កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 18 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 18 តុលា 2012

លោក​ហ៊ុន សែន​សន្យា​ប្រាប់​វិញ្ញាណក្ខន្ធ​សម្តេចឪ​ថា​នឹង​ការពារ​រាជានិយម

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅចំពោះ​មុខ​ព្រះបរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ នៅ​ទីក្រុងប៉េកាំង ថ្ងៃទី១៧ តុលា ២០១២
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅចំពោះ​មុខ​ព្រះបរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ នៅ​ទីក្រុងប៉េកាំង ថ្ងៃទី១៧ តុលា ២០១២
REUTERS/Xinhua/Li Xueren

ដោយ លាង ដឺលុច

មុន​នឹង​ព្រះបរមសព​សម្តេចឪ នរោត្តម សីហនុ ​ត្រូវ​យាង​ពី​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង​មក​កម្ពុជា លោកនាយករដ្ឋមន្ត្រី​​ហ៊ុន សែន បាន​អុជធូប​សន្យា​នៅ​ចំពោះមុខ​ព្រះបរម​សព​សម្តេចឪ​ថា លោក​នឹង​ការពារ​រាជានិយម និង​រាជបល្ល័ង្ក។ សេចក្តីថ្លែង​ដែល​មាន​លាយឡំ​នឹង​ការ​យំសោក​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ។

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ
 

18/10/2012

គឺ​នៅ​នាទី​ចុងក្រោយ​នៃ​ការ​ឃើញ​ព្រះភក្រ្ត​សម្តេចឪ មុន​នឹង​កង​យោធា​កិត្តិយសចិន​លើក​ព្រះបរមសព​សម្តេច​ឪ​ដាក់​ចូល​ក្នុង​ព្រះមឈូស ដែល​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ លោក​ហ៊ុន សែន​ បាន​ថ្លែង​ពាក្យ​សន្យា​ដ៏​មាន​ន័យ​នេះ។ ដៃ​កាន់​ធូប​លើក​ប្រណម​ឡើង នៅ​ចុង​ជើង​ព្រះបរម​សព លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​​ ដែល​សម្តេចឪ​បាន​ចាត់​ទុក​ជា​កូន​ធម៌​របស់​ព្រះអង្គនោះ បាន​និយាយ​ឮៗ ចំពោះ​ព្រះបរម​សព​សម្តេច​ឪ​យ៉ាងដូច្នេះថា៖ «ទូលបង្គំនឹង​ការពារ​​ព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារ​សម្តេចម៉ែ ការ​ពារ​ព្រះ​មហាក្សត្រ។ សូមព្រះអង្គ​កុំ​ព្រួយ​ព្រះទ័យ។ សូមព្រះអង្គយាងទៅកាន់សុគតិភព”។

បើយោងតាម​ឯកសារ​វីដេអូ​ដែល​ចាក់ផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា ការ​សន្យា ​ដែល​បន្លឺ​ឡើង​ជាមួយ​ការ​យំ​សោក​របស់​លោក​នាយករដ្ឋមន្ត្រី​ បាន​ធ្វើ​ឡើង​នៅ​ចំពោះ​ព្រះភក្ត្រ​សម្តេចម៉ែ និង​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​ ដែល​កំពុង​ឈរ​កាន់ព្រះហស្ថគ្នា​យ៉ាង​ស្អិត។ នៅ​ក្បែរ​នោះ ​ក៏មាន​វត្តមាន​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​ផងដែរ។
 
ការ​ថ្លែង​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ​មិន​បាន​ធ្វើអោយ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​ភ្ញាក់ផ្អើល​ឡើយ។ ព្រះអង្គម្ចាស់​ធម្មិកោ ​ដែល​ជា​ក្មួយផង និង​ជា​ព្រះរាជលេខា​ផ្ទាល់​របស់​សម្តេចតាផង បាន​មាន​បន្ទូល​អោយដឹងថា នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​លោក​នាយករដ្ឋមន្ត្រី​​មាន​ប្រសាសន៍​យ៉ាងដូច្នេះ ហើយថា​ សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​កន្លងមក​ក៏​បាន​ស្តែងអោយ​ឃើញ​ពី​ការ​សន្យា​នេះ​ដែរ។ ព្រះអង្គម្ចាស់ធម្មិកោ​មាន​បន្ទូល​ថា ព្រះអង្គ​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ ពីព្រោះ​ព្រះអង្គ​យល់ច្បាស់​ថា ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី​ គឺ​ជា​ការ​សន្យា​ចេញពី​ទឹកចិត្ត​របស់​លោក​ពិតប្រាកដ​ជា​អ្នក​រាជានិយម។
 
គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​បាន​ចាត់តាំង​ទេសរដ្ឋមន្ត្រី​ចិន​​​គឺ​លោក​ Dai Bingguo និង​មន្ត្រី​មួយ​ចំនួន​ទៀត ​ដើម្បី​ចូលរួម​ដង្ហែ​ព្រះបរម​សព​សម្តេច​ឪ​ ពីរដ្ឋធានី​ប៉េកាំង​មក​ប្រទេស​កម្ពុជា។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ Dai Bingguo បាន​ជួប​សវនាការ​ពិភាក្សា​ការងារ​ អំពី​ចំណង​ទ្វេភាគី​ រវាងកម្ពុជា​និង​ចិន​ ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ហោ ណាំហុង​ ផងដែរ។ ក្រោយ​ពី​ជួ​ប​ជាមួយ​លោកទេស​រដ្ឋមន្ត្រី​ចិន លោកហោ ណាំហុង​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មានថា ថ្វីដ្បិតតែ​សម្តេចឪ​បាន​សោយ​ទិវង្គត​មែន ប៉ុន្តែ​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរលង់​នៃ​ប្រទេស​ទាំងពីរ​ ចិន​-កម្ពុជា នៅតែ​បន្ត​ពង្រឹង និង​ពង្រីក​ថែមទៀត​ជា​រៀងរាល់ថ្ងៃ។ លោក​បន្ត​ថា ប្រទេស​ចិន​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការជួយ​កម្ពុជា​ជានិច្ច​ នៅពេលណា​ដែល​កម្ពុជា​ត្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម៕

tags: កម្ពុជា - នរោត្តម សីហនុ - នរោត្តម សីហមុនី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close