អានតួអត្ថបទ
ជប៉ុន-ឥណ្ឌា

ជប៉ុន​​និង​​ឥណ្ឌា​​ចរចាគ្នា​​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​និង​នុយក្លេអ៊ែរ

នៅថ្ងៃ​ចន្ទ​ ទី២៥ តុលា ២០១០​នេះ លោក​ម៉ាន់ម៉ូហាន់​ ស៊ីង (Manmohan Singh) នាយករដ្ឋមន្រ្តី​ឥណ្ឌា ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល ៣ថ្ងៃ នៅ​ប្រទេស​ជប៉ុន។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាយករដ្ឋមន្រ្តី​ឥណ្ឌា និង​នាយករដ្ឋមន្រ្តី​ជប៉ុន​នឹង​​បិទបញ្ចប់​ការ​ចរចា​ជុំវិញ​​កិច្ចព្រមព្រៀង ​ពាណិជ្ជកម្ម​សេរី និង​បន្ត​ចរចា​លើ​សំណុំរឿង​សំខាន់​មួយ​ទៀត គឺ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល។

លោក​ម៉ាន់ម៉ូហាន់ ស៊ីង (ឆ្វេង) និង​លោក​ណាអូតូ កាន់ ពេលជួបគ្នា​នៅ​តូក្យូ ថ្ងៃ​ទី២៥ តុលា ២០១០
លោក​ម៉ាន់ម៉ូហាន់ ស៊ីង (ឆ្វេង) និង​លោក​ណាអូតូ កាន់ ពេលជួបគ្នា​នៅ​តូក្យូ ថ្ងៃ​ទី២៥ តុលា ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

05:34

បទវិភាគ​របស់ សេង ឌីណា

ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា នៅ​ជប៉ុន នៅពេលនេះ គឺ​ជា​ការគូសបញ្ជាក់​អំពី​ភាព​ល្អូកល្អឺន​​រវាង​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ ទាំងពីរ ក្នុង​ពេល​ដែល​ជប៉ុន​កំពុង​មាន​ជម្លោះ​ការទូត​ជាមួយ​ចិន។

នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ នាយករដ្ឋមន្រ្តី​ទាំងពីរ​គ្រោង​នឹង​បិទបញ្ចប់​ជាផ្លូវការ​នូវការ​ចរចា​​លើ​ កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​គ្រោង​ធ្វើ នៅ​ដើមឆ្នាំ​២០១១​ខាងមុខ។ យោងតាម​កិច្ចព្រមព្រៀង​នេះ ជប៉ុន និង​ឥណ្ឌា​​នឹង​​ចាប់​ផ្តើម​ធ្វើ​ការ​កាត់បន្ថយ​អត្រាពន្ធគយ​លើ​ទំនិញ​ ប្រមាណ​ជា ៩៤% ដើម្បី​ឈាន​ទៅ​លុបបំបាត់​របាំងពន្ធគយ​ទាំងស្រុង នៅ​ក្នុង​រយៈពេល ១០ឆ្នាំ​ខាងមុខ។ ការលុប​បំបាត់​​របាំង​ពន្ធគយនេះ នឹង​ជួយ​ឲ្យ​​ផលិត​ផល​របស់​ជប៉ុន ជាពិសេស គ្រឿងបន្លាស់​រថយន្ត អាច​​ចូល​ទៅ​ក្នុង​ទីផ្សារ​ឥណ្ឌា​បាន​កាន់តែ​ងាយស្រួល។ ចំណែក​​ថ្នាំពេទ្យ​របស់​ឥណ្ឌា​វិញ ក៏​អាច​​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ជប៉ុន​បាន​ងាយស្រួល​ផងដែរ។

កិច្ចព្រមព្រៀង​មួយ​ទៀត ដែល​ឥណ្ឌា​​ទន្ទឹង​ចង់​បាន​ពី​ជប៉ុន​ដែរនោះ គឺ​កិច្ចសហប្រតិបត្តិការ​ខាង​នុយក្លេអ៊ែរ​ស៊ីវិល។ ឥណ្ឌា​ ដែល​​កំពុង​មាន​តម្រូវការ​ខ្ពស់​ខាង​ថាមពល​អគ្គិសនីនោះ កំពុង​តែ​ស្វះស្វែង​ចង់​សាងសង់​រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ។ ជប៉ុន គឺ​ជា​ប្រទេស​​ ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ខាង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល​​នេះ។

កិច្ចចរចា​រវាង​ឥណ្ឌា និង​ជប៉ុន លើ​វិស័យ​នុយក្លេអ៊ែរ​នេះ បាន​ចាប់​បើក​ធ្វើ តាំង​ពី​ខែមិថុនា​មក​ម៉្លេះ ក៏ប៉ុន្តែ នៅតែ​មិនទាន់​​រក​បាន​​ការព្រមព្រៀង​ណាមួយ​នៅឡើយទេ។ នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ាន់ម៉ូហាន់ ស៊ីង នៅពេលនេះ ជប៉ុន និង​ឥណ្ឌា​​ក៏​ទំនង​ជា​មិន​អាច​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​នុយក្លេអ៊ែរ​ នេះ​បាន​នោះដែរ។ ឧបសគ្គ​សំខាន់ គឺ​​មក​ពី​មាន​ការ​ប្រឆាំង​​ពី​សំណាក់​ប្រជាជន​ជប៉ុន។

គួរ​បញ្ជាក់ថា ជប៉ុន គឺ​ជា​ប្រទេស​តែមួយ​គត់ ក្នុង​ប្រវត្តិសាស្រ្ត ដែល​ធ្លាប់​រងគ្រោះ​ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ។ រហូតមកទល់ពេលនេះ ​ប្រជាជន​​ជប៉ុន​ភាគច្រើន​លើសលុប​​មិនចង់​ឲ្យ​ជប៉ុន​ជាប់ប្រឡាក់​ដៃ​ក្នុង​ បញ្ហា​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​នេះ​ឡើយ។ ហេតុដូច្នេះ​ហើយ ​បាន​ជា​គេ​ប្រឆាំង​មិន​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​សហការ​ជាមួយ​ឥណ្ឌា ខាង​វិស័យ​នុយក្លេអ៊ែរ​នេះ ពីព្រោះ​ថា ឥណ្ឌា គឺ​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ផង ហើយ​ជា​ប្រទេស​ដែល​បដិសេធ​មិនព្រម​ចុះ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​ នុយក្លេអ៊ែរ​ផង។

ទោះជាយ៉ាងណាក៏ដោយ ការសហការ​ជាមួយ​ឥណ្ឌា ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល​នេះ អាច​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​ជប៉ុន។ នុយក្លេអ៊ែរ​ស៊ីវិល​នៅ​ឥណ្ឌា គឺ​ជា​ទីផ្សារ​ដ៏ធំ​មួយ (គិត​ជា​ទឹកប្រាក់​រាប់​ម៉ឺន​លាន​ដុល្លារ) ដែល​ប្រទេស​ជាច្រើន ដូចជា អាមេរិក បារាំង និង​កូរ៉េ​ខាងត្បូង ជាដើម កំពុង​តែ​ប្រកួតប្រជែង​គ្នា។

នៅ​ក្នុង​បរិបទ ដែល​ជប៉ុន និង​ចិន កំពុង​មាន​ជម្លោះ​ការទូត​ជាមួយ​គ្នា​ ឥណ្ឌា និង​ជប៉ុន​ក៏​កាន់តែ​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្នា​ថែម​ទៀត។ មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​នេះ​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ទប់ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ នៅ​ក្នុង​តំបន់ ទាំងផ្នែក​សេដ្ឋកិច្ច នយោបាយ និង​យោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ