កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 30 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 30 តុលា 2012

ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥​ត្រូវ​បាន​ពិភាក្សា

នាយករដ្ឋមន្រ្តី​កម្ពុជា នៅក្នុង​ឱកាសសិក្ខាសាលា​ស្តីពីកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅថ្ងៃ​ទី ៣០ តុលា ២០១២
នាយករដ្ឋមន្រ្តី​កម្ពុជា នៅក្នុង​ឱកាសសិក្ខាសាលា​ស្តីពីកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅថ្ងៃ​ទី ៣០ តុលា ២០១២
©RFI/ siv channa

ដោយ លី ម៉េងហួរ

ចក្ខុវិស័យ​នៃ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥ ជា​ប្រធានបទ​នៃ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ ចាប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ៣០ តុលា ក្នុង​ទីក្រុង​ភ្នំពេញ។ តាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន រួមមាន​បញ្ហា​សំខាន់ៗ ដូចជា ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម សន្តិសុខ​ថាមពល បរិស្ថាន ពាណិជ្ជកម្ម វិនិយោគ និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពីទីក្រុង​ភ្នំពេញ
 

30/10/2012 by លី ម៉េងហួរ

ក្នុងពេល​បើក​កិច្ចប្រជុំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា "​ជោគជ័យ​នៃ​ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥ នឹង​ប្រែក្លាយ​អាស៊ាន ឲ្យទៅ​ជា​ទីផ្សារ​សកលមួយ ដែល​មាន​មូលដ្ឋាន​ផលិតកម្ម​រឹងមាំ មាន​លំហូរ​ដោយ​សេរី​នៃ​ទំនិញ សេវា​ ការវិនិយោគ ពលករ​ជំនាញ និង​ទុន​វិនិយោគ។
 
ដើម្បី​សម្រេច​ឲ្យបាន​នូវ​ការកសាង​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី លើក​ឡើងថា ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន នឹង​ជួប​ប្រជុំ​គ្នា ក្នុង​ពេល​ឆាប់ៗ​នេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ នៅ​ខែ​វិច្ឆិកា ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​បញ្ហា សំខាន់ៗ ដូចជា ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ សន្តិសុខ​ថាមពល​បរិស្ថាន ​ពាណិជ្ជកម្ម ​វិនិយោគ និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។
 
ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹកមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​អាស៊ាន បាន​រំលេចឡើង​នូវ​កំណើន​សេដ្ឋកិច្ច​អាស៊ាន ដែល​ស្ថិត​ក្នុង​កម្រិត​ជា​វិជ្ជមាន ដើម្បី​ឆ្ពោះ​ទៅ​ដល់​គោលដៅ បង្កើត​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥។ នោះ​គឺ សព្វថ្ងៃ អាស៊ាន មាន​កំណើន​ផលិតផល​សរុប ចន្លោះ​ពី ៥,២% ទៅ ៥,៩% ដែល​ជា​កំណើន​មួយ មាន​លក្ខណៈ​ល្អប្រសើរ ក្នុង​កម្រិត​អន្តរជាតិ។ ការវិនិយោគ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន បាន​កើនឡើង ២៣% ក្នុង​ឆ្នាំ​២០១១ ដែល​គិត​ជា​ទឹកប្រាក់ មាន​ចំនួន ១៧,៥ ពាន់​លាន​ដុល្លារ ស្មើនឹង ១៩,៧% នៃ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប មក​កាន់​តំបន់​អាស៊ាន។
 
ប្រការនេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា "អាស៊ាន​នៅ​តែ​ជា​តំបន់​មួយ​របស់​ពិភពលោក ដែល​មាន​ទាក់ទាញ ចំពោះ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស"។
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែមថា "​ពាណិជ្ជកម្ម​ទំនិញ​របស់​អាស៊ាន បាន​កើនឡើង ១៦,៨% នៅក្នុង​ឆ្នាំ​២០១១ ពោល​គឺ​កើនឡើង​ពី ២,០៥ លាន-លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១០ ទៅ ២,៣៩ លាន-លាន​ដុល្លារ ទោះបីជា​សកម្មភាព​ពាណិជ្ជ​កម្ម​ពិភពលោក មាន​ការធ្លាក់ចុះ​ក៏​ដោយ។ សកម្មភាព​ពាណិជ្ជ​រវាង​សមាជិក​អាស៊ាន មាន​ភាពរឹងមាំ​ក្នុង​ឆ្នាំ​២០១១ ដោយ​បាន​បង្កើន​ទំហំ​ទឹកប្រាក់​ឡើងដល់ ៥៨៩ ពាន់​លាន​ដុល្លារ"។
 
យ៉ាងណាក៏ដោយ ក្នុង​បុព្វហេតុ​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​នៃ​ការកសាង​សហគមន៍​អាស៊ាន ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី គូសបញ្ជាក់ថា អាស៊ាន​ចាំបាច់​ត្រូវ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដោយ​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ឧបសគ្គ​នានា ជា​ពិសេស​ការអនុវត្ត “យន្តការ​ច្រកចេញ-ចូល​តែ​មួយ សម្រាប់​អាស៊ាន” ការសម្រួល​ពាណិជ្ជកម្ម ការលុបបំបាត់​នូវ​របាំង​ពន្ធគយ និង​វិធានការ​មួយចំនួនទៀត ដែល​បាន​កំណត់​នៅ​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន៕

tags: កម្ពុជា - សេដ្ឋកិច្ច - អាស៊ាន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close