ជប៉ុននិងឥណ្ឌាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម
នៅថ្ងៃពុធ ១៦ កុម្ភៈ ២០១០នេះ រដ្ឋមន្រ្តីការបរទេសជប៉ុន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងលុបអត្រាពន្ធគយ លើមុខទំនិញរហូតដល់ទៅ ៩៤%។ កិច្ចព្រមព្រៀងនេះត្រូវបានចុះ នៅក្នុងខណៈពេលដែលការផ្តោះប្តូរទំនិញរវាងជប៉ុន និងឥណ្ឌា កំពុងតែធ្លាក់ចុះខ្លាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីរាយការណ៍របស់ សេង ឌីណា
យោងតាមកិច្ចព្រមព្រៀង ដែលជប៉ុន និងឥណ្ឌាចុះហត្ថលេខា នៅថ្ងៃពុធនេះ អត្រាពន្ធគយលើមុខទំនិញស្ទើរតែទាំងអស់ (៩៤%) នឹងត្រូវលុបចោលទាំងស្រុង នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ មុខទំនិញដែលជាគោលដៅសំខាន់ ក្នុងកិច្ចព្រមព្រៀងនេះ គឺ មានទំនិញវាយនភណ្ឌ ថ្នាំពេទ្យ រថយន្ត និងវិស័យសេវាកម្ម។
ជប៉ុននិងឥណ្ឌារំពឹងថា ការបើកចំហទីផ្សារនេះ នឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ជប៉ុនរំពឹងថានឹងអាចបង្កើនការនាំចេញរថយន្ត និងគ្រឿងបន្លាស់ទៅឥណ្ឌា។ ចំណែកឥណ្ឌាវិញ ក៏អាចបង្កើនការនាំចេញថ្នាំពេទ្យ និងសម្លៀកបំពាក់ទៅជប៉ុនវិញដែរ។
កាលពីឆ្នាំ២០០៩កន្លងទៅ ការផ្តោះប្តូរពាណិជ្ជកម្មរវាងជប៉ុន និងឥណ្ឌា បានធ្លាក់ចុះចំនួន ២៣%។ ម្យ៉ាងវិញទៀត អង្គការពាណិជ្ជកម្មពិភពលោកបានចេញរបាយការណ៍មួយ ដោយបានផ្តល់អានុសាសន៍មួយដល់ជប៉ុនថា ការបើកចំហទីផ្សារ គឺជាកត្តាដ៏សំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ជប៉ុន ដែលធ្លាប់តែជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក ទើបនឹងត្រូវចិនទម្លាក់មកលេខ៣វិញ។ តាំងពីដើមរៀងមក សេដ្ឋកិច្ចរបស់ជប៉ុនពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ។ បច្ចុប្បន្ន ជប៉ុនកំពុងតែស្វះស្វែងរកទីផ្សារ ដើម្បីបង្កើនការនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ច។
ចំណែកឥណ្ឌាវិញ បច្ចុប្បន្ន គឺជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១០ ក៏ប៉ុន្តែ ស្ថិតក្នុងចំណោមប្រទេសកំពុងមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក។ ដូច្នេះ ឥណ្ឌាក៏កំពុងតែស្វែងរកទីផ្សារ ដើម្បីនាំផលិតផលចេញទៅក្រៅប្រទេសដែរ។
ក្រៅពីការព្រមព្រៀងកាត់បន្ថយរបាំងពន្ធគយលើមុខទំនិញ ជប៉ុនក៏កំពុងតែព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចសម្រាប់រយៈពេលវែងជាមួយឥណ្ឌាផងដែរ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅឥណ្ឌា ជាពិសេស គម្រោងសាងសង់បណ្តាញគមនាគមន៍រវាងរដ្ឋធានីញូវដែលី (New Dehli) និងទីក្រុងប៊ុមបៃ (Bombay) ដែលជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់របស់ឥណ្ឌា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ