខួប ១ឆ្នំា​នៃ​ព្រឹត្តិការណ៍​គ្រោះរញ្ជួយដី​ថ្ងៃ​នេះ ក៏​មាន​ក្បួន​បាតុកម្ម​ប្រឆំាង​នឹង​ថាមពល​នុយក្លេអ៊ែរ​ដែល​រៀបចំ​ដោយ​ប្រជាជន​ក្នុង​ទីក្រុង Fukushima។ ពួក​គេ​បាន​ដង្ហែ​ក្បួន​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ចោល​ទំាង​ស្រុង​នូវ​ថាមពល​នុយក្លេអ៊ែរ។ ក្រុមបាតុករ​បាន​លើក​ផ្ទំាងបដា​ដែល​សរសេរ​ថា គ្រោះ​រញ្ជួយ​ដី ជា​ព្រឹត្តិការណ៍​មិន​អាច​បំភ្លេច​បាន​ទេ តែ​មហន្តរាយ​នុយក្លេអ៊ែរ ជា​ព្រឹត្តិការណ៍​​មិន​អាច​បំភ្លេច​បាន​ផង និង​មិន​អាច​អត់ឱន​ឲ្យ​បាន​ផង។ អ្វី​ដែល​ក្រុមបាតុករ​ចង់​បាន គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ចោល​ទំាង​ស្រុង​នូវ​ថាមពល​នុយក្លេអ៊ែរ។ គួរ​ជម្រាប​ជូន​ថា បច្ចុប្បន្ន ជប៉ុន​មាន​ម៉ាស៊ីនប្រតិកម្ម​ចំនួន ៥៤គ្រឿង និង​មាន​តែ ២គ្រឿង​ប៉ុណ្ណោះ​កំពុង​ដំណើរការ​សព្វថ្ងៃ។ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ណូដា​ធ្លាប់​បាន​សន្យា​ថា ជប៉ុន​នឹង​ផ្តើម​ដក​ខ្លួន​ជា​បណ្តើរៗ ចេញ​ពី​ថាមពល​នុយក្លេអ៊ែរ។

១ឆ្នំា ក្រោយ​គ្រោះ​រញ្ជួយដី សេដ្ឋកិច្ច​ជប៉ុន​បាន​កម្រើក​ឡើង​វិញ

១ឆ្នំា ក្រោយ​គ្រោះរញ្ជួយដី ជប៉ុន​នៅ​តែ​បន្ត​ទទួល​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ទំាង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ពិសេស​គឺ​សេដ្ឋកិច្ច។ ក្រៅ​ពី​ទទួល​ផលវិបាក​ដោយ​គ្រោះរញ្ជួយដី​នៅ​ផ្ទះ​ខ្លួន​ឯង ជប៉ុន​ក៏​បាន​ទទួល​ផលវិបាក​នៅ​ក្នុង​គ្រោះទឹកជំនន់​ក្នុង​ប្រទេស​​ថៃ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ មាន​រោងចក្រ​សហគ្រាស​ជប៉ុន​នៅ​ថៃ​ជា​ច្រើន​បាន​ទទួល​រងការខូតខាត​ដោយ​ទឹកជំនន់ និង​មាន​មួយចំនួន​ធំ​នៅ​មិន​ទាន់​អាច​ដំណើរការ​ឡើង​វិញ​បាន​ទេ។ ក្រៅ​ពី​នេះ នៅ​មាន​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​ទៀត ពិសេស វិបត្តិប្រាក់​បំណុល​នៅ​ក្នុង​ប្រទេស​អឺរ៉ុប។ កត្តា​ទំាង​អស់​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទី៣​ក្នុង​លោក​មួយ​នេះ កំពុង​រងផល​​ប៉ះពាល់​យ៉ាង​ខ្លំាង។ តែ​បើ​គេ​ក្រឡេក​មើល​ក្រោយ អំពី​ប្រវត្តិសាស្រ្ត​របស់​ជប៉ុន ប្រទេស​មួយ​នេះ​មិន​ដែល​បណ្តោយ​ខ្លួន តាម​យថាកម្ម​ទេ។ ជាក់ស្តែង ក្រោយ​សង្គ្រាមលោក​លើក​ទី២ ជប៉ុន​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស។ ក្រោយ​វិបត្តិ​ប្រេងកាត​ពិភពលោក ជប៉ុន​បាន​រក​ឃើញ​ប្រភព​ថាមពល​ដ៏​មាន​ប្រសិទ្ធិភាព​ដោយ​ខ្លួនឯង។

ឥឡូវ​នេះ និង​ក្នុង​ឆ្នំា ២០១១ ដែល​ខ្លួន​បាន​ជួប​គ្រោះ​រញ្ជួយដី និង​នុយក្លេអ៊ែរ ជប៉ុន​បាន​បាត់បង់​កំណើន​សេដ្ឋកិច្ច​តែ ០,៧% ប៉ុណ្ណោះ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កំណើន​តម្រូវការ​ក្នុង​ស្រុក​បាន​ចូលរួម​ជួយ​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ជប៉ុន។ តាម​ការ​ប៉ាន់ប្រមាណ​មើល ជប៉ុន​អាច​នឹង​ស្គាល់​ស្ថានភាព​សេដ្ឋកិច្ច ដូច​មុន​គ្រោះ​រញ្ជួយដី ដោយសារ​​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​កញ្ចប់​ថវិកា ២៣ម៉ឺនលានដុល្លារ សម្រាប់​រយៈពេល ១០ឆ្នំា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ